ភ្នំពេញៈ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាង​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ធ្វើការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួង​យុត្តិធម៌​កម្ពុជា ជាមួយ​ការិយាល័យ​មេធាវី Building Bridge USA (BBUSA) លើ​ការ “លើក​កម្ពស់​ចំណេះដឹង​ផ្នែក​ច្បាប់ និង​ការ​ប្រើប្រាស់​បណ្ណាល័យ​ច្បាប់​អេឡិចត្រូនិក”នៅ​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ ២០២៣ នៅ​រាជបណ្ឌិត្យ​សភាវិជ្ជាជីវៈ​តុលាការ។

តាម​រយៈកិច្ច​សហការ​នេះ នឹង​ជួយ​ជំរុញ និង​លើក​កម្ពស់​បន្ថែម​ទៀត នូវ​ចំណេះដឹង​និង​ជំនាញ​ផ្នែក​ច្បាប់ សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ ​និស្សិត និង​មន្រ្តី​អនុវត្ត​ច្បាប់​របស់​កម្ពុជា តាម​រយៈការ​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ​បណ្ណាល័យ​ច្បាប់​អេឡិចត្រូនិក​របស់​អាមេរិក កិច្ច​ប្រជុំ​សិក្ខាសាលា ទស្សនកិច្ច​សិក្សា និង​ការ​ផ្លាស់ប្តូរ​ចែក​រំលែក​នូវ​ចំណេះដឹង​និង​បទ​ពិសោធន៍​ផ្នែក​ច្បាប់ របស់​ចៅក្រម ព្រះ​រាជអាជ្ញា មេធាវី អ្នកជំនាញ​ផ្នែក​ច្បាប់ អ្នក​សិក្សា​ស្រាវជ្រាវ និង​និស្សិត នៃ​ប្រទេស​ទាំងពីរ​ផងដែរ។

បន្ទាប់ពី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ លោក ជិន ម៉ាលីន បាន​ធ្វើការ​បើក​កម្មវិធី បឋកថា ស្តីពី "Trust Relationship & Service in the digital age" ដោយ​អញ្ជើញ​ជា​វាគ្មិន (១) លោក​អតីត​ចៅក្រម​សហរដ្ឋ​អាមេរិក John C.Coughenour និង (២) លោក​អតីត​ប្រធាន​គណៈមេធាវី Bill Pickett ជូន​សិក្ខាកាម​ជា​សិស្ស​ចៅក្រម-ព្រះរាជអាជ្ញា សារការី និងអាជ្ញា​សាលា ចំនួន ១៣០នាក់ផងដែរ។ នេះ​បើ​យោង​តាម​ក្រសួង​យុត្តិធម៌៕