
លោកស្រី ភឿង សកុណា នៅក្នុងសន្និបាតកាលពីថ្ងៃទី ២៧ មករា។ រូបថត ក្រសួងវប្បធម៌
ភ្នំពេញៈ តាមរយៈការបូកសរុបលទ្ធផលការងារពេញ ១ ឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានថ្លែងថា ក្នុងឆ្នាំ ២០២៣ ក្រសួងវប្បធម៌នឹងទទួលទំហំសកម្មភាពការងារច្រើនជាងឆ្នាំ ២០២២ ប៉ុន្តែក្រសួង នឹងខិតខំសម្រេចឱ្យបានស្របតាមផែនការរបស់រដ្ឋាភិបាលលើចក្ខុវិស័យទាក់ទងនឹងវប្បធម៌។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារពេញ ១ ឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ ២៧ ខែមករា នៅសាលសន្និ សីទចតុមុខ ក្រោមការដឹកនាំដោយលោកស្រីភឿង សកុណា និងវត្តមានចូលរួមរបស់ថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងគ្រប់ជាន់ថ្នាក់ ដើម្បីពិភាក្សាលើសមិទ្ធផលនិងការងារដែលក្រសួងសម្រេចបានក្នុងឆ្នាំ ២០២២ និងកំណត់ផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២៣។
ក្នុងសន្និបាតនោះ លោកស្រីភឿង សកុណា លើកឡើងថា ក្រសួងវប្បធម៌បានសម្រេចកិច្ចការជាច្រើនយ៉ាងជោគជ័យនៅក្នុងឆ្នាំ ២០២២ ហើយជោគជ័យទាំងនេះ ជាគំរូដែលអង្គសន្និបាត បានកំណត់ទិសដៅសកម្មភាពការងារជាអាទិភាពសរុបចំនួន ១ ៨៦៧ សកម្មភាពសម្រាប់ឆ្នាំ ២០២៣ ។
លោកស្រីគូសបញ្ជាក់ថា៖ «ខ្ញុំក៏សូមបញ្ជាក់ដែរថា ចំនួនសកម្មភាពការងារដែលបានគ្រោងទាំង ១ ៨៦៧ នេះ គឺនៅមិនទាន់រាប់បញ្ចូលទិសដៅការងាររបស់ក្រុមការងារសំខាន់ៗដែលបង្កើតឡើងតាមការចាំបាច់របស់ក្រសួង ពិសេសក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រុមការងារកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈ»។
លោកស្រីបានបន្តថា៖ «ទន្ទឹមគ្នានេះ ក្រសួងក៏មានយុទ្ធសាស្ត្រគាំទ្រ និងសហការជាមួយដៃគូជាតិអន្តរជាតិផងដែរ។ អាស្រ័យហេតុនេះ ទំហំការងារឆ្នាំ ២០២៣ របស់ក្រសួង នឹងមានការកើនឡើងលើសពីចំនួនសកម្មភាពដែលបានគ្រោងទុកទាំងនេះ»។
ដោយសារស្ថានភាពឆ្នាំ ២០២៣ មានសភាពស្ងប់ស្ងាត់ និងមានស្ថិរភាពពីជំងឺកូវីដ ១៩ ក្រសួងវប្បធម៌ មានសុទិដ្ឋិនិយមខ្ពស់ក្នុងការសម្រេចផែនការការងារខ្លួនក្នុងឆ្នាំ ២០២៣ នោះ បើទោះបីអាចមានទំហំការងារច្រើនជាងការគ្រោងទុកចំនួន ១ ៨៦៧ សកម្មភាពក្តី ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រដ្ឋាភិបាលលើគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌។
