
ការអនុវត្តកសិរុក្ខកម្ម និងក្សេតបរិស្ថានរបស់ក្រសួងបរិស្ថានជួយលើកកម្ពស់ជីវភាពសហគមន៍កាន់តែប្រសើរ។ រូបថត ក្រសួងបរិស្ថាន
កំពង់ឆ្នាំងៈ ប្រជាសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្ម ក្នុងខេត្តកំពង់ឆ្នាំងចំនួន១០៩គ្រួសារនឹងត្រូវបានលើកកម្ពស់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារ កាន់តែល្អប្រសើរជាងមុន ក្រោមការអនុវត្តគម្រោង «ការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការអនុវត្តកសិរុក្ខកម្ម និងក្សេតបរិស្ថាន» ក្រោមហិរញ្ញប្បទានរបស់ក្រសួងបរិស្ថាន។
លោកស្រីម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងបានថ្លែងដូច្នេះក្នុងឱកាសពិធីប្រកាសបើកគម្រោង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ នៅឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ពិធីនេះក៏មានការចូលរួមពីលោកនៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ទីប្រឹក្សាអមក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង មន្រ្តីឧទ្យានុរក្ស អាជ្ញាធរដែនដី គណៈកម្មការ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្ម សរុបចំនួន៧៥នាក់ផងដែរ។
លោកបានបន្តថា ក្រោមការយកចិត្តទុកដាក់ពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន លើការលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈការបង្កើតឱ្យមានជម្រើសមុខរបរថ្មីៗ ដែលអាចជួយបង្កើនដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាសហគមន៍កាន់តែល្អប្រសើរ។ ក្នុងនោះ ការអនុវត្តគម្រោងកសិរុក្ខកម្ម និងក្សេតបរិស្ថាន ក៏នឹងបានរួមចំណែកជួយដល់ប្រជាសហគមន៍ផងដែរ។
គម្រោងនេះ គឺមានរយៈពេល២ឆ្នាំ (២០២៣-២០២៤) និងអនុវត្តលើផ្ទៃដីសហគមន៍តំបន់ការពារធម្មជាតិ ទំហំ៥ហិកតា ព្រមទាំងផ្ដល់ជាពូជគោ៤០ ក្បាល ពូជដំណាំមួយចំនួន រួមមាន៖ ម្នាស់ទឹកឃ្មុំ ខ្ញី រំដេង ដំឡូងឈ្វា និងពូជដំណាំផ្សេងៗទៀតតាមតម្រូវការទីផ្សារជាក់ស្ដែង ហើយពូជដំណាំទាំងនេះសុទ្ធសឹងជាផលិតផលដែលមានទីផ្សារស្រាប់។
ក្នុងឆ្នាំ២០២៣នេះ ជាជំហានដំបូង គម្រោងនឹងចាប់ផ្ដើមអនុវត្តលើផ្ទៃដីទំហំ២ហិកតាជាមុនសិន ព្រមទាំងមានការបង្ហាត់បង្រៀនដល់ប្រជាសហគមន៍ ពីបច្ចេសទេសដាំដុះ ធ្វើជីធម្មជាតិ ការរៀបចំផែនការអាជីវកម្ម ដើម្បីឱ្យការដាំដំណាំ និងចិញ្ជឹមគោទទួលបានលទ្ធផលល្អ និងធានាឱ្យមានការបែងចែកផលប្រយោជន៍ប្រកបដោយសមភាព និងយុត្តិធម៌ តាមរយៈការរៀបចំចងក្រងលក្ខន្តិកៈគ្រប់គ្រងឱ្យបានច្បាស់លាស់។
បន្ទាប់មក ក្រុមការងារក៏បានបន្តចុះទៅពិនិត្យទីតាំងផ្ទៃដីជាក់ស្ដែង ដោយយកចំណុចនិយាមការ និងបង្ហោះដ្រូនថតយករូបភាពទីតាំងភូមិសាស្រ្តពីលើអាកាស ដើម្បីកំណត់ទំហំផ្ទៃដី២ហិកតាដែលមានលក្ខណៈអំណោយផល។ នេះបើយោងតាមក្រសួងបរិស្ថាននៅថ្ងៃទី២៧ខែមករានេះ៕