​ភ្នំពេញៈ កម្លាំង​បោសសម្អាត​មីន​នៃ​គម្រោង​មូលនិធិ​កម្ពុជា​គ្មាន​គ្រាប់មីន​ឆ្នាំ​ ២០២៥ ចាប់ផ្តើម​ចល័ត​ចូលទៅ​ខេត្តកំពង់ធំ សៀមរាប ព្រះវិហារ ពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន បន្ទាប់ពី​ភាគី​ពាក់ព័ន្ធ​បាន​ចុះហត្ថលេខា​លើ​គម្រោង​នេះ ហើយ​ខណៈ​ស៊ីម៉ាក់ បានប្រកាស​ពី​ភាពជោគជ័យ ដែល​កម្ពុជា​អាច​បង្ហាត់​សុនខ​លើ​ការងារ​បោសសម្អាត​មីន​បាន​ដោយ​ខ្លួនឯង​។​

​កាលពី​ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោក លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ស្តីពី​ការ​បោសសម្អាត​មីន ដោយមាន​ការគាំទ្រ​ពី “​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥” នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ក្រោយពី​ទទួលបាន​ការអនុញ្ញាត​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។​

​លោក​ ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (​ស៊ីម៉ាក់​)​ បានប្រកាស​កាលពី​ថ្ងៃទី​ ២៨ មករា​ថា កម្លាំង​បោសសម្អាត​មីន គម្រោង​មូលនិធិ​កម្ពុជា​គ្មាន​គ្រាប់មីន​ឆ្នាំ​ ២០២៥ បានចាប់ផ្តើម​ចល័ត​ចូលទៅ​ខេត្តកំពង់ធំ សៀមរាប ព្រះវិហារ ពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន​ហើយ​។ ជាមួយនឹង​ការប្រកាស​នេះ លោក​ក៏បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរខេត្ត​ទាំងនោះ ចូលរួម​សហការ និង​ស្វាគមន៍​ដើម្បី​រួមគ្នា​ក្នុង​សកម្មភាព​បោសសម្អាត​មីន​ក្នុង​ឆ្នាំ​ ២០២៣ ​នេះ​។​

​លោក​បញ្ជាក់ថា​៖ «​‍​គម្រោង​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥ ​នេះ​ជា​កញ្ចប់​ថវិកា​ដែល​សម្តេច​តេ​ជោ​បានអនុម័ត​នោះ អាច​រំដោះ​ផ្ទៃដី​ចម្ការមីន​បាន​ចំនួន​ ១៨ ០០០​ ហិកតា​។ ក្នុង​ចំនួន​នេះ​អង្គភាព​ស៊ីម៉ាក់ នឹង​បោសសម្អាត​តំបន់​ចម្ការមីន​ចំនួន​ ១០ ៦០០​ហិកតា ក្នុង​ខេត្តកំពង់ធំ សៀមរាប និង​ស្រុក​ខ្លះ​នៃ​ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន​។ គម្រោង​នេះ​ជួយ​គាំទ្រ​កម្លាំង​ជំនាញ​នានា​ចំនួន​ជិត​ ៦០០​ នាក់ ដែលមាន​សុនខ​ហិត​មីន​ចំនួន​ ១៣ ​ក្រុម កងអនុសេនាតូច​គ្រឿងចក្រ​ចំនួន​ ២១ ​កង និង​ក្រុម​ស្រាវជ្រាវ និង​បោសសម្អាត​មីន​ចំនួន ៣៦​ ក្រុម​»​។

​ក្រៅពី​សកម្មភាព​នេះ លោក ហេង រតនា បានប្រកាសថា មន្ដ្រី​ស៊ីម៉ាក់​កម្ពុជា អាចមាន​សមត្ថភាព​បង្ហាត់​សុនខ​លើ​ការងារ​បោសសម្អាត​មីន និង​ការងារ​រក្សា​សន្តិសុខ​ជាតិ​ដោយ​ខ្លួនឯង ដោយ​មិនមាន​ជំនួយ​បច្ចេកទេស​ពី​បរទេស​ទេ ស្របពេល​បច្ចុប្បន្ន​កម្ពុ​ជា មាន​សុនខ​ជាង ​២០០ ​ក្បាល​។

​លោក​បញ្ជាក់ថា​៖ «​ឥឡូវនេះ​មិនមាន​បរទេស​ណា​ជា​អ្នកគាំទ្រ​សុនខ​យើង​ខាង​បច្ចេកទេស​អី​ទេ គឺ​យើង​ធ្វើ​ដោយ​ខ្លួន​យើង​។ ខ្មែរ​អាចធ្វើ​បាន នេះ​គឺជា​ទស្សនវិស័យ​យ៉ាងសំខាន់ ហើយ​យើង​បានបង្ហាញ​ច្បាស់លាស់​ថា យើង​អាច​ធ្វើបាន​។ សូម្បីតែ​សុនខ​យើង​មាន​បច្ចេកទេស​អាច​បង្រៀន​ឱ្យ​ហិតរ​កកូ​វីដ យើង​ធ្វើបាន តាមរយៈ​ការស្រាវជ្រាវ​»​។

