
ភ្នំពេញៈ មន្ត្រីនគរបាលចរាចរណ៍១ រូប ត្រូវបានផ្ទេរចេញពីការិយាល័យចរាចរណ៍ ទៅកងអន្តរាគមន៍ និងត្រូវបានស្នើសុំទៅថ្នាក់ដឹកនាំ ដើម្បីបន្ថយឋានន្តរស័ក្តិ ដោយសារតែមន្ត្រីរូបនោះចុះអនុវត្តការងារមិនមានគោលការណ៍ពីប្រធានអង្គភាព។ នេះបើយោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២៦ ខែមករា។
សេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ទាក់ទងទៅនឹងមន្ត្រីចរាចរណ៍ម្នាក់ជិះម៉ូតូតាមឃាត់រថយន្តកាលពីយប់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល ០២:០០ រំលងអាធ្រាត្រនៅចំណុចស្ដុបចំការមន មន្ត្រីរូបនោះត្រូវបានអនុវត្តវិន័យកងកម្លាំង ផ្ទេរចេញពីការិយាល័យចរាចរណ៍ ទៅកងអន្តរាគមន៍ ជាពិសេសបានស្នើសុំទៅថ្នាក់ដឹកនាំដើម្បីបន្ថយឋានន្តរស័ក្តិមួយថ្នាក់ពី អនុសេនីយ៍ទោ មកត្រឹមអនុសេនីយ៍ត្រីវិញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្តថា កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល ០២:០០ រំលងអាធ្រាត្រ លោកអនុសេនីយ៍ទោ ជឹម សាលីន ដែលជាមន្ត្រីចំណុះការិយាល័យចរាចរណ៍ផ្លូវគោក បានធ្វើដំណើរចេញពីផ្ទះ ក្នុងគោលបំណងទៅប្រជុំជួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ពេលជិះមកដល់ស្ដុបចំការមន ក៏ឃើញរថយន្ត ១ គ្រឿងម៉ាក Range Rover ពណ៌ខ្មៅ បើកបរក្នុងល្បឿនលឿន ពេលនោះលោក ជឹម សាលីន ក៏បានជិះម៉ូតូតាមដល់ស្ដុបក្រសួងមហាផ្ទៃ និងជិះទៅក្បែររថយន្ត។ ពេលនោះអ្នករួមដំណើរក្នុងរថយន្តបានសួរទៅលោកថា តើខ្ញុំខុសអី ? ហើយលោក ជឹម សាលីន បានតបថា «បងស្រីអត់ពាក់ខ្សែក្រវាត់សុវត្ថិភាព និងកុំថតអី សម្រួលបានអត់ ក្នុងន័យកុំឱ្យថតប៉ុណ្ណោះ»។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ «ជាក់ស្តែងការចុះអនុវត្តនេះមិនមានគោលការណ៍ ឬបទបញ្ជាពីប្រធានអង្គភាពនោះទេ ហើយការធ្វើនេះមិនត្រឹមត្រូវតាមម៉ោងនៃការអនុវត្តច្បាប់ផងដែរ ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចធ្វើការដាក់វិន័យ និងស្នើសុំទៅថ្នាក់ដឹកនាំដើម្បីសុំគោលការណ៍បន្ថយឋានន្តរស័ក្តិមួយថ្នាក់ និងផ្ទេរភារកិច្ចមន្ត្រីចរាចរណ៍រូបនេះឱ្យទៅបម្រើការងារនៅកងអន្តរាគមន៍»៕