
អ្នកពាក់ព័ន្ធនៅក្នុងសិក្ខាសាលា នៅខេត្តកែបកាលពីថ្ងៃទី ២៦ មករា។ រូបថត កបប
កែបៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង (ក.ប.ប) សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) កាលពីថ្ងៃទី ២៦ ខែមករា បានធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅខេត្តកែប។
សិក្ខាសាលានេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប លោកហ៊ួរ មិថុនា អភិបាលរងខេត្តកែប និងលោកស្រី សេង ដាលីន ទីប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យឯកជន នៃទីភ្នាក់ងារ GIZ។
ក្រៅពីនេះក៏មានការចូលរួមពីអាជីវករ សមាជិកសភាពាណិជ្ជកម្មខេត្តកំពត-កែប សភាពាណិជ្ជកម្មខេត្តកណ្តាល សភាពាណិជ្ជកម្មខេត្តតាកែវ អង្គភាពមន្ទីរជុំវិញខេត្តកែប ស្ថាប័នអយ្យការខេត្តកែប និងមន្ត្រីសាខា ក.ប.ប រាជធានី-ខេត្ត ដែលរួមមានខេត្តកែប ខេត្តកំពត ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញសរុបប្រមាណ ១៥០ នាក់។
សិក្ខាសាលានេះនឹងដើរតួជាវេទិកា ១ ក្នុងការផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ភាគីពាក់ព័ន្ធ រួមមានធុរជន អ្នកប្រើប្រាស់ និងមន្ត្រីអនុវត្តច្បាប់ឱ្យបានទូលំទូលាយអំពីការអនុវត្ត និងអត្ថប្រយោជន៍នៃច្បាប់ទាំង ៣ ជាពិសេសអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវាដែលរាជរដ្ឋាភិបាលទើបអនុម័តនាពេលថ្មីៗនេះ ក្នុងការជំរុញឱ្យមានការប្រកួតប្រជែងក្នុងពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយសមធម៌ ព្រមទាំងការធ្វើធុរកិច្ចដោយស្មោះត្រង់និងសុចរិត ការពារផលប្រយោជន៍និងសុខុមាលភាពរបស់អ្នកប្រើប្រាស់ ព្រមទាំងបង្ហាញពីបទល្មើសនិងទោសទណ្ឌក្រោមបទប្បញ្ញត្តិ ដល់អ្នកចូលរួមផងដែរ។
បើតាម កបប សិក្ខាសាលានេះ គឺជាសិក្ខាសាលាលើកទី១ ក្នុងឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា ហើយគ្រោងនឹងរៀបចំឡើងចំនួន ៥ លើក បន្ថែមទៀតនៅទូទាំងប្រទេស តាមចង្កោមរាជធានី-ខេត្ត៕