
ភ្នំពេញៈ លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ បានដឹកនាំមន្ត្រីនគរបាលទៅបំពេញទស្សនកិច្ចសិក្សានៅជប៉ុនរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែមករា ដើម្បីដកពិសោធន៍ការងារលើកិច្ចការពារព្រឹត្តិការណ៍កីឡាធំៗ និងការអនុវត្តប្រព័ន្ធការងាររបស់នគរបាលមូលដ្ឋាន (KOBAN) របស់ជប៉ុន។
អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី២៨ ខែមករា ថា ប្រតិភូនគរបាលជាតិកម្ពុជាបានដកពិសោធន៍លើការងារការពារព្រឹត្តិការណ៍កីឡាអូឡាំពិក (Tokyo 2020) ដែលទីភ្នាក់ងារនគរបាលជាតិជប៉ុនបានអនុវត្តកន្លងទៅ ដើម្បីសិក្សាយកចំណុចល្អៗមកអនុវត្តក្នុងការការពារព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) ឆ្នាំ២០២៣ និងកីឡាជនពិការអាស៊ីអាគ្នេយ៍ (ASEAN PARA GAMES) ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែឧសភា ខាងមុខនេះ។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «ទន្ទឹមនេះ ប្រតិភូនគរបាលជាតិកម្ពុជា ក៏បានចុះសិក្សាអំពីប្រព័ន្ធនគរបាលមូលដ្ឋាននៅក្នុងប្រទេសជប៉ុនផងដែរ»។
ប្រភពដដែលបន្តថា ប្រតិភូនគរបាលជាតិកម្ពុជា បានជួបជាមួយលោក Yasuhiro Tsuyuki អគ្គស្នងការ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន ដោយភាគីទាំង២បានលើកឡើងអំពីទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ និងវិស័យនគរបាល។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «ភាគីនគរបាលជាតិកម្ពុជា បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់របស់សមត្ថកិច្ចកម្ពុជា លើការការពារសន្តិសុខ សុវត្ថិភាព និងការដោះស្រាយបញ្ហា ជូនដល់អ្នកវិនិយោគទុនជប៉ុន ក៏ដូចជាអ្នកវិនិយោគគ្រប់ជាតិសាសន៍ទាំងអស់»៕