
លោក ហេង សំរិន និងលោក ហ៊ុន សែន អញ្ជើញជាអធិបតី ពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។ AKP
ភ្នំពេញៈ លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ជំរុញអង្គមហាសន្និបាតគណបក្សរួមគ្នាធ្វើរាល់កិច្ចការឱ្យបានល្អបំផុតដើម្បីឈានទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោត នៅខែកក្កដា ខាងមុខ និងរួមគ្នាសម្រេចឱ្យបាននូវកម្មវិធីនយោបាយថ្មីមួយរបស់គណបក្សដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការដឹកនាំប្រទេសរយៈពេល៥ឆ្នាំ។
ក្នុងពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនាថ្ងៃទី២៨ ខែមករា លោក ហេង សំរិន ដែលជាប្រធានរដ្ឋសភា ថ្លែងថា ឆ្នាំ២០២៣ គឺជាឆ្នាំដែលត្រូវបញ្ចប់អាណត្តិរដ្ឋសភា និងរាជរដ្ឋាភិបាលឆ្នាំ២០១៨-២០២៣ និងក៏ជាឆ្នាំដែលត្រូវចាប់ផ្តើមនីតិកាលថ្មីរយៈពេល៥ឆ្នាំបន្តទៀត។
លោកថ្លែងថា៖ «យើងពិតជាមានកិច្ចការច្រើនណាស់ ដែលត្រូវធ្វើនាពេលចំពោះមុខ ហើយក្នុងនោះក៏ត្រូវរួមគ្នាធ្វើរាល់កិច្ចការឱ្យបានល្អបំផុតដើម្បីឈានទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧»។
លោកបន្តថា គណបក្សបានខិតខំជាបន្តបន្ទាប់រួចមកហើយ តាមរយៈការអនុវត្តនូវទិសដៅការងារដែលកំណត់ដោយសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ កាលពីខែធ្នូ ឆ្នាំ២០២១ និងដោយសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញ កាលពីខែកក្កដា ឆ្នាំ២០២២ ព្រមទាំងទិសដៅជាក់ស្ដែងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្ស បានណែនាំនៅក្នុងពិធីសំណេះសំណាលជាមួយមន្ដ្រីនៅរាជធានី និងខេត្តនានា។
លោក ហេង សំរិន បន្ថែមថា៖ «ប៉ុន្តែចាប់ពីពេលនេះទៅយើងត្រូវតែជំរុញល្បឿននៃការអនុវត្តទិសដៅខាងលើឱ្យកាន់តែខ្លាំងក្លាថែមទៀត ព្រោះជិតដល់ទីផ្តាច់ព្រ័ត្រហើយ»។
លោកបន្តថា៖ «អង្គមហាសន្និបាតរបស់យើងនៅពេលនេះ គឺត្រូវរួមគ្នាសម្រេចឱ្យបាននូវកម្មវិធីនយោបាយថ្មីមួយរបស់គណបក្ស ដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការដឹកនាំប្រទេសរយៈពេល៥ឆ្នាំ ហើយដែលដំបូងបង្អស់គឺត្រូវយកទៅឃោសនាផ្សព្វផ្សាយនៅពេលយុទ្ធនាការឃោសនាបោះឆ្នោតបន្តទៀត ដើម្បីឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតបានយល់ជ្រួតជ្រាប និងបោះឆ្នោតគាំទ្រគណបក្សយើង»។
លោក ហេង សំរិន បន្តថា គណបក្សបានពង្រឹងពង្រីកបានធនធានមនុស្សសម្បូរបែប ជាពិសេសមានធនធានសម្រាប់បន្តវេនតាមសម័យកាល ពង្រឹងរចនាសម្ព័ន្ធចាត់តាំងគ្រប់ថ្នាក់បានរឹងមាំ ពង្រឹងពង្រីកសមាជិកបក្សទូលំទូលាយដល់គ្រប់មជ្ឈដ្ឋានក្នុងសង្គម និងមានកន្លែងធ្វើការដូចជា អគារវិមាន៧មករា និងអគារនៃទីស្នាក់ការគណបក្សគ្រប់ថ្នាក់ រឹងមាំ ស័ក្តិសម សមរម្យ នៅទូទាំងប្រទេស ព្រមទាំងមានមធ្យោបាយផ្សេងទៀតសម្រាប់ធ្វើការងារផងដែរ។
លោកថ្លែងថា៖ «ទាំងអស់នេះ បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សឈានមុខដែលមានឧត្តមភាពខ្ពស់សម្រាប់ការប្រកួតប្រជែងក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស និងក៏ជាផែនគ្រឹះទ្រទ្រង់ឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍវែងឆ្ងាយយូរអង្វែង»។
របៀបវារៈនៃអង្គមហាសន្និបាតរួមមាន ទី១. ឆ្លង និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ពីឆ្នាំ២០១៨ដល់២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣។ ទី២. ឆ្លង និងអនុម័តលើសេចក្តីព្រាងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨។ ទី៣. ពិនិត្យ និងវាយតម្លៃថែមទៀតអំពីភារកិច្ចឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅខែកក្កដា ខាងមុខ៕