ភ្នំពេញៈ កុមារ​មាន​ជំងឺ​ជិត ​៦៦​ ម៉ឺន​ករណី​ ក្នុង​ឆ្នាំ​ ២០២២ ត្រូវបាន​ពិនិត្យ​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា គឺ​កើន ​៧១ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១​។ នេះ​បើតាម​របាយការណ៍​។​

​របាយការណ៍​ឆ្នាំ ​២០២២​ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​បានឱ្យដឹងថា​៖ «​កុមារ​មាន​ជំងឺ​ចំនួន ៦៥៩ ៦០៨​ ករណី ​ត្រូវបាន​ពិនិត្យ​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ (​កើន​ ៧១​ ភាគរយ ច្រើនជាង​ក្នុង​ឆ្នាំ​ ២០២១)​។​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន ១១៩ ៩៥៨​នាក់ បាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ (​កើន​៤៨​ភាគរយ ច្រើនជាង​ក្នុង​ឆ្នាំ​ ២០២១)»​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា កុមារ​មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ​ចំនួន​៤ ៦៨២​នាក់ បាន​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ដោយមាន​អត្រា​មរណភាព ០,១៤​ភាគរយ​។ កុមារ​ចំនួន ២៦ ៦១៣​នាក់ ត្រូវ​បានទទួល​ការវះកាត់​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នេះ​។​ កុមារ​ចំនួន ១ ០៥៥​នាក់ ត្រូវ​បានទទួល​ការវះកាត់​បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង​តាម​ការឆ្លុះ​សរសៃឈាម​។​ បើតាម​របាយការណ៍​ដ​ដែល ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៩១ ០១៥​ករណី បាន​ពិនិត្យ​តាមដាន​ផ្ទៃពោះ​និង​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ក្នុង​មន្ទីរសម្ភព​នៃ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧(​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៣ នៅ​ខេត្តសៀមរាប​) គឺ​កើន​៤៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២១ និង​ស្ត្រី​សម្រាលកូន​មាន​ចំនួន​២២ ៣០១​នាក់​។​

​បើតាម​របាយការណ៍​ដ​ដែល​អត្រា​មរណភាព​កុមារ នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​០,៤៥​ភាគរយ​។​

ដោយឡែក នៅក្នុង​ខែមករា ឆ្នាំ​២០២៣ កុមារ​ឈឺ​ចំនួន ៦២ ៤១០ នាក់ ត្រូវបាន​ពិនិត្យ​ព្យាបាល នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៅក្នុង​មន្ទីរពេទ្យ​នេះ ខណៈ​កុមារ​មាន​ជំងឺ​ធ្ងន់ៗ ១០ ១៩៣​នាក់ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ហើយ​កុមារ​មាន​ជំងឺគ្រុនឈាម​ចំនួន ៣១៨​នាក់ បាន​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នេះ​។

​ របាយការណ៍​បន្តថា ក្នុង​ខែមករា​នេះ កុមារ​ចំនួន ២ ១៤៧​នាក់ ត្រូវ​បានទទួល​ការវះកាត់​។ កុមារ​ចំនួន​៨៥​នាក់​បានទទួល​ការវះកាត់​បេះដូង​និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម នៅ​គន្ធបុប្ផា ភ្នំពេញ និង​សៀមរាប​។​

​របាយការណ៍​ប្រចាំ​ខែមករា​បានឱ្យដឹងថា នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៨ ៦៧៧​នាក់ បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ​និង​ព្យាបាល នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរសម្ភព និង​សម្រាលកូន​បាន​ចំនួន​១ ៨៣៩​នាក់​។​

​ហ្វេ​ស​ប៊ុ​ក Dr. Beat Richner​បានឱ្យដឹងថា​ ក្មេងប្រុស​អាយុ​៤​ឆ្នាំ មកពី​ខេត្តកំពង់ចាម មាន​ជំងឺ​រលាក​សួត​យ៉ាងធ្ងន់ធ្ងរ​បំផុត​ហើយ​ត្រូវបាន​ជួយសង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ក្រោយ​ការព្យាបាល​ដោយ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​៤​ថ្ងៃ និង​ថែទាំ​ព្យាបាល​សង្គ្រោះ​ចំនួន ១៥​ថ្ងៃ​។​

​ហ្វេ​ស​ប៊ុ​ក Dr. Beat Richner​បញ្ជាក់​កាលពី​ថ្ងៃទី​២០ ខែមករា​ថា​៖ «​សូម​អរគុណ​និង​កោតសរសើរ​ដល់​ក្រុមគ្រូពេទ្យ​ឯកទេស​សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ដែល​បាន​សង្គ្រោះ​ជីវិត​១​នេះ​»​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​បញ្ជាក់ថា​ កាលពី​ពាក់កណ្តាល​ខែមករា ​ផ្នែក​ថត​ឆ្លុះ​ព្យាបាល​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ នៃ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ បានធ្វើ​ការឆ្លុះ​ចាប់យក​ក្បាល​ព្រួញ​គប់​ប៉ឺតប៉ោង ចេញពី​ក្រពះ​កុមារា អាយុ​៤​ឆ្នាំ មកពី​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែល​បាន​ចូលមក​សម្រាក នៅ​អគារ​សង្គ្រោះបន្ទាន់​ដោយសា​រ​បាន​លេប​ក្បាល​ព្រួញ​ចូលក្នុង​ក្រពះរយៈពេល​៤​ម៉ោង​។

​ហ្វេ​ស​ប៊ុ​ក Dr. Beat Richner​បញ្ជាក់​កាលពី​ថ្ងៃទី​១៤​ ខែមករា​ថា​៖ «​ឥឡូវ​បានឱ្យ​ចេញទៅ​ផ្ទះ​ហើយ​»៕