អ្នកនាំពាក្យក្រសួងការបរទេស សម្តែងការខកចិត្ត និងច្រានចោលនូវការលើកឡើងរបស់វិទ្យុមួយ ដែលផ្សាយថា ស្ថានតំណាងកម្ពុជា ធ្វើការដោយមាននិន្នាការនយោបាយ និងមិនមានការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់កម្មករ ដោយចាត់ទុកថាជាព័ត៌មានបំភាន់សាធារណជន។
ពាក់ព័ន្ធនឹងការចុះផ្សាយនេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៣ ស្តីពី“អ្នករាយការណ៍ព័ត៌មានគួរធ្វើការ ដោយផ្អែកលើអង្គហេតុពិត និងស្ថិតិ មិនមែនផ្អែកលើពាក្យចចាមអារ៉ាម និងព័ត៌មានបំភាន់ទេ»។
ក្នុងសេចក្តីថ្លែងការណ៍នេះសង្កត់ធ្ងន់ថា៖« អ្នកនាំពាក្យក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា មានការខកចិត្ត និងសូមច្រានចោលអត្ថបទដែលបង្កឱ្យមានការភាន់ច្រឡំរបស់វិទ្យុបរទេសមួយផ្សាយជាខេមរភាសា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដែលផ្សាយផ្អែកទាំងស្រុងលើប្រភពព័ត៌មានមិនបានផ្ទៀងផ្ទាត់ ក្នុងគោលបំណងបំភ្លឺទាំងស្រុងនូវការងារដ៏សំខាន់របស់ស្ថានទូតកម្ពុជានៅបរទេស»។
ប្រភពដដែលបន្តថា វិទ្យុនោះ បានផ្សាយថា ស្ថានតំណាងកម្ពុជា ធ្វើការដោយមាននិន្នាការនយោបាយ និងមិនមានការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់កម្មករ គឺធ្វើឡើងដោយគ្មានមូលដ្ឋាន មានភាពលម្អៀង និងមានការរើសអើង។ ប្រភពនេះបញ្ជាក់ថា ការពិតគឺ គ្រប់ស្ថានតំណាងកម្ពុជាទាំងអស់ខិតខំបំពេញការងារ ដោយមិនខ្លាចនឿយហត់ ក្នុងការជួយគាំពារ និងជួយឧបត្ថម្ភពលរដ្ឋកម្ពុជានៅក្រៅប្រទេស ដោយអនុលោមតាមច្បាប់ និងមិនគិតពីនិន្នាការនយោបាយទេ។
“វិទ្យុខាងលើហាក់ភ្លេចនូវសេចក្តីរាយការណ៍ក្នុងឆ្នាំ២០១៩របស់ខ្លួន ដែលថ្លែងថា ពលករ ខ្មែរម្នាក់បានទទួលឯកសារកុងស៊ុលពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅវេលាម៉ោង ១០ យប់។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានសម្របសម្រួលជាមួយមន្ទីរពេទ្យនានា ធ្វើការលើកលែងអនុគ្រោះថ្លៃព្យាបាលជំងឺ ក្រោមហេតុផលមនុស្សធម៌ ជូនដល់អ្នកជំងឺខ្មែរ ដែលគ្មានលទ្ធភាពបង់ប្រាក់ បានចំនួន ២៣ ករណី។ នេះគ្រាន់តែជាឧទាហរណ៍មួយ ដែលបានជ្រើសរើសចេញពីស្ថានទូតកម្ពុជាមួយ ក្នុងចំណោមស្ថានតំណាងកម្ពុជានៅបរទេស ប៉ុណ្ណោះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ។
ពាក់ព័ន្ធវិស័យសារព័ត៌មាននេះដែរ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ហ៊ុយ
វណ្ណៈ ធ្លាប់លើកឡើងថា ក្រមសីលធម៌អ្នកសារព័ត៌មាន គឺជាអាវក្រោះដ៏សំខាន់សម្រាប់អ្នកសារព័ត៌មាន ចៀសវាងផ្សាយព័ត៌មានមិនពិតដែលនាំឱ្យប៉ះពាល់ដល់គុណតម្លៃនៅក្នុងវិស័យសារព័ត៌មាន។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងទៀតថា ក្នុងស្ថានភាពរីករាលដាលធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ១៩ក្នុងឆ្នាំ២០២០ ស្ថានតំណាងកម្ពុជា នៅបរទេស បានសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរប្រមាណ ២៩០០ នាក់ និងបានផ្តល់ដោយគ្មានការរើសអើងនូវជំនួយរដ្ឋបាល កុងស៊ុល និងសម្ភារជូនពលករនិងនិស្សិតខ្មែរ សរុប ជាង ២៦ ០០០ នាក់ នៅតាមប្រទេសផ្សេងៗជាច្រើន៕