
ភ្នំពេញៈ អង្គការ អេដ អេ អាកស្យុង (Aide et Action) និង អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូមួយ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិទទួលបានសមធម៌ គុណភាព ភាពពាក់ព័ន្ធនៃការអប់រំបឋមសិក្សា ភាពជាម្ចាស់ និងគណនេយ្យភាពក្នុងការដោះស្រាយបញ្ហានៃកុមារងាយរងគ្រោះ កុមារបាត់បង់ឱកាសទទួលបានការអប់រំ។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមមួយកាលពីថ្ងៃទី ២៦ ខែមករានេះបានឱ្យដឹងថា កិច្ចព្រមព្រៀងភាពជាដៃគូនេះនឹងគ្របដណ្តប់គោលដៅសាលាបឋមសិក្សា ចំនួន ៦៣៨ នៅក្នុងស្រុក ចំនួន ៣១ នៃខេត្តចំនួន ១០ ទូទាំងប្រទេសកម្ពុជា ដែលរួមមាន ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្តាល កំពង់ធំ ក្រចេះ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងសៀមរាប។
កិច្ចព្រមព្រៀងក្នុងភាពជាដៃគូនេះនឹងអនុវត្តការងាររយៈពេល ៣ ឆ្នាំ គិតចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ដោយប្រើប្រាស់មូលនិធិសរុប ចំនួនជាង ៥ លាន ៤ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ មូលនិធិនេះបានមកពីការរួមចំណែកយ៉ាងសំខាន់របស់ អង្គការ អេដ អេ អាកស្យុង ចំនួន ៣៦ ភាគរយ និងវិភាគទានរបស់ អង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា ចំនួន ៦៤ ភាគរយ។ តាមរយៈកិច្ចព្រមព្រៀងក្នុងភាពជាដៃគូនេះ កម្មវិធីដៃគូរួមគ្នា នឹងគាំទ្រលើសកម្មភាព សាងសង់សាលារៀនស្តង់ដាថ្មី ចំនួន ៨ ចុះឈ្មោះ និងរក្សាទុក កុមារបាត់បង់ឱកាសទទួលការអប់រំ ចំនួន ១៥ ៩៥០ នាក់ (៥០% ជាក្មេងស្រី) ផ្តល់ជំនួយលើការសិក្សា និងសេវាកម្មសម្រាប់ការសិក្សា ចំនួន ៩ ០០០ កញ្ចប់ ទៅដល់កុមារបាត់បង់ឱកាសទទួលការអប់រំ និងការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន និងតួអង្គអប់រំលើសពី ៥ ០០០ នាក់។ នេះបើយោងតាមសេចក្តីប្រកាសដដែលនេះ។
អង្គការ អេដ អេ អាកស្យុង នឹងដើរតួនាទីជា អ្នកដឹកនាំ កម្មវិធី ដៃគូរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា (CCOSC) ដែលមានអង្គការដៃគូ ចំនួន ២៩ នឹងធ្វើការងារគ្របដណ្តប់លើសាលារៀនគោលដៅ ចំនួន ២ ៦៩៤។ ក្នុងនោះដែរគម្រោងផ្តោតលើគោលដៅកុមារបាត់បង់ឱកាសទទួលបានការអប់រំ នឹងទៅចុះឈ្មោះចូលរៀនថ្មី ចំនួន ១១៦ ៣៩៦ នាក់ នៅទូទាំងប្រទេសកម្ពុជា។
អង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា នឹងផ្តោតលើការត្រួតពិនិត្យបច្ចេកទេសនៃកម្មវិធីអប់រំ ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពពាក់ព័ន្ធនៃការរៀន និងការបង្រៀន តាមរយៈការកសាងភាពជាដៃគូរបស់សាលា-សហគមន៍ និងភាពជាម្ចាស់ ហើយចុះឈ្មោះ និងរក្សាទុកកុមារបាត់បង់ឱកាសអប់រំទាំងអស់ នៅក្នុងតំបន់គោលដៅសម្រាប់វគ្គសិក្សាពេញលេញនៃសាលាបឋមសិក្សាដែលមានគុណភាពល្អ។
អង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា ក៏នឹងគាំទ្រដល់កម្មវិធីដៃគូរួមគ្នា ដោយដើរតួជា អ្នកមានឥទ្ធិពលនៃកិច្ចពិភាក្សាគោលនយោបាយទាក់ទងនឹងបញ្ហាកុមារបាត់បង់ឱកាសអប់រំ ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា។
សេចក្តីប្រកាសព័ត៌មានរួមបានបន្តថា ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពី Educate A Child (EAC) នៃ Education Above All Foundation កម្មវិធីដៃគូរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា បានចាប់ផ្តើមដំណាក់កាលទី ១ របស់ខ្លួននៅក្នុងឆ្នាំ ២០១៤ ដែលជាគម្រោងទូទាំងប្រទេសមួយ ជាចលនាដើម្បីជួយដល់កុមារបាត់បង់ឱកាសអប់រំ នៅសាលារៀនគោលដៅ ចំនួន ១ ៣៨៨ ត្រូវបានទទួលការគាំទ្រ ក្នុងដំណាក់កាលទី ១ (ឆ្នាំ២០១៤ ដល់ ២០១៧)។ ដំណាក់កាលទី២ នៃកម្មវិធីដៃគូរួមគ្នានេះ រាប់បញ្ចូលអង្គការដៃគូ ចំនួន ២៩ ដែលបានផ្គត់ផ្គង់ដល់ប្រព័ន្ធអប់រំនៅកម្ពុជាដ៏ទូលំទូលាយ និងរួមបញ្ចូលកុមារមានពិការភាព កុមាររស់នៅតាមដងផ្លូវ សិស្សលើសអាយុ កុមារក្រីក្រ កុមាររស់នៅតំបន់ដាច់ស្រយាល និងជនជាតិដើមភាគតិច៕