យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី២ នឹង​ចាប់ផ្តើម​នៅ​ខែមីនា ឆ្នាំ ២០២៣ ខាងមុខ​នេះ ដើម្បី​ជំរុញ​បន្ត​ឱ្យ​ប្រជាពលរដ្ឋ និង​អ្នកជួញដូរ ចូលរួម​ការពារ​សត្វ​ព្រៃ​ដែល​នៅ​សេសសល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យបាន​គង់វង្ស។​

​បើតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បាន​ឱ្យដឹង​ថា ការបន្ត​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី២ គឺ​ដោយសារ​យុទ្ធនាការ​ដំណាក់កាល​ទី​១ បា​នបង្ហាញ​អំពីភាព​ជោគជ័យ​របស់​យុទ្ធនាការ​អន្ទាក់​សូន្យ ដែល​មាន​ផលវិជ្ជមាន​ច្រើន រួមមាន ធ្វើឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ច្រើន​អំពី​ផល​នៃ​ការដាក់​អន្ទាក់ ដែល​វា​ប៉ះពាល់​ទៅលើ​ជីវៈចម្រុះ ជាពិសេស​សត្វព្រៃ​។ មួយវិញ​ទៀត ធ្វើឱ្យ​អ្នក​ដាក់​អន្ទាក់ អ្នក​ជួញដូរ និង​អ្នក​បរិភោគ​សត្វព្រៃ មានការ​យល់ដឹង​ទូលំទូលាយ​ពី​សារៈប្រយោជន៍​នៃ​សត្វព្រៃ និង​ឱ្យ​ពួកគាត់​បញ្ឈប់​ជាបន្ទាន់​ក្នុងការ​បរិភោគ និងការ​ជួញដូរ​ជាដើម។​

​ក្រៅពីនេះទៀត ក្រោយ​បញ្ចប់​ដោយ​ជោគជ័យ​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី១ ក្នុង​ខេត្ត​ចំនួន ៦ នៅ​ឆ្នាំ ២០២២ មក លោក​ថា ក្រសួង​បរិស្ថាន​នឹង​ដឹកនាំ​ធ្វើ​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅ​ខេត្ត ៦ ទៀត រួមមាន​ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង-ប៉ៃលិន និង​ខេត្ត​សៀមរាប​។ ហើយ​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី ២ នឹង​ចាប់ផ្តើម​ឡើង​នៅ​ខែ​មីនា ឆ្នាំ ២០២៣ ខាងមុខ​នេះ។​

​លោក នេ​ត ភក្ត្រា ថា​៖ «​អ៊ីចឹង​យើង​ត្រូវ​បង្កើន​នូវ​ការផ្សព្វផ្សាយ​បន្ថែម​ទៀត​ក្នុង​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី២ ខាងមុខ​នេះ ដើម្បី​ពង្រីក​នៃ​ចំណេះដឹង និងការ​ផ្លាស់ប្តូរ​ឥរិយាបថ​ប្រជាពលរដ្ឋ​ជុំវិញ​ការជួញដូរ​សត្វព្រៃ និង​ការដាក់​អន្ទាក់»។

​ក្រោយ​បញ្ចប់​ដោយ​ជោគជ័យ​យុទ្ធនាការ​អន្ទាក់​សូន្យ​ក្នុង ៦ ខេត្ត​នៅ​ឆ្នាំ ២០២២ លោក​ថា ក្រសួង​បរិស្ថាន​នឹង​ដឹកនាំ​ធ្វើ​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅ​ខេត្ត ៦ ទៀត រួមមាន​ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង-ប៉ៃលិន និង​ខេត្ត​សៀមរាប​។ ហើយ​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី២ នឹង​ចាប់ផ្តើម​ឡើង​នៅ​ខែ​មីនា ឆ្នាំ ២០២៣ ខាងមុខ​នេះ។​

​នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ WWF គឺ​លោក សេង ទៀក បាន​ប្រាប់ថា មូល​ហេតុដែល​បន្តធ្វើ​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី២ ដែល​នឹង​ចាប់ផ្តើម​នា​ខែមីនា​ខាងមុខ​នេះ ដោយសារ​យុទ្ធនាការ​ដំណាក់កាល​ទី១ ដែល​បាន​អនុវត្ត​ជាលើក​ដំបូង​កន្លង​មកនេះ បាន​បង្ហាញ​ថា​មាន​ផលប៉ះពាល់​ជាច្រើន​ក្នុង​ដំណាល់កាល​ទី១ នេះ​។

