
ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជាគ្រោងនឹងធ្វើមហាសន្និបាតវិសាមញ្ញរយៈពេល ២ ថ្ងៃនៅចុងសប្ដាហ៍នេះ ដើម្បីជជែករៀបចំក្របខ័ណ្ឌគោលនយោបាយ ២០២៣-២០២៨ ដែលមានការចូលរួមពីតំណាងថ្នាក់មូលដ្ឋានរាប់ពាន់នាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ កាលពីថ្ងៃទី ២៦ ខែមករាថា គណបក្សប្រជាជនកម្ពុជា គ្រោងនឹងធ្វើមហាសន្និបាតវិសាមញ្ញរបស់ខ្លួនរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៨ និងថ្ងៃទី ២៩ ខែមករានេះ ដើម្បីជជែករៀបចំក្របខ័ណ្ឌគោលនយោបាយ ២០២៣-២០២៨។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា៖ «មហាសន្និបាតតំណាងទូទាំងប្រទេសរយៈពេល ២ ថ្ងៃ ដើម្បីជជែករៀបចំក្របខ័ណ្ឌគោលនយោបាយ ២០២៣-២០២៨។ មិនមែនអនុម័តដោយមនុស្សម្នាក់ ២ នាក់ ឬមនុស្សបួន ដប់នាក់នោះទេ។ នេះអញ្ជើញតាំងពីថ្នាក់ស្រុកមកធ្វើការជួបប្រជុំ ផ្ដល់មតិទៅលើទិសដៅ ដែលត្រូវប្រកាន់យកក្នុងរយៈពេល ៥ ឆ្នាំទៅមុខ ហើយត្រូវប្រើទៅដល់មហាសន្និបាតតំណាងទូទាំងប្រទេសវិសាមញ្ញទៅទៀត»។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា ការរៀបចំក្របខ័ណ្ឌគោលនយោបាយ ២០២៣-២០២៨ មិនមែនត្រូវបានកំណត់ដោយតែខ្លួនលោកផ្ទាល់ម្នាក់ឯង ឬត្រឹមតែសមាជិកអចិន្ត្រៃយ៍ប៉ុន្មាននាក់ ឬគណៈកម្មាធិការកណ្ដាលនោះទេ ប៉ុន្តែនេះជាការប្រមូលផ្ដុំបញ្ញាញាណមនុស្សរាប់ពាន់នាក់ ដែលតំណាងមកតាំងពីថ្នាក់ស្រុក ដើម្បីមកចូលរួមផ្ដល់នូវយោបល់សម្រាប់កម្មវិធីនយោបាយ រយៈពេល ៥ ឆ្នាំទៅមុខ លើមូលដ្ឋានដែលមានរួចហើយ និងដែលត្រូវកែសម្រួល។
លោកនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា៖ «ក្នុងនោះ បញ្ហាមនុស្ស ក្លាយទៅជាបញ្ហាសំខាន់ជាងគេ ដូចដែលខ្ញុំធ្លាប់និយាយហើយថា ថវិកាឆ្នាំ ២០២៣ គឺជាថវិកាបម្រើឱ្យមនុស្ស។ការដំឡើងបៀវត្ស ការធ្វើអន្ដរាគមន៍ជួយចំពោះអ្នកក្រីក្រដែលជួបបញ្ហាកូវីដ ដែលជួបជាមួយនឹងបញ្ហាអតិផរណា»។
រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២៤ ខែមករា ក៏បានសេចក្តីជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នក្នុងអំឡុងពេល ប្រារព្ធធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានេះផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងថា នៅថ្ងៃទី ២៨ និងថ្ងៃទី ២៩ ខែមករា ២០២៣ វេលាម៉ោង ៧:០០ នាទីព្រឹក គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជានឹងរៀបចំប្រារព្ធធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានៅវិមាន ៧ មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀស ចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) នៅថ្ងៃទី ២៨ និងថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៥:០០ នាទី រហូតដល់បញ្ចប់កម្មវិធី៕