
រដ្ឋបាលខេត្តកណ្តាល ជំរុញបណ្តាក្រុង-ស្រុក ចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យអស់ត្រឹមឆ្នាំនេះ។ រូបថត រដ្ឋបាលខេត្តកណ្តាល
រដ្ឋបាលខេត្តកណ្តាល បានជំរុញឱ្យបណ្តាក្រុង-ស្រុកក្នុងខេត្តកណ្តាល ធ្វើយ៉ាងណាពន្លឿនសកម្មភាពការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យអស់ និងចប់សព្វគ្រប់ត្រឹមឆ្នាំ២០២៣នេះ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់រាជរដ្ឋាភិបាលក្នុងការចុះបញ្ជីដីធ្លីនេះ។
ការជំរុញនេះ បានធ្វើឡើងនៅក្នុងវគ្គបំប៉នស្តីពីការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមចុះបញ្ជីដីធ្លីមកពីបណ្តាក្រុង-ស្រុកទាំង១១ក្នុងខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែមករា។
លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានចាត់ទុកថា វគ្គបំប៉នស្តីពីការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្ត ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ពន្លឿនដល់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធនិងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋតាមផែនការដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៣ ដោយត្រូវជំរុញអនុវត្តឱ្យបាន ១៦ម៉ឺនក្បាលដី និងឈានដល់ការចេញបណ្ណឱ្យចប់សព្វគ្រប់ក្នុងខេត្តកណ្តាលនាពេលឆាប់ៗខាងមុខនេះ។
លោកបានបញ្ជាក់ថា៖«វគ្គបណ្តុះបណ្ដាល គឺទទួលបានការផ្តល់គ្រូឧទ្ទេសដែលមានសមត្ថភាពខ្ពស់ និងមានបទពិសោធន៍ល្អៗពីក្រសួងរៀបចំដែនដី ដើម្បីចែករំលែកជូនដល់សិក្ខាកាមមកបណ្តាក្រុង-ស្រុកទាំង១១ក្នុងខេត្តកណ្តាលទាំងអស់ សំដៅពន្លឿនចុះបញ្ជីដីធ្លីនៅក្នុងខេត្តកណ្តាល ឱ្យចប់តាមផែនការដែលបានដាក់ចេញនាពេលកន្លងមក»។
ទន្ទឹមគ្នានេះ អភិបាលរងខេត្តរូបនេះ ក៏បានជំរុញដល់ក្រុមចុះបញ្ជីដីធ្លីមកពីបណ្តាក្រុង-ស្រុកទាំង១១ក្នុងខេត្តកណ្តាល ត្រូវបន្តខិតខំអនុវត្តការងារ និងផ្តល់ការសហការគ្នាឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីវាស់វែងចេញបណ្ណជូនប្រជាពលរដ្ឋឱ្យបានកាន់តែមានគុណភាព ពិសេសបណ្ណដែលនៅសេសសល់ ត្រូវពន្លឿនដើម្បីចែកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដើម្បីអាចឱ្យពួកគាត់អាចប្រើប្រាស់សម្រាប់ផលប្រយោជន៍នានា។
ជាមួយគ្នានេះដែរ លោក វុឌ្ឍី វណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ បានឱ្យដឹងដែរថា វគ្គបំប៉នរយៈពេល១ថ្ងៃនេះ គឺផ្តោតលើ ក្រុមសីលធម៌វិជ្ជាជីវៈ និងការរៀបចំផែនការ លក្ខណៈទូទៅ នៃការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ។ យ៉ាងណាមិញ តាមរយៈវគ្គនេះ លោកសង្ឃឹមថា សិក្ខាកាមទាំងអស់ទទួលយកនូវចំណេះដឹងថ្មីៗ រួមជាមួយនឹងបទពិសោធន៍ល្អៗ ដើម្បីពង្រឹងសមត្ថភាពជំនាញក្នុងការអនុវត្តជាក់ស្ដែងទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងមុន។
បើតាមមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា គិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកបណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១៨៤ លើកស្មើ នឹង២៦០ ៧៤៥បណ្ណ ខណៈតាមផែនការដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៣ ខេត្តកណ្តាលនឹងជំរុញអនុវត្តការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបាន ១៦០០០០ក្បាលដី។
សូមរំឮកដែរថា ថ្លែងក្នុងពេលបិទសន្និបាតរបស់ក្រសួងរៀបចំដែនដីកាលចុងខែធ្នូ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានសម្រេច១០០ភាគរយ នៅឆ្នាំ២០២៣ ដោយមិនត្រូវពន្យារពេលទៀតទេ។ កាលណោះ លោកថា ពាក់ព័ន្ធការងារចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋនេះ នៅសល់មិនច្រើនទៀតនោះទេ ប៉ុន្ដែមន្ដ្រីជំនាញហាក់ពន្យារពេលទាំងការចុះបញ្ជីជាប្រព័ន្ធ និងដាច់ដោយដុំ ដូច្នេះ ទាល់តែមានការជំរុញបន្ថែម ទើបការងារនេះមានសន្ទុះទៅមុខលឿន។
ការពន្លឿននេះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា ការចុះបញ្ជីក្បាលដីនេះ គឺជារឿងចាំបាច់សម្រាប់ប្រជាពលរដ្ឋ ពោលជាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដើម្បីជៀសវាងនូវការកើតឡើងបញ្ហាផ្សេងៗជាយថាហេតុ ខណៈលោក ក៏បានណែនាំបន្ថែមដល់អភិបាលខេត្តទាំងអស់ ត្រូវមើលកិច្ចការងារនេះឱ្យបានល្អ ដោះស្រាយបញ្ហាទាក់ទងដីរដ្ឋ ដីសហគមន៍ ដីប្រជាពលរដ្ឋ ដែលមិនទាន់បានចុះបញ្ជីផងដែរ។
យោងតាមរបាយការណ៍របស់ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បានឱ្យដឹងថា គិតតាំងពីចាប់ផ្តើមអនុវត្តរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរបានចេញបណ្ណកម្មសិទ្ធិ ដីធ្លីដល់ពលរដ្ឋទូទាំងប្រទេសបានចំនួន៦,៧៣០,៧៥២ បណ្ណ ស្មើនឹង៩៦,២ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង៧លានក្បាលដី។
យ៉ាងណាមិញ រដ្ឋបាលខេត្តកណ្តាល បានអះអាងថា ការផ្តល់វគ្គបំប៉នស្តីពីការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមចុះបញ្ជីដីធ្លីមកពីបណ្តាក្រុង-ស្រុកទាំង១១ក្នុងខេត្តកណ្តាលនាពេលនេះ គឺរួមចំណែកឆ្លើយតបនឹងការជំរុញរបស់រដ្ឋាភិបាល ដើម្បីធ្វើឱ្យបញ្ចប់ការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានសម្រេច១០០ភាគរយ នៅឆ្នាំ២០២៣នេះផងដែរ៕