សៀមរាបៈ រដ្ឋបាល​ខេត្ត​សៀមរាប បាន​ធ្វើការ​ជូនដំណឹង​ដល់​សាធារណជន សិស្ស និស្សិត មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់អាវុធ ក្នុង​ខេត្ត​សៀមរាប ស្តីពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់​បណ្ឌិត ចំនួន ៥០០ កន្លែង នៅ​សាកល​វិទ្យាល័យ​ឥន្ទ្រវិជ្ជា ខេត្ត​សៀមរាប។​

​រដ្ឋបាល​ខេត្តសៀមរាប បានចេញ​សេចក្តីជូនដំណឹង​ថា សាកល​វិទ្យាល័យ​ឥន្ទ្រវិជ្ជា បានផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ចំនួន ៥០០ កន្លែង ដល់​រដ្ឋបាល​ខេត្ត​សៀមរាប ដើម្បី​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់អាវុធ​នៅ​ក្នុង​ខេត្ត​សៀមរាប សម្រាប់​ឆ្នាំសិក្សា ២០២២-២០២៣ ក្នុង​គោលបំណង​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា។

​ចំពោះ​សាធារណជន សិស្ស និស្សិត មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់អាវុធ ដែលមាន​ចំណាប់​អារម្មណ៍ ទទួល​អាហារូបករណ៍​ខាងលើ អាចធ្វើ​ការជ្រើសរើស​ជំនាញ​ណាមួយ​ដែល​មាន​នៅក្នុង​តារាង និង​បំពេញ​ពាក្យ ស្នើសុំ​អាហារូបករណ៍ រួច​បញ្ជូនមក​ការិយាល័យ​កសាង​សមត្ថភាព នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធាន​មនុស្ស សាលា ខេត្ត​សៀមរាប ឱ្យបាន​មុន​ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣។​

​បើ​យោងតាម​សេចក្តី​ជូនដំណឹង​មុខវិជ្ជា​ដែល​បេក្ខជន​អាច​ជ្រើសរើស​សម្រាប់​សិក្សា​មាន​ដូចជា នីតិសាស្ត្រ វិទ្យាសាស្ត្រ​នយោបាយ រដ្ឋបាល​សាធារណៈ និង​វិទ្យាសាស្ត្រ​អប់រំ គ្រប់គ្រង​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាដើម៕​