
ភ្នំពេញៈ កិច្ចប្រជុំពេញអង្គលើកទី១ របស់គណៈកម្មការអន្តរក្រសួងត្រូវបានធ្វើឡើង កាលពីថ្ងៃទី ២៦ ខែមករានេះ ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ)។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដែលធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំពេញអង្គបានដាក់ចេញនូវអនុសាសន៍ណែនាំមួយចំនួនសម្រាប់គណៈកម្មការអន្តរក្រសួងអនុវត្តបន្ត។
ក្នុងនោះរួមមាន៖ អនុវត្តតួនាទីភារកិច្ចគណៈកម្មការអន្តរក្រសួងនេះតាមសេចក្តីសម្រេចដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរឱ្យកាន់តែប្រសើរ (គណៈកម្មការអន្តរក្រសួងនេះគឺជាយន្តការល្អ និងអនុវត្តការងារបានប្រសិទ្ធភាពខ្ពស់ ដែលប្រទេសខ្លះនៅអឺរ៉ុបក៏បានសិក្សាយកគំរូតាមយន្តការអន្តរក្រសួងដែលកម្ពុជាកំពុងអនុវត្តផងដែរ), យកចិត្តទុកដាក់ដោះស្រាយពាក្យបណ្តឹងរបស់ភ្ញៀវទេសចរ ក៏ដូចជាកាត់បន្ថយរបាំងមិនចាំបាច់ លុបបំបាត់ភាពអសកម្ម ដែលធ្វើឱ្យប៉ះពាល់ និងរំខានដល់ការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ, បន្តផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាស្តីពីដំណើរទេសចរណ៍បើកបរដោយខ្លួនឯងតាមផ្លូវគោក ដើម្បីទាក់ទាញភ្ញៀវទេសចរបើកបរដោយខ្លួនឯងពីបណ្តាប្រទេសជិតខាង ជាពិសេសភ្ញៀវទេសចរចិនដែលមកតាមព្រំដែនកម្ពុជា-ឡាវ, ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័នដូចជាអន្តោប្រវេសន៍ គយនិងរដ្ឋាករ និងចត្តាឡីស័កដែលត្រូវបម្រើការនៅតាមច្រកទ្វារអន្តរជាតិត្រៀមលក្ខណសម្បត្តិ សម្រាប់កំពង់ផែទេសចរណ៍ខេត្តកំពតដែលនឹងបើកដំណើរការឆាប់ៗខាងមុខនេះ និង គណៈកម្មការអន្តរក្រសួងត្រូវជួបប្រជុំរៀងរាល់ត្រីមាស (៣ខែ) ម្តង ដើម្បីត្រួតពិនិត្យ និងពង្រឹងគុណភាពការងារចំពោះមុខក៏ដូចជាដោះស្រាយបន្ទាន់បញ្ហាអវិជ្ជមាននានា៕