ដើម្បី​ចូលរួមចំណែក​ក្នុងការ​ដោះស្រាយ​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​មធ្យម និង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា អង្គការ​ហេឡែន ខេ​ល​ល័​រ អន្តរជាតិ គាំទ្រ​ដោយ​ក្រសួងសុខាភិបាល បានចាប់ផ្តើម​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​គម្រោង​ព្យាបាល​ និង​ថែទាំ​កុមារ​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​មធ្យម និង​ធ្ងន់ធ្ងរ​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន ​៣​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ណែនាំ​គម្រោង​ព្យាបាល​និង​ថែទាំ​កុមារ​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​មធ្យម និង​ធ្ងន់ធ្ងរ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣ លោក ហ៊ូ ក្រើន នាយក​អង្គការ​ហេឡែន ខេ​ល័​រ​អន្តរជាតិ បានឱ្យដឹងថា គម្រោង​ព្យាបាល​និង​ថែទាំ​កុមារ​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​មធ្យម និង​ធ្ងន់ធ្ងរ មាន​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ (២០២៣-២០២៧) នឹងត្រូវ​អនុវត្តន៍​នៅក្នុង​ខេត្តតាកែវ សៀមរាប និង​កំពង់ឆ្នាំង​។​

​លោក​បន្ត​គម្រោង​នេះ មាន​គោលបំណង​សំខាន់ ដើម្បី​រួមចំណែក​កាត់បន្ថយ​កុមារ​ដែលមាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​មធ្យម និង​ធ្ងន់ធ្ងរ​ជាមួយ​ក្រសួងសុខាភិបាល ក៏ដូចជា​រដ្ឋាភិបាល​ក​ម្ពុ​ជា ដើម្បី​ផ្តល់​ការព្យាបាល​ថែទាំ​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ នៅ​ខេត្ត​គោលដៅ​ទាំង​៣​នេះ ដែល​ក្នុងនោះ​ខេត្តតាកែវ​មាន​ចំនួន​២​ស្រុក (​ស្រុក​បាទី ស្រុក​ដូន​កែវ​) ខេត្តសៀមរាប​ចំនួន​២​ស្រុក​(​ស្រុក​ប្រតិបត្តិ​សៀមរាប ស្រុក​សូត​និគម​ន៍​) និង​ខេត្តកំពង់ឆ្នាំង​ចំនួន​២​ស្រុក (​ស្រុក​កំពង់ត្រឡាច ស្រុក​បរិបូរណ៍​)​។​

​លោក​បញ្ជាក់​បន្ថែមថា​៖«​គម្រោង​ដែល​អនុវត្ត​រយៈពេល​៥​ឆ្នាំនេះ សម្រាប់​ឆ្នាំ​ទី​១ យើង​រំពឹងថា ក្រុម​គោលដៅ​កុមារ​ជាង​១​ពាន់​នាក់ នឹង​ទទួលបាន​ការព្យាបាល​លើ​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់ ហើយ​សម្រាប់​ឆ្នាំ​អនុវត្តន៍​គម្រោង​បន្តបន្ទាប់​ទៀត គឺ​អាស្រ័យ​លើ​ភាពជោគជ័យ​នៃ​ការអនុវត្តន៍​ឆ្នាំ​ទី​១»​។​

​នាយក​អង្គការ​ហេឡែន ខេ​ល័​រ​អន្តរជាតិ​រូបនេះ បាន​បញ្ជាក់ដែរថា ទោះបីជា​អាហារូបត្ថម្ភ​សម្រាប់​កុមារ​ជា​អាទិភាព​សំខាន់​មួយ​ក្នុង​ឯកសារ​អភិវឌ្ឍន៍​ជាតិ​កម្ពុជា​ក៏ដោយ ប៉ុន្តែ​គោលនយោបាយ​ផែនការ និង​កម្មវិធី​មិនត្រូវ​បាន​ផ្សារភ្ជាប់​គ្រប់គ្រាន់​ជាមួយនឹង​ការវិនិយោគ​ដើម្បី​ទទួលបាន​ធនធាន​គ្រប់គ្រាន់​នោះទេ ជាក់ស្តែង​កុមារ​រហូត ៦​ម៉ឺន​នាក់​មាន​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​ធ្ងន់ធ្ងរ ខណៈ​ការព្យាបាល​បានតែ​១០​ភាគរយ​ប៉ុណ្ណោះ​។ ហេតុនេះ តាមរយៈ​គម្រោង​នេះ លោក​រំពឹងថា នឹង​ជួយ​បង្កើន​ការព្យាបាល​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ ដែល​ជួប​បញ្ហា​នេះ​ឱ្យមាន​ភាពប្រសើរឡើង​។​

​ពាក់ព័ន្ធ​នឹង​ដំណើរការ​គម្រោង​ខាងលើ​នេះដែរ លោកស្រី ប្រាក់ សោ​ភ័​ណ្ឌ​នារី រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានឱ្យដឹង​ដែរ​ថា តាមរយៈ​គម្រោង​នេះ យើង​នឹង​ផ្តោតលើ​ការបណ្តុះបណ្តាល​ជាមួយ​មន្ត្រី​សុខាភិបាល ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ ដើម្បីឱ្យ​យល់ដឹង​ពី​ការ​វាស់​ថ្លឹង​កុមារ កំណត់​ពិន្ទុ​កុមារ​ដែល​ជួប​បញ្ហា​អាហារូបត្ថម្ភ ដើម្បីឱ្យ​គាត់​ចេះ​ពិនិត្យ​មើលថា កុមារ​បែបណា​ត្រូវ​បញ្ជូនទៅ​ព្យាបាល​ថែទាំ​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បាន​ទាន់ពេល​។

