ភ្នំពេញៈ ក្នុង​រយៈពេល​ ២៨ ​ថ្ងៃ យានយន្ត​ល្មើស​ចំនួន​ជិត ​៧ ០០០ ​គ្រឿង ​ត្រូវបាន​ផាកពិន័យ​នៅ​ទូទាំងប្រទេស ខណៈ​នៅ​ថ្ងៃទី ២៨ ខែមករា នេះ យានយន្ត​ល្មើស​ចំនួន​ជាង ​២២០​ គ្រឿង ​ត្រូវបាន​ផាកពិន័យ​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បាន​ដកស្រង់​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ស្តីពី​ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃទី​២៨ ខែមករា ថា នៅក្នុង​គោលដៅ​ចំនួន​១១៤ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន ១ ១៩៧​គ្រឿង ម៉ូតូ​ចំនួន ៣៥៩​គ្រឿង​។ ក្នុងនោះ​រកឃើញ យានយន្ត​ល្មើស​សរុប​ចំនួន ២២៩​គ្រឿង មាន​ម៉ូតូ​ចំនួន ១៤២​គ្រឿង ត្រូវបាន​ផាកពិន័យ​នៅ​ទូទាំងប្រទេស​។​

​របាយការណ៍​បន្តថា​៖ «​ក្នុង​រយៈពេល​២៨​ថ្ងៃ (​ថ្ងៃទី​១-២៨ ខែមករា​) ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក យានយន្ត​ចូល​គោលដៅ​មាន​ចំនួន ២៨ ៩៦៤​គ្រឿង ក្នុងនោះ​រកឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន ៦ ៩៧៧​គ្រឿង ម៉ូតូ​មាន​ចំនួន ៥ ៧៧៨​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក នៅ​ទូទាំងប្រទេស​»​។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​២៨​ថ្ងៃ​នៃ​ខែមករា​នេះ​ថា ការ​អនុវត្តតាម​អនុក្រឹត្យ ការផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អប្រសើរ​៕