
លោកស្រី ឌិត នីតា ភរិយាលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ ដឹកនាំក្រុមការងារ សសយក រាជធានីភ្នំពេញ ជួបសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅសាលាមត្តេយ្យ ៨មីនា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ លោកស្រី ឌិត នីតា ភរិយាលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញបានលើកទឹកចិត្តឱ្យសាលាមតេ្តយ្យទាំងអស់ ចូលរួមប្រឡងប្រណាំងមេត្រីភាពបរិស្ថាន ដោយធ្វើការរៀបចំទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ និងរៀបចំទីធ្លាសាលាឱ្យមានអនាម័យល្អ មានផាសុកភាព ស័ក្តិសមជាកន្លែងដែលផ្តល់នូវបំណិនជីវិត និងចំណេះដឹងស្នូល។
ការលើកទឹកចិត្តនេះត្រូវបានធ្វើឡើងក្នុងពេលដែលលោកស្រីដឹកនាំក្រុមការងារ សសយក រាជធានីភ្នំពេញ ជួបសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅសាលាមត្តេយ្យ ៨មីនា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។
លោកស្រីបានថ្លែងថា៖«មត្តេយ្យសាលាដែលមានបរិស្ថានស្អាតល្អ គឺមានសារៈសំខាន់ក្នុងការជំរុញការសិក្សាស្វែងយល់របស់កុមារតូច»។
លោកស្រីក៏បានកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលមានភាពអំណត់ អត់ធ្មត់ បញ្ចេញអស់កម្លាំងកាយចិត្តក្នុងការធ្វើឱ្យកូនៗតូចៗមានឱកាសចាប់យកនូវការសិក្សាស្វែងយល់ក្នុងមជ្ឈដ្ឋានខាងក្រៅដែលមិនមែនជាសមាជិកនៃក្រុមគ្រួសាររបស់គាត់ តាំងពីអាយុពីរ-បីឆ្នាំ។ ក្នុងនោះមានរៀនធ្វើកិច្ចការជាមួយគ្នា រៀនរស់នៅជាមួយគ្នា ដែលទាំងអស់នេះជាបំណិនជីវិតមួយយ៉ាងសំខាន់ក្នុងការធ្វើឱ្យក្មួយៗ តូចៗ មានភាពជឿជាក់លើខ្លួនឯង។ មិនត្រឹមតែបំណិនជីវិតទេ លោកគ្រូ អ្នកគ្រូក៏បានផ្តល់នូវចំណេះដឹងស្នូល ហើយទាំងអស់នេះ វាជាទុនមួយយ៉ាងសំខាន់សម្រាប់ពួកគាត់ប្រើប្រាស់ នៅពេលឈានចូលបឋមវ័យ និងយុវវ័យ។
លោកស្រី ឌិត នីតា បានសង្កត់ធ្ងន់ថា លើសពីបំណិនជីវិត និងលើសពីចំណេះដឹងស្នូល លោកគ្រូ អ្នកគ្រូបានផ្តល់ទៅឱ្យក្មួយៗ និងផ្តល់ឱ្យមាតាបិតា នូវឱកាសក្នុងការធ្វើការងារ ប្រកបរបរចិញ្ចឹមជីវិតផងដែរ ព្រោះថាបើមិនមានសាលាមតេ្តយ្យដែលជាកន្លែងមានសុវត្ថិភាព និងមិនមានលោកគ្រូ អ្នកគ្រូ ដែលជាអ្នកមានទំនុកចិត្តទេ មាតានិងបិតា មិនអាចទុកកូនចោលហើយចេញទៅប្រកបរបរបានទេ៕