​លោកស្រី​បន្តថា​៖«​តាមរយៈ​គម្រោង​នេះ កុមារា​អាយុ​ក្រោម ៥​ឆ្នាំ ដែល​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​មធ្យម និង​ធ្ងន់ធ្ងរ នឹង​ទទួលបាន​ការព្យាបាល​ក​ង្វះ​អាហារូបត្ថម្ភ​ដោយ​ឥតគិតថ្លៃ ហេតុនេះ​ខ្ញុំ​រំពឹងថា កុមារ​ទាំងនោះ នឹង​ទទួលបាន​ការព្យាបាល​នៅ​មូលដ្ឋាន​សុខាភិបាល​បាន​ច្រើន ខណៈ​កុមារ​ដែលមាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ក្នុង​ក្រុម​គោលដៅ​ទាំងនោះ ក៏​នឹង​ទទួល​បានការ​ផ្តល់នូវ​ចំណី​ក្នុងស្រុក​ដែល​ធ្វើ​ពី​ត្រី​ដែល​ហៅថា "Nutrix" ដើម្បី​ព្យាបាល​កុមារ​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​មធ្យម​និង​ធ្ងន់ធ្ងរ​របស់​ពួកគេ​ផងដែរ​»​។

​សិក្ខាសាលា​ខាងលើ ក៏បាន​បង្ហាញ​របាយការណ៍​បឋម​នៃ​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ​២០២១-២០២២​ដែរ​ថា កុមារ​កម្ពុជា​ប្រមាណ​១០​ភាគរយ​មាន​បញ្ហា​ស្គមស្គាំង​។ នេះ​គឺជា​ស្ថិតិ​ពាក់ព័ន្ធ​ដែល​អាច​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​ផលប៉ះពាល់ សេដ្ឋកិច្ចសង្គម​ដែល​កំពុង​បន្ត​មាន ដូចជា​កូ​វីដ​១៩ និង​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ បច្ចុប្បន្ន​ដោយសារ​វិបត្តិ​ទាំងនេះ គំរាមកំហែង​ដល់​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ​តាមរយ​:​ការកើនឡើង​តម្លៃ វិបត្តិ​អតិផរណា និង​ការបាត់បង់​ប្រាក់ចំណូល​។

​ទន្ទឹមគ្នានេះ ខណៈពេលដែល​អាហារូបត្ថម្ភ​ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​អាទិភាព​គោលនយោបាយ​ថវិកា​របស់​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១៧ ថវិកា​ត្រូវបាន​បែងចែក​គឺ​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​ករណី​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ចំនួន ៣២00 ករណី​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។ លើសពីនេះ ការបែងចែក​នេះ​គឺ​សម្រាប់​លទ្ធកម្ម​អាហារ​ព្យាបាល​កុមារ​មាន​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ហើយ​មិន​គ្របដណ្តប់​លើ​ការចំណាយ​ប្រតិបត្តិ​ការដែល​ត្រូវការ​ដើម្បី​បង្កើន​ទំហំ​កម្មវិធី​នោះទេ​។​

​បច្ចុប្បន្ននេះ ធនធាន​របស់​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​គឺអាច​ព្យាបាល​កុមា​ចំនួន​ប្រមាណ​តែ​១០​ភាគរយ​នៃ​កុមា​ការ​ដែលមាន​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​ធ្ងន់ធ្ងរ​ត្រូវការ​ការសង្គ្រោះ​អាយុជីវិត ដែល​មិនបាន​សម្រេច​គោលដៅ​ដែល​បាន​កំណត់ដោយ​ផែនការ​ជាតិ​ឆ្នាំ ២០១៤ គឺ​ត្រឹម​ឆ្នាំ​២០២០ សម្រេច​ឱ្យបាន​ការព្យាបាល​កុមារ​ដែលមាន​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​ធ្ងន់ធ្ងរ ចំនួន ២៥០០​នាក់​ជា​រៀងរាល់ឆ្នាំ​។​

​យ៉ាងណាមិញ តាមរយៈ​សិក្ខាសាលា​ដែលមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ពី​ស្ថាប័ន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ បានបង្ហាញ​ក្តី​រំពឹងថា តាមរយៈ​ការដាក់​ដំណើរការ​គម្រោង​ខាងលើនេះ នឹង​ជួយ​កាត់បន្ថយ​កម្រិត​នៃ​កង្វះ​អាហារូបត្ថម្ភ​ក្នុងចំណោម​កុមារ​កម្ពុជា នាំ​ពួកគេ​ឱ្យមាន​សុខភាព​ល្អ មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ មាន​IQ ខ្ពស់ និង​ជួយ​កាត់បន្ថយ​អត្រា​មរណៈភាព​កុមារ​កម្ពុជា​ថែមទៀត​៕