ភ្នំពេញៈ ប្រមុខ​រដ្ឋាភិបាល​បាន​អំពាវនាវ​គ្រិស្តបរិស័ទ​បន្ត​សកម្មភាព​ចូលរួម​ការអភិវឌ្ឍ​នៅ​កម្ពុជា ដើម្បី​រក្សា​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម តាមរយៈ​នៃការ​អនុវត្ត​គោលនយោបាយ ភូមិឃុំ​មាន​សុវត្ថិភាព។

​ការអំពាវនាវ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​អបអរសាទរ​ខួប ១០០ ឆ្នាំ​នៃ​គ្រិស្ត​សាសនា «​មរតក​ដំណឹង​ល្អ ១០០ ឆ្នាំ (១៩២៣-២០២៣)» នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​សុក្រ​ទី ២៧ ខែ​មករា​នេះ។

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែងថា​៖ «​ខ្ញុំ​សូមឱ្យ​ទាំងអស់គ្នា​ចូលរួម​នូវ​សកម្មភាព​ទាំងឡាយ ទាក់ទង​ជាមួយ​នឹងការ​អភិវឌ្ឍ​ប្រទេស​របស់​យើង​នូវ​គ្រប់​សកម្មភាព​តាមតែ​អាចធ្វើ​ទៅបាន​។ ជាមួយ​គ្នានេះ​ក៏ត្រូវ​បន្ត​ការចូលរួម ដើម្បី​រក្សា​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម តាមរយៈ​នៃការ​អនុវត្ត​គោលនយោបាយ ភូមិឃុំ​មាន​សុវត្ថិភាព ដើម្បី​ធានាថា នៅ​គ្រប់​សាសនា​ទាំងអស់ ជាពិសេស​ក្នុងចំណោម​គ្រិស្តបរិស័ទ​របស់​យើង ទទួល​បាន​នូវ​សេចក្តីសុខ សេចក្តី​ចម្រើន​ទាំងអស់»។

​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ពិធី​ជួបជុំ​នេះ​បានបង្ហាញ​ឱ្យឃើញ​ពី​សាមគ្គីភាព មិត្តភាព ការ​យោគយល់​អធ្យាស្រ័យ​គ្នា និង​រួមរស់​ជាមួយគ្នា​ប្រកបដោយ​មេត្តា​រវាង​សហគមន៍​គ្រិស្ត​សាសនា​នៅ​កម្ពុជា​។ វា​ក៏​ជាការ​បង្ហាញ​ឱ្យឃើញ​ពីការ​រីកចម្រើន​គ្រិស្តសាសនា​នៅ​កម្ពុជា ក្រោម​ម្លប់​សន្តិភាព និង​ផ្តល់ឱកាស​សម្រាប់​អង្គពិធី​ជួបជុំ​ប្រាស្រ័យ​ទាក់ទង​គ្នា​កាន់តែ​ជិតស្និទ្ធ ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ គំនិត​យោបល់ ចែករំលែក​បទពិសោធន៍​ល្អៗ និង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ ដើម្បី​រួមចំណែក​លើកស្ទួយ​សុខដុម​រមណីយ​កម្ម វិស័យ​គ្រិស្តសាសនា សំដៅ​រក្សាសុខ​សន្តិភាព និង​ស្ថិរភាព​សុវត្ថិភាព​ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​ស្មារតី ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចជាតិ។

​លោក​ ហ៊ុន សែន​ បាន​ថ្លែង​ផងដែរ​ថា គ្រិស្តបរិស័ទ​ដែល​បាន​ចុះបញ្ជី​មាន​ចំនួន ១ ១៤ ៤០២ នាក់​នៅ​កម្ពុជា។ លោក​បាន​ធ្វើការ​កត់សម្គាល់​ថា នាបច្ចុប្បន្ន​នេះ គ្រិស្តបរិស័ទ​ក៏បាន​ចូលរួម​សកម្មភាព​សង្គម​ជាច្រើន តាមរយៈ​សកម្មភាព​អប់រំ មនុស្សធម៌ និង​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល តាមរយៈ​អង្គការ​សមាគម ដូចជា​ការជួយ​សាងសង់​សាលារៀន ផ្លូវ ស្ពាន អណ្តូងទឹក អំណោយ​មនុស្សធម៌ អំណោយ​ក្តី​ស្រលាញ់​ដល់​កុមារ ក្មេង​កំព្រា ចាស់ជរា​ជាដើម៕