
រូបភាពឯកសារនៃបណ្ណសារ អ.វ.ត.ក។ សាលាក្តីខ្មែរក្រហម
ភ្នំពេញៈ រដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់វិភាគទានចំនួន ២២ ម៉ឺនដុល្លារអាមេរិក ដល់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជាលើផ្នែកបណ្ណសារ ក្រោយពេលតុលាការនេះ បានបិទបញ្ចប់សំណុំរឿងកាលពីឆ្នាំ ២០២២ កន្លងមក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាថ្ងៃទី ២៧ ខែមករានេះបានឱ្យដឹងថា កញ្ចប់ថវិកាដែលត្រូវបានរដ្ឋាភិបាលជប៉ុនឯកភាពផ្តល់ដល់សាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣ នេះ ដើម្បីជួយដល់ការបន្តកេរដំណែលរបស់ខ្លួន ទៅអ្នកជំនាន់ក្រោយ និងផ្សព្វផ្សាយពីសារៈសំខាន់ នៃសមិទ្ធផលដែលសម្រេចបានពីការកាត់ក្ដីខ្មែរក្រហម ដល់សាធារណជន តាមរយៈមុខងារ សេសសល់របស់ខ្លួន។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់ដំណើរការសន្តិភាពទាំងមូលនៅកម្ពុជា, ការពិភាក្សារកយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម និងការពង្រឹងនីតិរដ្ឋនៅកម្ពុជាជាដើម។
សេចក្តីប្រកាសព័ត៌មានបានបន្តថា រដ្ឋាភិបាលជប៉ុន បាននិងកំពុងជួយដល់អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា តាំងពីដើមដំបូងរៀងមក ហើយគិតត្រឹមថ្ងៃនេះ ជំនួយហិរញ្ញវត្ថុពីប្រទេសជប៉ុន សម្រាប់តុលាការនេះ មានចំនួន ៨៨,៩ លានដុល្លារអាមេរិក ដោយគិតរួមទាំងវិភាគទានខាងលើ ដែលប្រហែល ២៧ ភាគរយ នៃថវិកាសរុបផ្តល់ដោយប្រទេសផ្តល់ជំនួយជូនភាគីជាតិ និងភាគីអង្គការសហប្រជាជាតិ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
លើសពីនេះទៅទៀត ប្រទេសជប៉ុន រួមជាមួយប្រទេសបារាំង ក្នុងឋានៈជាសហប្រធាននៃក្រុមកិច្ចប្រជុំមិត្តរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានតាមដានដំណើរការរបស់តុលាការនេះយ៉ាងសកម្ម៕