ស្វាយរៀងៈ ការធ្លាក់ខ្លួនពិការដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មិនមែនជាជម្រើសរបស់ប្រជាពលរដ្ឋទេ វាកើតចេញពីប្រវត្តិសាស្រ្តពិតនៃការបែកបាក់សាមគ្គី និងជម្លោះផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ ដែលនាំឱ្យមានសង្រ្គាមអូសបន្លាយអស់រយៈពេលជាង ៣ ទសវត្សរ៍នៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានលើកឡើងដូចនេះ ក្នុងអំឡុងពេលលោកនាំយកអំណោយប្រគល់ជូនជនមានពិការដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅសង្កាត់ទាំង ៥ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

លោក លី ធុជ បានបន្តថា ៖ «ការរក្សាឱ្យបាននូវសន្តិភាព គឺជាគុណតម្លៃដែលនាំឱ្យប្រទេសជាតិមានការរីកចម្រើន ហើយជីវភាពរបស់ប្រជាពលរដ្ឋទាំងអស់កាន់តែប្រសើរឡើង តាមរយៈការទទួលបាននូវឱកាសការងារ ប្រាក់ចំណូល និងការអភិវឌ្ឍនៅមូលដ្ឋាន»។

លោកក៏បានបញ្ជាក់ផងដែរថា ទោះបីជាអ្នកនោះធ្លាក់ខ្លួនពិការ ប៉ុន្តែមិនមែនពិការសមត្ថភាពទេ តែនៅមានចក្ខុវិស័យក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ អភិវឌ្ឍសង្គម និងគ្រួសារ។

រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេស និងលើកកម្ពស់ដល់ជនមានពិការភាព តាមរយៈការជំរុញឱ្យគ្រប់ក្រសួង ស្ថាប័ន និងបណ្តាក្រុមហ៊ុននានា ផ្តល់អាទិភាពឱ្យចូលរួមបម្រើការងារ។

ទាក់ទងនឹងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនេះ លោក លី ធុជ បានឱ្យដឹងថា តាមរយៈគម្រោង«សម្តេចតេជោសម្រាប់សកម្មភាពមីន មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងដៃគូអភិវឌ្ឍន៍ នៅឆ្នាំ២០២៣» ផ្ទៃដីមានមីនប្រមាណជា ៤១១ គីឡូម៉ែត្រក្រឡា មាននៅក្នុងផែនការធ្វើការបោសសម្អាត។

លោកថា ៖ «កម្ពុជានឹងមានរាជធានី ខេត្ត ចំនួន ១៨ ត្រូវបានប្រកាស ជារាជធានី ខេត្តអស់មីន ហើយខេត្តចំនួន ៧ ទៀត នឹងត្រូវដាក់ផែនការបោសសម្អាតឱ្យអស់ត្រឹមឆ្នាំ២០២៥ រួមមាន ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ខេត្តប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ»។

លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក៏ធ្លាប់បានលើកឡើងដែរថា នៅពេលដែលកម្ពុជាអស់មីន គឺប្រជាពលរដ្ឋនឹងលែងធ្លាក់ខ្លួនពិការ ឬស្លាប់ដោយសារគ្រាប់មីនបន្តទៀតហើយ ហើយដីស្រែចម្ការរាប់ពាន់ហិកតានឹងត្រូវរំដោះចេញពីឃាតករលាក់មុខមួយនេះផងដែរ។

សូមបញ្ជាក់ថា ខេត្តកំពង់ចាម នឹងរៀបចំធ្វើពិធីអបអរសារទរការប្រកាសជាខេត្តអស់មីន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកុម្ភ: ខណៈដែលខេត្តស្វាយរៀង ក៏នឹងប្រកាសជាខេត្តអស់មីន នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣។

ដោយឡែក កាលពីព្រឹកថ្ងៃទី ២៨ ខែមករា មានករណីផ្ទុះគ្រាប់កែច្នៃ នៅក្នុងផ្ទះជនរងគ្រោះ នៅភូមិកន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលបានបណ្តាលឱ្យបុរសម្នាក់ អាយុ៤២ឆ្នាំ បានស្លាប់នៅខណៈពេលបញ្ជូនមកកាន់មន្ទីរពេទ្យ។

ក្នុងករណីនេះ អាជ្ញាធរមីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំប៉ះពាល់ វាយដំ កែច្នៃមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលវាអាចបណ្តាលឱ្យស្លាប់ របួស ពិការគ្រប់ពេល ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