​បន្ថែម​ពីនេះ​លោក អះអាងថា​៖ «​សម្រាប់​អង្គភាព​ស៊ីម៉ាក់​យើង និយាយ​ពី​ជំនាញ​ដោះមីន​នេះ ពីមុន​អ្នក​ដែល​អាចឈាន​មុខ​ជាង​យើង គឺ​មានតែ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ទេ ដោយសារតែ​ប្រទេស​នេះ បានទទួល​ជំនួយ​សុនខ​នេះ​ច្រើន​ពី​អាល្លឺម៉ង់​។ ប៉ុន្តែ​អា​ហ្វ​ហ្គា​នី​ស្ថាន មិនដែល​បង្កើត​សុនខ​នេះ​បាន​ដោយ​ខ្លួនឯង​ទេ​។ នៅតែ​អង្គភាព​ស៊ីម៉ាក់ នៅតែ​រស់រាន និង​បន្ត​អាជីព​សុនខ​ដោះមីន​នេះ​ជាប់​នៅ​ចម្ការមីន ព្រោះ​សុនខ​យើង​មិន​ត្រឹម​ធ្វើការ​ហ្វឹកហ្វឺន គឺ​បានធ្វើ​ការជាប់​រាល់​ខែ​»​។​

​តាម​ប្រកាស​កិច្ចសន្យា​ស្តីពី​ការ​បោសសម្អាត​មីន គាំទ្រ​ពី “​មូលនិធិ​កម្ពុជា​គ្មាន​មីន ឆ្នាំ ​២០២៥ ប្រើប្រាស់​ថវិកា​សរុប​ចំនួន ៣០​លាន​ដុល្លារ​សហ​អាមេរិក តាមរយៈ “​មូលនិធិ​កម្ពុជា គ្មាន​មីន ឆ្នាំ​ ២០២៥” និង​គ្រប់គ្រង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​ថវិកា​ទាំងនេះ នឹងត្រូវ​បាន​បែង​ចែកជា ៣ ​ផ្នែក ដោយ​ទី​១ ផ្តល់​ទៅដល់​កងទ័ពជើងគោក ដើម្បី​ធ្វើការ​បោសសម្អាត​លើ​ផ្ទៃដី​ប្រមាណ ៤៦ ៨៤៣៧៤០​ ម៉ែត្រក្រឡា នៅក្នុង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ និង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ទី​២ ផ្តល់​ដល់​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម ដើម្បី​ធ្វើការ​បោសសម្អាត​មីន​លើ​ផ្ទៃដី​ប្រមាណ ២៧ ១១០ ៦៩៧ ម៉ែត្រក្រឡា នៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ​, ស្រុក​គិរីសាគរ និង​ស្រុក​កោះកុង ខេត្តកោះកុង​, និង​ខេត្តមណ្ឌលគិរី​។ ចំណែក​ទី​៣ ស៊ីម៉ាក់ ធ្វើការ​បោសសម្អាត​លើ​ផ្ទៃដី​ប្រមាណ ១០៦ ៣២៤ ៣៨០ ​ម៉ែត្រក្រឡា នៅក្នុង​ខេត្តកំពង់ធំ​, ប៉ៃលិន​, ព្រះវិហារ​, ពោធិ៍សាត់​, និង​ខេត្តសៀមរាប​។​

​លោក លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ថា ដោយមាន​ការគាំទ្រ​ពី​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន មូលនិធិ​កម្ពុជា​គ្មាន​មីន ឆ្នាំ​ ២០២៥ និង​ដៃគូ​អភិវឌ្ឍន៍ គឺមាន​ផែនការ​បោសសម្អាត​មីន​ក្នុង​ឆ្នាំ ២០២៣ ​នេះ គ្របដណ្តប់​ផ្ទៃដី​មាន​មីន​ប្រមាណ ៤១១ គីឡូម៉ែត្រ​ក្រឡា​។

ដូច្នេះ​លោក​បញ្ជាក់ថា​៖ «​នៅក្រោយ​ឆ្នាំ​ ២០២៣ ប្រទេស​កម្ពុជា នឹងមាន​ ១៨ រាជធានី​-ខេត្ត ត្រូវ​ប្រកាសថា​អស់​មីន​។ បន្ទាប់​ទៅទៀត នឹងមាន​ខេត្ត​ចំនួន​ ៧ ក៏​នឹង​ត្រូវដាក់​ក្នុង​ផែនការ​បោសសម្អាត​មីន​ឱ្យអស់​ត្រឹម​ឆ្នាំ​ ២០២៥ រួមមាន ខេត្តកោះកុង​, ពោធិ៍សាត់​, បាត់ដំបង​, ប៉ៃលិន​, បន្ទាយមានជ័យ​,​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ​»៕