ក្រចេះ​/​ស្ទឹងត្រែងៈ ការកំណត់​អត្តសញ្ញាណ​សត្វ​ផ្សោត​លើក​ទី​១ នៃ​ឆ្នាំ​ ២០២៣ ​នេះ ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ១២​ ដល់​ ១៧ ខែមករា ឆ្នាំ​ ២០២៣ ដោយមាន​ការចូលរួម​ផងដែរ​ពី​សំណាក់​ក្រុម​អ្នកជំនាញ​អន្តរជាតិ​មកពី​កម្មវិធី​ស្រាវជ្រាវ​សត្វ​ផ្សោត​សា​រ៉ា​សូ​តា គណៈកម្មការ​ថនិកសត្វ​សមុទ្រ​សហរដ្ឋអាមេរិក និង​ក្រុម​អ្នកឯកទេស​ថនិកសត្វ​សមុទ្រ​ IUCN SSC​។ នេះ​បើ​យោងតាម​អង្គការ WWF ​កម្ពុជា​នៅ​ថ្ងៃទី ​២៧ ​ខែមករា​នេះ​។

​ការកំណត់​អត្តសញ្ញាណ​សត្វ​ផ្សោត ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​តាមដាន​អំពី​ចំនួន និង​ស្ថានភាព​នៃ​សត្វ​ផ្សោត​ក្នុង​ទន្លេមេគង្គ ដែល​ត្រូវធ្វើ​ឡើងជា​រៀងរាល់ ​២​ ទៅ ៣ ​ឆ្នាំ​ម្តង ដោយ​ក្រុម​អ្នកស្រាវជ្រាវ នៃ​រដ្ឋបាល​ជលផល និង​អង្គការ​ WWF​ ក្នុង​តំបន់​ទីជម្រក​តាម​ដង​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា ​ចម្ងាយ​ប្រមាណ​ ១៨០ គីឡូម៉ែត្រ​ចាប់ពី​ខេត្តក្រចេះ ដល់​ខេត្តស្ទឹងត្រែង​។

​ទិន្នន័យ​ដែល​ប្រមូលបាន​ពី​ការសិក្សា​ពេលនេះ​នឹងត្រូវ​ដាក់បញ្ចូល​ជាមួយ​ទិន្នន័យ ដែល​នឹង​ទទួលបាន​ពី​ការចុះ​សិក្សា​កំណត់​អត្តសញ្ញាណ​ចំនួន​ ២ លើក​បន្ថែមទៀត​នៅក្នុង​ឆ្នាំនេះ ដើម្បី​ឈានដល់​ការ​បូកសរុប​ដើម្បី​ប៉ាន់ប្រមាណ និង​ចងក្រង​របាយការណ៍​អំពី​ចំនួន​សត្វ​ផ្សោត​នៃ​ឆ្នាំ​ ២០២៣​។

​អង្គការ​បាន​បញ្ជាក់ថា​៖ «​របាយការណ៍​នេះ​មាន​សារៈសំខាន់ ក្នុង​ការផ្តល់​បច្ចុប្បន្ន​ភាព​នៃ​ចំនួន​សត្វ​ផ្សោត​ដែល​រស់នៅក្នុង​តំបន់​អភិរក្ស គាំទ្រ​ដល់​ភ្នាក់ងារ​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ស្ថាប័ន​អង្គការ​ដៃគូ ព្រមទាំង​អ្នកវិទ្យាសាស្ត្រ​អភិរក្ស​ទាំងអស់​ក្នុងការ​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មីៗ​បន្ថែម ដើម្បី​ពង្រឹង​ការការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​កុំឱ្យ​បាត់បង់​»​។​

​យោងតាម​ជំរឿន​សត្វ​ផ្សោត​ឆ្នាំ​ ២០២០ មាន​សត្វ​ផ្សោត​ត្រឹមតែ​ប្រមាណ ​៨៩ ក្បាល​ប៉ុណ្ណោះ​ដែល​រស់នៅក្នុង​ទន្លេមេគង្គ​ចាប់ពី​ខេត្តក្រចេះ ដល់​ខេត្តស្ទឹងត្រែង​។ ការគំរាមកំហែង​រប​ស់​សត្វ​ផ្សោត​រួមមាន​ការនេសាទ​ខុសច្បាប់ និង​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​ប៉ែក​ខាងលើ​មេគង្គ​ជាដើម​។ អង្គការ ​WWF បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​សហការ​ជាមួយ​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​គាំទ្រ​ដល់​ការគ្រប់គ្រង និង​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព​សំដៅ​ធានា​ការការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែលជា​បេតិកភណ្ឌ​ជាតិ​មានជីវិត​និង​ជា ប្រភេទ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​មួយ​ក្នុង​សកលលោក​ឱ្យ​គង់វង្ស​៕​