លោក​បន្តថា ក្នុងនោះ​មាន​មូលហេតុ​ចម្បង​មាន ៤ ចំណុច​សំខាន់ៗ ដែល​ឱ្យ​ស្ថាប័នរដ្ឋ និង​អង្គការ​ដៃគូ​ធ្វើការ​សហការ និង​បន្ត​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី ២ នេះ​បន្តទៀត រួមមាន ចំណុច​ទី ១ គឺ​ដោយ​ផ្អែក​តាម​ប្រជាពលរដ្ឋ​ជាង ៣ លាននាក់ ដែល​ទទួល​បាន​សារៈសំខាន់ៗ​ចេញពី​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី១ ហើយ​សារៈសំខាន់ៗ​មួយចំនួន​នោះ មាន​ដូចជា សារៈសំខាន់​សត្វព្រៃ ស្ថានភាព​សត្វព្រៃ និង​បញ្ហា​ប្រឈម​របស់​សត្វព្រៃ​នៅក្នុង​ប្រទេស​កម្ពុជា។ ជាពិសេស​វិបត្តិ​អន្ទាក់ ដែលជា​ឃាតករ​លាក់​មុខ​នៅក្នុង​ព្រៃ និង​សារ​មួយចំនួន ដែល​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ចូលរួម​អភិរក្ស​សត្វព្រៃ​ជាដើម។​

​ចំណុច​ទី២ លោក​ថា គឺ​តាមរយៈ​បណ្ដាញ​សង្គម ដែល​ចេញពី​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​១ មាន​ប្រជាពលរដ្ឋ​ជាច្រើន​ស្នើឱ្យ​មានការ​បន្ត​ការអប់រំ ផ្សព្វផ្សាយ និង​អនុវត្ត​ច្បាប់ ដើម្បី​ផ្លាស់ប្ដូរ​ឥរិយាបថ​បញ្ឈប់​ការបរិភោគ​សត្វព្រៃ​។ ចំណុច​ទី ៣ គឺ​យោងតាម​ការប្រមូល​របាយការណ៍​នៅ​ក្នុង​ខេត្ត​ទាំង ៦ ដែល​ចេញពី​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី១ បានធ្វើ​កន្លងមក ឃើញថា​ចំនួន​អន្ទាក់​ត្រូវបាន​ថយចុះ​នៅសល់ ៣៥១៩៣ អន្ទាក់ បើ​ធៀប​ជាមួយ​ទិន្នន័យ​មូលដ្ឋាន​ដែល​មិនទាន់​ធ្វើ​យុទ្ធនាការ មាន​ចំនួន ៦១១៦១ អន្ទាក់ និង​ចំណុច​ទី ៤ គឺ​ដោយ​ពិនិត្យ​ឃើញ​ការអនុវត្ត​ច្បាប់​មិនទាន់​តឹងរ៉ឹង ដូចជា​នៅ​កន្លែង​លក់​សត្វព្រៃ មាន​បើកចំហ​ជាដើម។​

​លោក​ថា៖ «​ដូច្នេះ​ឈរលើ​មូលដ្ឋាន​ទាំង ៤ ហ្នឹង ដែលជា​ផលប៉ះពាល់​វិជ្ជមាន ទើប​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី២ នេះ យើង​គិតថា​គួរតែ​ត្រូវបាន​បន្ត និង​អនុវត្ត​ទៅលើ​ខេត្ត​ដែល​នៅ​សេសសល់​នៅក្នុង​ប្រទេស​កម្ពុជា​យើង​។ ជាពិសេស​នៅ​ក្នុង​ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​សៀមរាប​ជាដើម»។

​លោក​បន្តថា ខេត្ត​ទាំងនោះ កាលពី​យុទ្ធនាការ​ដំណាក់កាល​ទី១ មិនទាន់​បាន​គ្របដណ្ដប់​ឡើយ ដូច្នេះ​ក្នុង​ដំណាក់កាលទី២ នេះ ក្រសួង​បរិស្ថាន និង​អង្គការ​ដៃគូ​ទាំងអស់ បាន​ចូល​រួមគ្នា​សហការគ្នា​ធ្វើ​យុទ្ធនាការ​ដំណាក់កាល​កាលទី២ នេះ​ឡើង។

​លោក​បន្ថែមថា យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី២ នេះ នឹង​បន្ត​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​សត្វព្រៃ​ឱ្យបាន​គង់វង្ស​បន្តទៀត និង​ផ្ដល់​សំខាន់​ទៅកាន់​អ្នក​ដាក់​អន្ទាក់ អ្នកជួញដូរ ជាពិសេស​អ្នក​ដែល​ចូលចិត្ត​បរិភោគ​សត្វព្រៃ គួរតែ​បញ្ឈប់​ជាបន្ទាន់​ផងដែរ។​

​សូមជម្រាបថា ការរៀបចំ​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី២ នឹង​មានការ​ចូលរួម​ពី​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​ចំណុះ​ក្រសួង​បរិស្ថាន តំណាង​អង្គការ​ដៃគូ​រួមមាន​អង្គការ មូលនិធិ​សកល​សម្រាប់​ធម្មជាតិ (WWF ) អង្គការ​សម្ព័ន្ធ​សត្វព្រៃ (Wildlife Alliance) អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (NatureLife) អង្គការ​អភិរក្ស​អន្តរជាតិ (CI) គម្រោង​មរតក​បៃតង​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍ​អន្តរជាតិ (USAID Morodok Baitang) គម្រោង​អនាគត​បៃតង​កម្ពុជា (USAID Cambodia Green Future) អង្គការ Fauna & Flora International (FFI) អង្គការ Wild Earth Allies និង​អង្គការ​មូនិធិ MJP៕