ក្រចេះៈមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះអប់រំណែនាំជនជាតិវៀតណាម ៦ គ្រួសារ និងធ្វើកិច្ចសន្យាឱ្យរុះរើផ្ទះអណ្តែតទឹកចេញពីតំបន់អភិរក្សសត្វផ្សោតកាំពីក្នុងភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ឱ្យអស់យ៉ាងយូរត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ បើនៅតែមិនរុះរើចេញទេ មន្ត្រីជំនាញនឹងអនុវត្តតាមច្បាប់ដោយមិនលើកលែងឡើយ។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានឱ្យដឹងនៅថ្ងៃទី ៣០ ខែមករាថា មន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអាជ្ញាធរឃុំ និងកម្លាំងសមត្ថកិច្ចនគរបាល បានហៅជនជនជាតិវៀតណាម ៦ នាក់ តំណាងឱ្យ ៦ គ្រួសារឡើងមកសាលាឃុំថ្មគ្រែ ដើម្បីធ្វើការអប់រំណែនាំអំពីផលប៉ះពាល់នៃការតាំងលំនៅលើផ្ទះអណ្តែតទឹក និងបែចិញ្ចឹមត្រីក្នុងតំបន់អភិរក្សសត្វផ្សោត កាលពីថ្ងៃទី ២៨ ខែមករា។
ជាមួយគ្នានោះមន្ត្រីជំនាញ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មគ្រែ ក៏បានធ្វើកិច្ចសន្យាឱ្យជនជាតិវៀតណាមទំាង ៦ គ្រួសារនោះ ធ្វើការរុះរើផ្ទះអណ្តែតទឹកចេញពីតំបន់អភិរក្សសត្វផ្សោតកាំពី ក្នុងភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី យ៉ាងយូរត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣។ បើសិនជាមិនធ្វើតាមកិច្ចសន្យាដែលបានកំណត់នោះ មន្ត្រីជំនាញ អាជ្ញធរ និងកម្លាំងសមត្ថកិច្ចនឹងអនុវត្តតាមច្បាប់ជាធរមាន ដោយមិនមានការលើកលែងឡើយ។
លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានឱ្យដឹងទៀតថា ការចុះអប់រំណែនាំ និងធ្វើកិច្ចសន្យានេះធ្វើឡើង ក្រោយពីមានការណែនាំពីរដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣។
លោកថ្លែងថា៖«ដោយយោងទៅលើប្រសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ឱ្យឆ្មាំទន្លេខេត្តក្រចេះដែលដឹកនាំដោយខ្ញុំផ្ទាល់សហការជាមួយកម្លាំងនគរបាល និងអាជ្ញាធរឃុំ ដើម្បីចុះធ្វើកិច្ចសន្យាឱ្យអ្នកដែលមានផែបណ្តែតទឹកឬទូកធ្វើជាផែបណ្តែតទឹក នៅតាមទន្លេក្នុងដែនអភិរក្សផ្សោត និងជីវចម្រុះជលផលឱ្យរុះរើចេញ»។
យោងតាមលិខិតកិច្ចសន្យារបស់ លោក ស៊្រុន ទាងអាន់ អាយុ ២៨ ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅក្នុងភូមិឫស្សីចារ ឃុំថ្មគ្រែ បានឱ្យដឹងថា បន្ទាប់ពីបានទទួលការអប់រំណែនាំស្តីពីផលប៉ះពាល់នៃការតាំងលំនៅលើផែអណ្តែតទឹក និងបែចិញ្ចឹមត្រីក្នុងតំបន់អភិរក្សសត្វផ្សោត លោកយល់ព្រមធ្វើកិច្ចសន្យារុះរើចេញឱ្យអស់ទៅតាមការណែនាំ។
លោកបញ្ជាក់ថា៖ «ខ្ញុំសន្យារុះរើផែអណ្តែតទឹក និងបែចិញ្ចឹមត្រីដែលខ្ញុំបាននិងកំពុងរស់នៅបច្ចុប្បន្នចេញឱ្យអស់ពីក្នុងតំបន់អភិរក្សសត្វផ្សោត។ ក្នុងករណីអនុវត្តផ្ទុយពីនេះដោយមិនបានរុះរើចេញ ខ្ញុំសុខចិត្តឱ្យអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកម្លាំងសមត្ថកិច្ចចាត់វិធានការតាមច្បាប់ជាធរមាន»។
កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា និងសហការីបានចុះទៅខេត្តក្រចេះ ដើម្បីសំណេះសំណាល និងលើកទឹកចិត្តមន្ត្រីជលផល និងឆ្មាំទន្លេ ព្រមទាំងបានជិះទូកចុះស្វែងយល់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គនៅតាមចំណុចស្នាក់ការល្បាតសំខាន់ៗនៅព្រែកកាំពី និងតំបន់ជុំវិញផងដែរ។
គ្រាចុះទៅនោះលោករដ្ឋមន្ត្រីបានស្នើឱ្យខណ្ឌរដ្ឋបាលជលផលពង្រឹងការងារអប់រំ ណែនាំ និងហាមឃាត់ប្រជានេសាទកុំឱ្យចូលទៅនេសាទនៅតំបន់ស្នូលដែលជាទីតាំងសត្វផ្សោតរស់នៅ និងផ្លាស់ទី ហើយក្រសួងនឹងខិតខំរកដៃគូអភិវឌ្ឍន៍មកជួយបង្វែរមុខរបរប្រជានេសាទដែលរងផលប៉ះពាល់ពីការនេសាទដែលមានហានិភ័យដល់សត្វផ្សោតទៅប្រកបមុខរបរផ្សេងវិញ។
លើសពីនេះ លោក ឌិត ទីណា ក៏បានស្នើឱ្យអាជ្ញាធរខេត្តក្រចេះ ផ្តល់កិច្ចសហការពេញលេញក្នុងការកំណត់អត្តសញ្ញាណជនល្មើស និងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់លើអ្នកមិនរាងចាល ដើម្បីជួយពង្រឹង និងបង្កើនប្រសិទ្ធភាពការងារល្បាត ការបង្រ្កាបបទល្មើសនេសាទ ជាពិសេសការអភិរក្សសត្វផ្សោត។
ជាមួយគ្នានោះ លោកបានផ្តល់សម្ភារចាំបាច់មួយចំនួនដូចជា ហ្វាភ្លើងគុណភាពខ្ពស់ កែវយឹតសម្រាប់មើលពេលយប់ ម៉ាស៊ីនទូកល្បឿនលឿន និងប្រេងឥន្ទន:ដល់មន្ត្រីជលផល និងឆ្មាំទន្លេផងដែរ៕