
រូបភាព សារមន្ទីរជាតិកម្ពុជា
សារមន្ទីរជាតិកម្ពុជា នៅថ្ងៃទី ២៨ ខែមករានេះ បានឱ្យដឹងថា លទ្ធផលនៃការតភ្ជាប់ព្រហស្តចំនួន ២ ដែលត្រូវបានរកឃើញជាបន្តបន្ទាប់នោះ បានបង្ហាញថា គឺជាព្រះហស្តរបស់ព្រះបាទជយវរ្ម័នទី៧ ពិតមែន បន្ទាប់ពីធ្វើការបង្គំឡើងវិញអស់រយៈពេលជាច្រើនឆ្នាំ។
សារមន្ទីរជាតិកម្ពុជា/National Museum of Cambodia បានឱ្យដឹងថា បំណែករូបព្រះបាទជយវរ្ម័នទី៧ រកឃើញដោយលោក Henri Marchal នាឆ្នាំ១៩២៤ ហើយបានយកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១។ ក្រោយមកលោក Georges Groslier បានដឹកយកមករក្សាទុកនៅសារមន្ទីរជាតិ និងផ្គុំឡើងវិញនៅចុងឆ្នាំ១៩៣៤។ លុះដល់ឆ្នាំ១៩៩៨ ក្រុមការងារអភិរក្ស និងជួសជុលនៃសារមន្ទីរជាតិសង្កេតឃើញថា ការផ្គុំភ្ជាប់ឡើងវិញនោះមិនត្រឹមត្រូវទេ ទើបសម្រេចរុះរើ និងអភិរក្សជួសជុលឡើងវិញតាមបទដ្ឋានបច្ចេកទេស រហូតបញ្ចប់ក្នុងឆ្នាំ១៩៩៩។
ប្រភពដដែលបន្តថា ជាកំណត់សម្គាល់ បំណែកព្រះហស្តស្តាំនៃរូបព្រះបាទជយវរ្ម័នទី៧ រកឃើញនៅក្នុងឆ្នាំ១៩៩០ ដោយឡែកបំណែកកំណាត់ដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ប៉ុន្តែបំណែកទាំងពីរនេះ អ្នកស្រាវជ្រាវខ្មែរលោកបណ្ឌិត មីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថាបំណែកទាំងពីរនេះជាបំណែកព្រះហស្ដរបស់ព្រះបាទជយវរ្ម័នទី៧ ប៉ុន្តែលោកគ្មានឱកាសក្នុងការយកមកសាកល្បងតភ្ជាប់ជាមួយរូបព្រះអង្គនៅសារមន្ទីរជាតិឡើយ។
សារមន្ទីរជាតិកម្ពុជា បន្តថា៖«សម្មតិកម្មនេះ បានបញ្ជាក់ច្បាស់នាឆ្នាំ២០១៩ ពីក្រុមស្រាវជ្រាវបារាំងបានប្រើប្រាស់បច្ចេកវិទ្យា 3D ស្កេនសាកល្បងតភ្ជាប់។ ការតភ្ជាប់ដោយបច្ចេកវិទ្យានេះ បង្ហាញថាបំណែកដៃទាំងពីរពិតជារបស់ព្រះបាទជយវរ្ម័នទី៧ពិតប្រាកដមែន ព្រោះស្នាមតំណដែលបែកបាក់នោះត្រួតស៊ីគ្នាល្អស្ទើរ១០០%»។
បន្ទាប់ពីមានការផ្សព្វផ្សាយលទ្ធផលនៃការសាកល្បងតភ្ជាប់ដោយបច្ចេកវិទ្យា 3D រួចមក ថ្នាក់ដឹកនាំសារមន្ទីរជាតិ បានសម្រេចស្នើសុំយកបំណែកព្រះហស្ដទាំងពីរនេះមករក្សាទុកនៅសារមន្ទីរក្នុងឆ្នាំ២០២១ ដើម្បីសាកល្បងតភ្ជាប់ជាមួយនឹងរូបរបស់ព្រះអង្គផ្ទាល់។
លុះដល់ខែមករា ឆ្នាំ២០២៣ ក្រុមការងាររោងជាងនិងអភិរក្សថ្ម និងសាលាបារាំងចុងបូព៌ា (EFEO) បានសាកល្បងយកព្រះហស្ដទាំងពីរនេះមកតភ្ជាប់ ដើម្បីបញ្ជាក់ពីសម្មតិកម្មនាពេលកន្លងមក និងធ្វើការអង្កេតវាយតម្លៃ ពិភាក្សាដើម្បីរកបច្ចេកទេសក្នុងការតភ្ជាប់ព្រះហស្ដទាំងពីរនាពេលអនាគត។
សារមន្ទីរជាតិ បញ្ជាក់យ៉ាងដូច្នេះថា៖«គោលបំណងនៃការអភិរក្ស និងជួសជុលនេះ ដើម្បីប្រយោជន៍លើកតម្កើងកិត្យានុភាព និងរំឭកគុណូបការពុំអាចកាត់ថ្លៃបានរបស់ព្រះមហាវីរក្សត្រនាសម័យអង្គរ ដែលបានបូជាកម្លាំងកាយចិត្តសម្រាប់ការពារកម្ពុជានៃយើង»៕