សៀមរាបៈ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កាលពី​ថ្ងៃទី​ ២៦ ខែមករា ឆ្នាំ​ ២០២៣ វេលា​ម៉ោងជាង ១៥ បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល នៅ​ទីតាំង​មួយកន្លែង​ស្ថិតនៅ ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដែលជា​កន្លែង​ធ្វើ​អាជីវកម្ម បោះ​ដុំ ចែកចាយ នូវ​ប្រភេទ​បារី​អេឡិចត្រូនិក ( ECigarett ) និង​អេ​ច​ឈ៍ ធី ភី ដោយបាន​ធ្វើការ​ដកហូត មាន​ចំនួន​សរុប ១៨ កេស​ធំ​ស្មើនឹង ៤៧ ​កេស​តូច​។​

​ប្រតិបត្តិការ​នេះ ត្រូវបាន​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុ អមរា ស្នងការរង ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង​លោក​វរសេនីយ៍​ឯង អ៊ុ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។​

​នៅក្នុង​ការបង្ក្រាប​នេះ ពុំមាន​ការចាប់​ឃាត់ខ្លួន​អ្នកលក់​បារី​អេឡិចត្រូនិក​ដែល​ត្រូវបាន​ហាមឃាត់​នេះ​ទេ ដោយ​សមត្ថកិច្ច គ្រាន់តែ​បានធ្វើ​កិច្ចសន្យា​លើក​ទី​១ ចំពោះ​ម្ចាស់​ទីតាំង និង​ម្ចាស់​អាជីវកម្ម ឱ្យ​បញ្ឈប់​ធ្វើ​សកម្មភាព នាំចូល និង​លក់​ចែកចាយ​ចាប់ពីពេលនេះ​តទៅ តែប៉ុណ្ណោះ​។​

​បើតាម​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កន្លងមក​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​កម្លាំង​នគរបាល បានធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ណែនាំ និង​ហាមឃាត់​មិនឱ្យ​មានការ​ចរាចរណ៍​នាំចូល និង​ចែកចាយ​ផលិតផល SISHA បារី​អេឡិចត្រូនិក​( ECigarett ) និង​អេ​ច​ឈ៍ ធី ភី ដែល តែង​ហៅថា (Hybrid)​ ទាំង​នេះឡើយ​៕​