ភ្នំពេញៈ ស្ថាប័ន​រដ្ឋាភិបាល និង​ដៃគូ​ជាតិ​-​អន្តរជាតិ បាន​រៀច​បំ​កិច្ចប្រជុំ​ស្តីពី​ការ​គ្រប់​គ្រង​សំណល់​សមុទ្រ (Marine Debris)​ ពិសេស​សំណល់​ប្លា​ស្ទិ​ក​នៅតាម​គោលដៅ​ទេសចរណ៍ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដើម្បី​ប្រមូល​ធាតុ​ចូល​សម្រាប់​រៀបចំ​ផែនការ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការ​គ្រប់​គ្រងសំណល់​ប្លា​ស្ទិ​កមាន​ប្រសិទ្ធ​ភាព​។​

កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នេះ ត្រូវបាន​រៀបចំឡើង កាលពី​ថ្ងៃទី​ ២៨ ខែមករា ដោយមាន​ការចូលរួម​ពី រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​លោក នី ផល្លី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​លោក ឡុង ឌី​ម៉​ង់ និង​មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី តំណាង​ក្រសួង​ពាក់ព័ន្ធ អភិបាលរង​ខេត្ត​ជាប់មាត់​សមុទ្រ​ទាំង​ ៤ និង​តំណាង​គម្រោង អង្គការ​ជាតិ​-​អន្តរជាតិ សរុប​ប្រមាណ​ ៣០ ​រូប នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​។​

កិច្ចប្រជុំ​នេះ​មាន​គោលបំណង ចងក្រង​ប្រមូល​ធាតុ​ចូល​ដើម្បី​រៀបចំ​ផែនការ​ពង្រឹង ការគ្រប់គ្រង​សំណល់​សមុទ្រ ជាពិសេស​សំណល់​ប្លា​ស្ទិ​ក​នៅតាម​គោលដៅ ទេសចរណ៍​តំបន់​សមុទ្រ​កម្ពុជា​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការ​គ្រប់​គ្រង​សំណល់​សមុទ្រ កាន់​តែមាន​ប្រសិទ្ធភាព និង​មានការ​ចូលរួម​ទទួលខុសត្រូវ​ខ្ពស់​តាម​ជំនាញ​។ ការ​គ្រប់​គ្រងសំណល់​សមុទ្រ​នេះ គឺជា​គំនិត​ផ្តួចផ្តើម​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គោលដៅ​ធានា​ឱ្យបាន​នូវ​សោភណភាព​ស្អាត បរិស្ថាន​ល្អ និង​ជីវចម្រុះ​សម្បូរបែប ស័ក្ដិ​សមជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​។​

នា​ពិធី​នោះ លោក នី ផល្លី បាន​ថ្លែងអំណរគុណ​ដល់ អាជ្ញាធរ​មូលដ្ឋាន គម្រោង​អង្គការ និង​អ្នកពាក់ព័ន្ធ​នានា ដែល​បាន​រួច​ចំណែក​យ៉ាងសកម្ម​បំផុត ក្នុងការ​សម្អាត​កាកសំណល់​នៅតាម​ឆ្នេរសមុទ្រ ច្រាំងទន្លេ និង​បឹងបួជាដើម​។

លោក ឡុង ឌី​ម៉​ង់ បាន​ថ្លែងថា កិច្ចប្រជុំ​ពិភាក្សាគ្នា​អំពី​បញ្ហា​សំណល់​សមុទ្រ​មិនមែនជា​កាតព្វកិច្ច​ផ្តាច់មុខ​របស់​ស្ថាប័ន​ណាមួយ​ឡើយ ដោយ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ទាំងអស់​។

លោក​ថា​៖ «​យើង​ត្រូវការ​ការចូលរួមចំណែក​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​រដ្ឋ និង​ឯកជន ទាំង​សហគមន៍ និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀតផង​ដែរ​»​។​

​សូមជម្រាបថា តាមរយៈ​បទ​បង្ហាញ និង​ការពិភាក្សា អង្គប្រជុំ​ទទួលបាន​មតិយោបល់​សំខាន់ៗ​យ៉ាងច្រើន​លើសលប់​ពី​ភាគី​ពាក់ព័ន្ធ និង​បាន​ចងក្រង​ជា​ធាតុ​ចូល​សម្រាប់​កសាង​ផែនការ​សកម្មភាព​ដើម្បី​ជា​ផែនទី​ចង្អុល​ផ្លូវ​នាពេល​អនាគត​។​

យោងតាម​ការសិក្សា​រប​ស់​ក្រសួងបរិស្ថាន​បានឱ្យដឹងថា សំណល់​ប្លា​ស្ទិ​ក​ក្នុងប្រទេស​កម្ពុជា​បាន​កើនឡើង​ដោយសារតែ​កំណើន​ប្រជាពលរដ្ឋ កំណើន​ជីវភាព​និង​សេដ្ឋកិច្ច ការផ្លាស់ប្តូរ​ឥរិយាបថ​ក្នុងការ​ប្រើប្រាស់ និង​ការប្រើប្រាស់​ប្លា​ស្ទិ​ក​សម្រាប់​វេច​ខ្ចប់​ម្ហូបអាហារ ឬ​សម្ភារ​ផ្សេងៗ និង​ក​ខ្វះខាត​ចំណេះដឹង​ក្នុង​ការញែក​សំរាម​។

ការសិក្សា បានឱ្យដឹងថា​៖ «​ការបំពុល​បរិស្ថាន​ស​មុ​ទ្រ​ដោយសារ​ប្លា​ស្ទិ​ក បង្ក​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ ទន្លេ បឹងបួ ជីវចម្រុះ និង​មនុស្ស ហើយ​បច្ចុប្បន្ននេះ សំរាម​ភាគច្រើន​នៅក្នុង​សមុទ្រ​របស់​យើង គឺ​សំរាម​ប្លា​ស្ទិ​ក​»៕