សៀមរាបៈ ស្ពាន​ហាល​ប្រាសាទអង្គរវត្ត ដំណាក់កាល​ទី២ បាន​ដំណើរការ​ជួសជុល​សម្រេច​លទ្ធផល​បាន​ប្រមាណ ៩០ ភាគរយ​ចាប់តាំង​ពី​ឆ្នាំ ២០១៦ មកដល់​ខែ​មករា ឆ្នាំ ២០២៣ នេះ ហើយ​ក្រុម​ការងារ​អាច​នឹង​បញ្ចប់​ការងារ​ជួសជុល​យ៉ាងហោច​ណាស់​ក៏ ១ ឆ្នាំ​ទៀត​ដែរ​។ នេះ​បើ​យោងតាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប:។

​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​កិច្ចសហការ​ណ៍​ជាមួយ​សាកល​វិទ្យាល័យ​សូហ្វីយ៉ា ប្រទេស​ជប៉ុន​កំពុងតែ​អនុវត្ត​គម្រោង​ជួសជុល​ដំណាក់កាល​ទី២ ស្ពាន​ហាល​ខាងមុខ​ប្រាសាទ​អង្គរវត្ត ដើម្បី​លើក​តម្លៃ រក្សា​ទម្រង់​ដើម​របស់​សំណង់​បុរាណ​មួយ​នេះ ឱ្យមាន​សភាព​រឹងមាំ​ឡើងវិញ។​

​ក្រសួង​បានឱ្យដឹងថា គម្រោង​ជួសជុល​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​ក្នុងដំណាក់កាល​ទី២ នេះ​សរុប​មាន​ប្រវែង​ជិត ១០០ ម៉ែត្រ​។ ដំណាក់កាល​ទី១ បាន​ជួសជុល​ប្រវែង ១០០ ម៉ែត្រ​រួច​មកហើយ​នៅ​ផ្នែក​ខាងកើត ខណៈដែល​ការងារ​ជួសជុល​នៅ​ផ្នែក​ខាងលិច​ក៏ជិត​រួចរាល់​ជាស្ថាពរ។

​ចាប់តាំងពី​ឆ្នាំ ១៩៨៩ មក សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ប្រទេស​ជប៉ុន បាន​ចូលរួម​ចំណែក​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​សកម្មភាព​ជាច្រើន​ជួយ​ដល់​រមណីយដ្ឋាន​អង្គរ ទាក់ទង​នឹងការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែក​បុរាណវិទ្យា និង​ផ្នែក​ស្ថាបត្យកម្ម ការធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ប្រាសាទ​បន្ទាយក្តី កម្មវិធី​អប់រំ​បេតិកភណ្ឌ​ដល់​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​រស់នៅ​ជុំវិញ​តំបន់​អង្គរ ការផ្តួចផ្តើម​បង្កើត​សារមន្ទីរ​ព្រះនរោត្តម​សីហនុ​អង្គរ​ជាដើម៕