ភ្នំពេញៈ អង្គការ​មូលនិធិ​កុមារ​របស់​អង្គការសហប្រជាជាតិ​​ UNICEF​ និង​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ប្តេជ្ញាចិត្ត​រួមគ្នា​ជាថ្មី​ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ «​ជិតស្និទ្ធ​» ​ហើយ​អង្គការ UNICEF ​ក៏បាន​សន្យា​បន្ត​ផ្តល់​ការគាំទ្រ និង​ជំនួយ​របស់ខ្លួន​ដល់​កម្ពុ​ជាពិសេស​សំដៅលើ​កុមារ​។​

​ការប្តេជ្ញាចិត្ត​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក វី​ល ផាក​ស៍ (Will Parks)​ តំណាង​តែងតាំង​ថ្មី​នៃ​អង្គការ UNICEF​ប្រចាំ​កម្ពុជា ក្នុងឱកាស​ប្រគល់​សារតាំង​ជូន លោក អ៊ុច បូរ​រិ​ទ្ធ ពីថ្ងៃ​ទី​ ២៤ មករា នៅ​ទីស្តីការក្រសួង​។​

​ក្នុងជំនួប​នោះ លោក អ៊ុច បូរ​រិ​ទ្ធ បាន​ថ្លែងអំណរគុណ​ចំពោះ​គម្រោង​អង្គការ UNICEF លើ​វិស័យ​អប់រំ សុខភាព និង​អាហារូបត្ថម្ភ កិច្ចការពារ​កុមារ ទឹកស្អាត និង​អនាម័យ ព្រមទាំង​គោលនយោបាយ និង​ហិរញ្ញប្បទាន​សាធារណៈ​សម្រាប់​កុមារ​។​

​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​ដែល​ផ្សព្វផ្សាយ​នៅ​យប់​ថ្ងៃទី ​២៥ ខែមករា​។

​ក្រសួង​បញ្ជាក់ថា កិច្ចប្រឹងប្រែង​ថ្មីៗ​របស់​ UNICEF​ ក្នុង​ការជួយ​ដល់​សុខុមាលភាព​កុមារ​និង​ក្រុមគ្រួសារ​ពួកគេ​ក្នុងអំឡុង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​ ១៩ ​ព្រមទាំង​ជំនួយ​ក្នុង​ការបើក​សាលារៀន​ឡើងវិញ​ប្រកបដោយ​សុវត្ថិភាព ក៏ត្រូវ​បានទទួល​ស្គាល់​ផងដែរ​។

​ក្រសួង​បាន​បញ្ជាក់ថា ​«​អង្គការ​ UNICEF បាន​អះអាង​អំពី​ការបន្ត​ផ្តល់​ការគាំទ្រ និង​ជំនួយ​របស់ខ្លួន​ដល់​កម្ពុជា​។ នេះ​ជាការ​បញ្ជាក់​របស់លោក Will Parks»​។​

​លោក អ៊ុច បូរ​រិ​ទ្ធ បាន​ស្វាគមន៍ និង​បាន​អះអាង​ចំពោះ​លោក វី​ល អំពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​រូបលោក​និង​ក្រុមការងារ ក្នុងការ​បំពេញការងា​រ​អង្គការ​ UNICEF នៅ​កម្ពុជា​។

​លោក​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​អង្គការ​ UNICEF​ មាន​ប្រវត្តិ​ដ៏​យូរលង់​ដោយ​ UNICEF​ បានផ្តល់​ជំនួយ​ក្រោយពី​ការដួលរលំ​របប​ខ្មែរក្រហម ដែល​បានរួម​ចំណែក​បន្ធូរ​កា​រ​លំបាក​របស់​ប្រជាជន​កម្ពុជា​នាពេលនោះ​។

​បើ​យោងតាម​ក្រសួង លោក​វី​ល បាន​លើកឡើងថា កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​អង្គការ UNICEF មាន​ភាពរឹងមាំ​។​លោក​ក៏បាន​អះអាង​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ថែរក្សា​ទំនាក់ទំនង​នេះហើយ​នឹង​បន្តធ្វើ​កិច្ចការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​លើ​វិស័យ​ដែល​បាន​គូសបញ្ជាក់​ខាងលើ​។​

​ក្រសួង​បញ្ជាក់ថា ​«​ភាគី​ទាំង​ ២​ បាន​អះអាង​ជាថ្មី​ម្តងទៀត​អំពី​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​កម្ពុជា និង​អង្គការ UNICEF»​។​

​អង្គការ UNICEF​ ប្រចាំ​កម្ពុជា ក៏បាន​បញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​កាលពី​ថ្ងៃទី​ ២៥ ខែមករា ថា លោក វី​ល ធ្លាប់ជា​តំណាង​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​ប៊ូ​តង់​និង​អ៊ី​រ៉ង់​ដោយមាន​បទពិសោធន៍ ​៣០ ​ឆ្នាំ​ក្នុង​ការងារ​អភិវឌ្ឍន៍​នៅក្នុង​ប្រទេស​ចំនួន​ ៤៣​។

​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​ដកស្រង់​សម្ដី​លោក វី​ល ថ្លែង​ក្នុងជំនួប​នេះ​ថា​៖ «​យូ​នី​សេ​ហ្វ​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​គាំទ្រ​កុមារ​ក្នុង​ការស្តារ​ទ្បើង​វិញ​ពី​ជំងឺ​រាតត្បាត​»​។ លោក វី​ល ចាត់ទុក​ការបាត់បង់​ការសិក្សារ​បស់​កុមារ​ជា​អាទិភាព​សំខាន់​។​

​ប្រភព​ដដែល​បន្តថា​៖ «​លោក​វី​ល ក៏បាន​បញ្ជាក់​ពី​ការប្តេជ្ញា ចិត្ត​របស់​យូ​នី​សេ​ហ្វ​ក្នុងការ​ធ្វើឱ្យ​ជីវិត​របស់​កុមារ​ប្រសើរឡើង​ក្នុង​រយៈពេល​វែង​តាមរយៈ​ការពង្រឹង​វិស័យ​ទឹកស្អាត និង​អនាម័យ​ដែល​ធន់​នឹង​អាកាសធាតុ​និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ច​គាំពារ​សង្គម អាហារូបត្ថម្ភ កិច្ចការពារ​កុមារ និង​ការថែទាំ​សុខភាព​សម្រាប់​កុមារ​គ្រប់រូប​»​។​

​លោក រ៉ូ វណ្ណៈ សហ​ស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការប្តេជ្ញាចិត្ត​រួមគ្នា​រវាង​ភាគី​ទាំង​ ២ ​ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នេះ គឺជា​ការវិវត្ត​ល្អ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុងការ​លើកកម្ពស់​សុខុមាល​ភាព និង​គុណភាព​ជីវិត​របស់​កុមារ​។

​លោក​បន្តថា​៖ «​ប៉ុន្តែ​យ៉ាងណា​កុមារ​កម្ពុជា​ភាគច្រើន​នៅតែ​ប្រឈម​ចំពោះ​សុវត្ថិភាព សុខភាព និង​កង្វះ​អាហារូបត្ថម្ភ​ជាពិសេស​កុមារ​នៅតាម​ទីជនបទ​។​ការបោះបង់​ការសិក្សា ការខ្វះខាត​ជីវភាព ភាពក្រីក្រ​គ្រឿងញៀន​នៅក្នុង​សហគមន៍​នៅតែ​ជាការ​គំរាម​ដល់​កុមារ និង​អនាគត​ល្អ​របស់​ពួកគេ​»៕