
មន្ត្រីជំនាញ នៃមន្ទីរសាធារការរាជធានីភ្នំពេញ ចុះពិនិត្យលក្ខណៈបច្ចេកទេសនៃការអ៊ុតកៅស៊ូ លើបណ្តោយផ្លូវជាតិលេខ៦A ដើម្បីត្រៀមទទួលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២។
ភ្នំពេញៈ មន្ត្រីជំនាញនៃមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះពិនិត្យលក្ខណៈបច្ចេកទេសនៃការអ៊ុតកៅស៊ូ លើបណ្តោយផ្លូវជាតិលេខ ៦A ដើម្បីត្រៀមទទួលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងប៉ារ៉ាហ្គេម លើកទី ១២ នៅថ្ងៃទី ២៧ ខែមករានេះ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុលគ្រឹះអ៊ុតកៅស៊ូ ដាក់លូ រៀបការឺឡា គូសគំនូសចរាចរណ៍ និងដាំដើមឈើ តាមបណ្តោយផ្លូវជាតិលេខ ៦A ឱ្យបានរួចរាល់នៅមុនខែមីនា ឆ្នាំ ២០២៣ ពោលគឺឱ្យបាន រួចរាល់នៅមុនការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមក្រសួងព័ត៌មាន។
កំណាត់ផ្លូវជាតិលេខ ៦A នេះ ជាផ្លូវក្នុង ចំណោមផ្លូវ ៤ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជួសជុល និងស្ថាបនាឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដោយគ្រោងនឹងបញ្ចប់ នៅខែមីនា ឆ្នាំ ២០២៣ ដែលមានប្រវែង ១៧គីឡូម៉ែត្រកន្លះ ជាមួយនឹងការដាក់លូសងខាងផ្លូវទំហំមុខកាត់ ១ ម៉ែត្រ ប្រវែង ៣៥គីឡូម៉ែត្រ រៀបការឺឡា គូសគំនូសចរាចរណ៍ និងដាំដើមឈើ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល។ ការងារនេះគិតមកដល់ពេលនេះសម្រេចបាន ៨០ ភាគរយហើយ។
ផ្លូវទាំង ៤ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញបានស្ថាបនា និងជួសជុលអ៊ុតកៅស៊ូឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោនេះ រួមមាន មហាវិថីឈ្នះ ឈ្នះ មានទទឹងផ្លូវ ២០ម៉ែត្រ ប្រវែងជាង ៨គីឡូម៉ែត្រ ផ្លូវជាតិលេខ ៦Aប្រវែង ១៧គីឡូម៉ែត្រកន្លះ និងផ្លូវថ្មី ២ខ្សែទៀត ដោយស្ថាបនាស្របតាមទន្លេសាបផ្នែកខាងកើត បែកខ្នែងជា ២ ផ្នែកឆ្ពោះឡើងមហាវិថី ឈ្នះ ឈ្នះ គឺខ្សែទី ១ ផ្លូវស្របមាត់ទន្លេ ចាប់ពីផ្លូវជាតិលេខ៦ ដល់មហាវិថីឈ្នះ ឈ្នះ។
លោក សាំ ពិសិដ្ឋ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋជួយថែរក្សាការឺឡាថ្មើរជើង ដោយកុំដាក់តាំងលក់អីវ៉ាន់ ការចតជាដើមលើការឺឡា ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរថ្មើរជើង និងជួយថែរក្សាលូ និងស្លាកសញ្ញាចរាចរណ៍កុំឱ្យខូចខាតផងដែរ។
យោងតាមមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ការដ្ឋានផ្លូវជាតិលេខ ៦A សម្រេចលទ្ធផលបាន ៨០%នៃគម្រោង ជាតម្រាយផ្លូវមួយក្នុងចំណោមផ្លូវចំនួន ៤ខ្សែ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងសាងសង់៕