ភ្នំពេញៈ ការលើកកម្ពស់​ការសិក្សា​ពេញ ១ ជីវិត​លើ​សុវត្ថិភាព និង​សុខភាព​ការងារ អាចជួយ​កម្មករ​និយោជិត និង​និយោជក​ឱ្យ​ស្វែងយល់ និង​សម្រប​ខ្លួន​ទៅនឹង​ហានិភ័យ​ដែល​កំពុង​កើតមាន ក៏ដូចជា​ហានិភ័យ​ទាក់ទង​នឹង​ការងារ​ជាប់លាប់​។ ដូច្នេះ​ការកែលម្អ​សុវត្ថិភាព និង​សុខភាព​ការងារ​ពេញ ១ ជីវិត​ការងារ គឺជា​ការងារ​ចាំបាច់​។ នេះ​ជាការ​ថ្លែង​របស់​លោក ចាប ឫទ្ធី រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។​

​លោក​ ឫទ្ធី បាន​ថ្លែង​បែបនេះ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខាសាលា ត្រីភាគី​នៃ​ការរៀបចំ​ផែនការ​មេ​លើកទី ៣ ស្ដីពី​សុវត្ថិភាព និង​សុខភាព​ការងារ ឆ្នាំ ២០២៣-២០២៧ រៀបចំ​ធ្វើឡើង​នៅ​សណ្ឋាគារ​សាន់វ៉េ កាលពី​ថ្ងៃទី ២៦ ខែ​មករា ឆ្នាំ ២០២៣។

​ដើម្បី​ឈានឆ្ពោះ​ទៅមុខ​ក្នុងការ​បង្កើត​ផែនការមេ​លើក​ទី ៣ ដោយមាន​ការពិគ្រោះ​យោបល់​ជាមួយ​គម្រោង និង​ទីប្រឹក្សា​របស់​អង្គការ ILO នាយកដ្ឋាន​ពេទ្យ​ការងារ បាន​រៀបចំ​សិក្ខាសាលា​នេះ​ឡើង ដែលមាន​រយៈពេល ២ ថ្ងៃ គឺ​ក្នុង​គោលបំណង​ពិភាក្សា​ស៊ីជម្រៅ​ជាមួយ​ភាគី​ពាក់ព័ន្ធ (​ជាមួយ​រដ្ឋាភិបាល និយោជក និយោជិត និង​ផ្នែក​សេដ្ឋកិច្ច​ម៉ាយក្រូ ខ្នាតតូច និង​មធ្យម​) ដើម្បី​បង្កើត​ឱ្យបាន​សកម្មភាព​លម្អិត សម្រាប់​គោលបំណង​ជាក់លាក់ និង​យុទ្ធសាស្ត្រ​នីមួយៗ​នៃ​ផែនការ​មេ​លើកទី ៣។

​បើតាម​ក្រសួង​ការងារ ភាគី​ពាក់ព័ន្ធ​នឹង​រៀបចំ​សិក្ខាសាលា​ត្រីភាគី ១ ទៀត ដែល​នឹងធ្វើ​នៅ​ថ្ងៃទី ១៦ ខែកុម្ភៈ​ខាងមុខ ដើម្បី​ធ្វើឱ្យ​មាន​សុគតភាព និង​បញ្ជាក់​ការបញ្ចប់​ផែនការ​សកម្មភាព​នេះ។

​ជា​បន្តបន្ទាប់ ផែនការ​មេនេះ នឹង​ត្រូវបាន​ពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មការ​ជាតិ​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ ហើយ​នឹង​ត្រូវធ្វើ​ការបោះ​ពុម្ព និង​ផ្សព្វផ្សាយ​អនុវត្ត៕​