បើតាមក្រសួងវប្បធម៌ ផែនការ សកម្មភាពអាទិភាពក្នុងឆ្នាំ ២០២៣ នោះរួមមានការត្រៀមរៀបចំនិងសហការរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនទៀត ដូចជា ទិវាវប្បធម៌ជាតិដែលមានពិធីជួបជុំរវាងសិល្បករសិល្បការិនីចំនួន ៤ ពាន់នាក់ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅក្នុងខែមីនា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងខែមេសា, ព្រឹត្តិការណ៍ស៊ីហ្គេម,ការស្នើចុះបញ្ជីរមណីយ ដ្ឋានប្រាសាទកោះកេរជាបេតិកភណ្ឌពិភពលោកនិងព្រឹត្តិការណ៍ធំៗជាច្រើនផ្សេងទៀត។
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមបានថ្លែងថា លោកមើលឃើញពីសកម្មភាពជោគជ័យជាច្រើនរបស់ក្រសួងវប្បធម៌ដូចជាជោគជ័យលើ ការរៀបចំព្រឹត្តិការណ៍វប្បធម៌ និងពិធីបុណ្យជាតិនានា និងការចុះបញ្ជីសម្បត្តិវប្បធម៌។ ប៉ុន្តែលោកថា ក្នុងឆ្នាំ ២០២២ នារយៈពេលចុងក្រោយ ក្រសួងក៏ទទួលរងការរិះគន់ពីការមិនអាចការពារបាននូវសម្បត្តិបេតិកភណ្ឌជាតិតួយ៉ាង រឿងអាស្រូវនៃការវាយកម្ទេចកុដិបុរាណនៅវត្តឧណ្ណាលោម និងការវាយកម្ទេចចេតិយពីសម័យអាណានិគម បារាំង នៅវត្តបទុមវត្តីផងដែរ។
ទាក់ទងនឹងគម្រោងផែនការសកម្មភាពជាច្រើនរបស់ក្រសួងវប្បធម៌រង្វង់ ១ ៨៦៧ សកម្មភាព លោក មាស នី លើកឡើងដូច្នេះថា៖ «ការកំណត់ការងារជារឿងធម្មតារបស់រដ្ឋាភិបាល របស់ក្រសួងគ្រប់វិស័យ តែយ៉ាងណា វាសំខាន់ទៅលើធនធាន។ រដ្ឋាភិបាលធ្លាប់បាននិយាយហើយ កន្លែងខ្លះត្រូវប្រើជំហានគីង្គក់ ដែលវាពិតជាមិនអាចអនុវត្តឱ្យបានអស់ទេ ដែលវាមិនសូវខុសពីផែនការចតុកោណរបស់រដ្ឋាភិបាលឡើយ ការដាក់យើងចេះតែដាក់ហើយ តែជាក់ស្តែងវាអាស្រ័យលើធនធាន ពេលវេលា និងកាលៈទេសៈ បើឆ្នាំហ្នឹងដាក់ទៅ ធ្វើមិនដល់ គេធ្វើបន្តនៅឆ្នាំក្រោយទៀត»។
សម្រាប់លោក មាស នី លោកចង់ឃើញរដ្ឋាភិបាលពង្រឹងនូវសកម្មភាព និងប្រសិទ្ធភាពក្រុមអធិការកិច្ចរបស់ខ្លួនក្នុងការតាមដាន ពិនិត្យមើលការអនុវត្តផែនការនៅតាមក្រសួង ស្ថាប័ននីមួយៗរបស់រដ្ឋ មិនសម្រាប់តែក្រសួងវប្បធម៌នោះទេ ដើម្បីឆ្លុះបញ្ចាំងមើលសមិទ្ធផលការងារជាក់ស្តែងនៃស្ថាប័នរដ្ឋ ជាមួយនឹងផែនការយុទ្ធសាស្ត្រដែលដាក់ចេញ ដែលលោកថា សព្វថ្ងៃក្រុមអធិការកិច្ចរបស់រដ្ឋាភិបាល នៅមិនទាន់មានប្រសិទ្ធភាពការងារនៅឡើយទេ៕