
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីអាមេរិក ពិនិត្យព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៊ី នាពេលថ្មីៗនេះ។ រូបថត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
បន្ទាយមានជ័យៈ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក នឹងចុះទៅពិនិត្យ ព្យាបាលជំងឺទូទៅ មាត់ធ្មេញ ព្រមទាំងវះកាត់ជំងឺភ្នែក និងផ្តល់វ៉ែនតា ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ រយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ មករា ដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៣។
លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៩ ខែមករាថា សមាគមក្រុមគ្រូពេទ្យនៅសហរដ្ឋអាមេរិកប្រមាណពី ៧០ ទៅ ៨០ នាក់នឹងចុះមកពិនិត្យ ពិគ្រោះព្យាបាលជំងឺទូទៅ មាត់ធ្មេញ វះកាត់ជំងឺភ្នែក និងផ្តល់វ៉ែនតាដល់ប្រជាជនកម្ពុជា ក្នុងស្រុកមង្គលបុរី ដោយមិនគិតថ្លៃ។ សមាគមក្រុមគ្រូពេទ្យនៅសហរដ្ឋអាមេរិកនេះបានទទួលការអនុញ្ញាតពីក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ហើយការពិនិត្យ ពិគ្រោះជំងឺនឹងធ្វើឡើងនៅ ៣ទីតាំងផ្សេងគ្នាក្នុងឃុំចំនួន ៣ នៃស្រុកមង្គលបុរី។
លោកថ្លែងថា៖ «ការពិនិត្យព្យាបាលហ្នឹង គឺយើងចែកចេញជា ២ គឺការពិនិត្យ និងពិគ្រោះ ព្យាបាលជំងឺផង ហើយបើសិនជាករណីត្រូវមានការវះកាត់គឺគាត់រុញមកធ្វើការវះកាត់ដោយសហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តបន្ទាយមានជ័យយើងខ្ញុំ»។
លោក ឡេ ច័ន្ទសង្វាត បញ្ជាក់ថា ទីតាំងទាំង ៣ ដែលប្រជាពលរដ្ឋអាចអញ្ជើញមកពិនិត្យ ពិគ្រោះជំងឺបាននោះគឺទី ១ ក្នុងបរិវេណសាលាបឋមសិក្សាឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី ៣០ មករាដល់ថ្ងៃទី ៥ កុម្ភៈ ឆ្នាំ២ ០២៣ វេលាម៉ោង ៧ និង ៣០ នាទីព្រឹក ដល់ម៉ោង ៤ និង ៣០ នាទីរសៀល។ ទី២ នៅមជ្ឈមណ្ឌលសិក្សាសហគមន៍គោកបល្ល័ង្ក ឃុំគោកបល្ល័ង្ក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី ២ ខែកុម្ភៈ ដល់ថ្ងៃទី ៣ ខែកុម្ភៈ ចាប់ពីម៉ោង ៧ និង៣០ នាទីព្រឹក ដល់ម៉ោង ៤ និង ៣០ នាទីរសៀល និងទី ៣ ក្នុងបរិវេណសាលាបឋមសិក្សាសឿ ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី ៣១ ខែមករា ដល់ ថ្ងៃទី ១ កុម្ភៈឆ្នាំ ២០២៣ ចាប់ពីម៉ោង ៧ និង ៣០ នាទីព្រឹក ដល់ ម៉ោង ៤ និង ៣០ នាទីរសៀល។
លោកបញ្ជាក់ថា ក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិកបាននាំយកថ្នាំពេទ្យ និងសម្ភារបច្ចេកទេសផ្សេងៗជិត ៥ តោន ប៉ុន្តែក្នុងនាមមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរនឹងចូលរួមសហការសម្របសម្រួលជាមួយនឹងក្រុមពួកគាត់ បើមានការខ្វះខាតសម្ភារបច្ចេកទេសអ្វីបន្ថែម ឬត្រូវការរថយន្តសាមុយ ឬមន្ទីរពិសោធន៍នោះមន្ទីរសុខាភិបាលនឹងសហការសម្រួលជូនផងដែរ។
លោក អ៊ូ សុភាព អភិបាលរងស្រុកមង្គលបុរី បានឱ្យដឹងនៅថ្ងៃទី ២៩ ខែមករាថា រដ្ឋបាលស្រុកបានជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ទី១ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងទី២ នៅតាមឃុំនីមួយៗ តាមរយៈមេឃុំ មេភូមិ បានធ្វើការផ្សព្វផ្សាយបន្ថែមទៀត ដល់មូលដ្ឋានប្រជាពលរដ្ឋរស់នៅ។ បន្ថែមលើនោះ ក៏មានការចូលរួមផ្សព្វផ្សាយបន្ថែមទៀតពីកម្លាំងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងក្រុមអភិវឌ្ឍន៍យុវជនកម្ពុជាផងដែរ។
លោកថ្លែងថា៖ «មុនៗយើងធ្លាប់មានពេទ្យមកពីខាងកូរ៉េ និងចិន គាត់បានចុះមកជួយពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ ហើយខាងអាមេរិកក៏ធ្លាប់ចុះមកដែរ តែកន្លងទៅគ្រាន់តែជាលក្ខណៈទ្រង់ទ្រាយតូចទេ ប៉ុន្តែចាប់ពីថ្ងៃស្អែកទៅ [ថ្ងៃទី ៣០ មករា] នេះជាទ្រង់ទ្រាយធំ»។
លោក អូច សុភាព លើកឡើងថា ការចុះមកពិនិត្យ ពិគ្រោះព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យជំនាញមកពីសហរដ្ឋអាមេរិកនេះ បានបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ដោយពលរដ្ឋមិនចាំបាច់ចំណាយពេលវេលា និងថវិកា ឡើងទៅទីប្រជុំជន ឬទៅមន្ទីរពេទ្យជំនាញដែលនៅឆ្ងាយ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព ពាក់ព័ន្ធនឹងជំងឺទូទៅ ជំងឺមាត់ធ្មេញ និងជំងឺភ្នែក អញ្ជើញមកពិនិត្យ និងព្យាបាលជំងឺតាមទីកន្លែង និងកាលបរិច្ឆេទខាងលើកុំបីខាន៕