
រូបភាព ក្រសួងសុខាភិបាល
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លើកទឹកចិត្តអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ពង្រឹងការទទួលខុសត្រូវ និងធានាឱ្យបាននូវការអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនាពេលអនាគតប្រកបដោយប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាព ដើម្បីរួមចំណែកឱ្យមានកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
ការលើកទឹកចិត្តនេះត្រូវបានធ្វើឡើង ខណៈរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម «ក.ជ.ស.ប»លោកស្រី ឱ វណ្ណឌីន បានជួបពិភាក្សាការងារជាមួយលោក អ៊ូច ភា អភិបាលខេត្តតាកែវ ស្តីពីការបង្កើនការថែទាំសុខភាពបឋមនៅសហគមន៍ ដោយមានការចូលរួមពីលោកស្រី លី អាឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣។
ពាក់ព័ន្ធកិច្ចការនេះ លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ និងជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅសហគមន៍ ដែលជាគំរូមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) ជាមួយនឹងការពង្រឹងការងារផ្តល់សេវានៅតាមមណ្ឌលសុខភាព ដោយផ្តោតលើការផ្តល់សេវាតាមបែបអភិក្រមប្រជាជនជាមជ្ឈមណ្ឌលកណ្តាល ដើម្បីធ្វើឱ្យបានល្អប្រសើរឡើងនូវសុខភាពប្រជាជនទូទៅ។
លោកស្រីថា៖«ការរៀបចំបង្កើតឱ្យមានសហគមន៍គំរូ ដែលមានប្រជាជនសុខភាពល្អ និងអាយុវែង នឹងជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ព្រមទាំងឆ្ពោះទៅរកការធ្វើទំនើបកម្មឌីជីថលក្នុងផ្នែកនេះផងដែរ»។
ទោះជាយ៉ាងណាក្តី ការពង្រឹងសមត្ថភាពការងាររបស់គណ:កម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) ក្រុមទ្រទ្រង់សុខភាព (VHSG) និងក្រុមប្រឹក្សាពិគ្រោះយោបល់ស្ត្រីនិងកុមារ (គ.ក.ន.ក) ឱ្យមានគុណភាព និងនៅតាមតំបន់ឱ្យមានការចូលរួមពីសហគមន៍ដើម្បីកាត់បន្ថយហានិភ័យលើសុខភាព និងហិរញ្ញវត្ថុដែលត្រូវចំណាយក្នុងការព្យាបាលជំងឺ គឺជាកត្តាចាំបាច់មួយដែលអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពដោយមានផែនការត្រឹមត្រូវ និងមានការគាំទ្រលើកទឹកចិត្ត។
ក្នុងនាមអភិបាលខេត្តតាកែវ លោក អ៊ូច ភា បានថ្លែងអំណរគុណចំពោះវត្តមានប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក នៅលើទឹកដីខេត្តតាកែវ ព្រមទាំងបានប្តេជ្ញាជាមួយក្រសួងសុខាភិបាល ចូលរួមអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (PHC) នៅខេត្តតាកែវ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានោះដែរ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អាឡែន បានលើកឡើង ៣ចំណុច ដែលអង្គការសុខភាពពិភពលោកប្រចាំកម្ពុជានឹងជួយគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ទី១ ការគ្រប់គ្រងជំងឺកូវីដ១៩ និងត្រៀមខ្លួនឆ្លើយតបនឹងវិបត្តិសុខភាពនានាដែលអាចកើតមានឡើងនាពេលអនាគត ទី២ បន្ថែមការវិនិយោគលើសុខភាពសាធារណៈ និងទី៣ វិនិយោគលើការងារថែទាំសុខភាពបឋម (PHC) ឆ្លើយតបបានតាមតម្រូវការពិតប្រាកដរបស់សហគមន៍។
បន្ថែមពីនេះលោកស្រី បានលើកទឹកចិត្តអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពង្រឹងការទទួលខុសត្រូវក្នុងភាពជាម្ចាស់ ធានាឱ្យបាននូវការអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនាពេលអនាគតប្រកបដោយប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាព។ លោកស្រីថ្លែងថា៖«ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ជាការកំណត់គោលដៅដែលមានសុពលភាព និងជាក់ស្តែងអាចអនុវត្តបាននាពេលអនាគត» ៕