​ភ្នំពេញៈ​ ប្រទេស​កម្ពុជា មានការ​ខាតបង់​ទឹកប្រាក់​ប្រមាណ​ ​១៣៧,៧​ លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ដោយសារតែ​ការមិន​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ពេញលេញ ដែល​ការខាតបង់​នេះ ​គឺ​រាប់បញ្ចូល​ទាំង​បន្ទុក​ចំណាយ​បន្ថែម​ទៅលើ​ប្រព័ន្ធ​សុខាភិបាល អត្រា​មរណៈ និង​ការខាតបង់​ពី​ការខូចខាត​ផ្នែក​សតិបញ្ញា​របស់​កុមារ​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួងសុខាភិបាល អង្គការ​ហេឡែន ខេ​ល​ល័​រ និង​អង្គការ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​សេចក្តីប្រកាស​ព័ត៌មាន​រួម​ដែល​ទទួលបាន ​កាលពី​ថ្ងៃ​ទី​ ២៩ ខែមករា ទាក់ទង​នឹង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការលើកកម្ពស់​ការចិញ្ចឹម​ទារក​និង​កុមារ និង​ការ​លំហែ​មាតុភាព​សម្រាប់​ស្ត្រី​ធ្វើការ​នៅ​ប្រទេស​កម្ពុជា បានឱ្យដឹងថា នៅ​ទូទាំង​ពិភពលោក ការកើនឡើង​អត្រា​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ឱ្យបាន​ពេញលេញ​នឹង​អាចជួយ​ការពារ​មិនឱ្យ​មានការ​ស្លាប់​របស់​កុមារ​អាយុ​ក្រោម ​៥​ ឆ្នាំ​បាន​ចំនួន​ ៨២៣ ០០០​ នាក់​ជា​រៀងរាល់ឆ្នាំ​និង​រារាំង​មិនឱ្យ​មានការ​ស្លាប់​របស់​ម្តាយ​បាន​ចំនួន​ ២០ ០០០​នាក់​ដោយសារ​ជំងឺមហារីក​ដោះ​។​

​ប្រភព​ដដែល​បាន​បន្តថា ការស្លាប់​ដែល​អាច​បង្ការ​បាន​ទាំងនេះ​រួមជាមួយ​នឹង​ការខាតបង់​ផ្នែក​សតិបញ្ញា​របស់​កុមារ និង​បន្ទុក​ចំណាយ​ទៅលើ​ប្រព័ន្ធ​សុខាភិបាល​រួមគ្នា​គឺ​នាំឱ្យមាន​ការខាតបង់​សេដ្ឋកិច្ច​ប្រមាណ​ជា ​៣៤០ ​ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ​។

សេចក្តីប្រកាស​ព័ត៌មាន​រួម​នេះ បាន​បញ្ជាក់ថា ៖ «​ផ្អែក​តាម​ទិន្នន័យ​នេះ​យើង​ត្រូវ​រួមគ្នា​ដើម្បី​បង្កើន​ថវិកា​និង​ការអនុវត្ត​គោលនយោបាយ កម្មវិធី និង​អន្តរាគមន៍​ចាំបាច់​នានា​ដើម្បី​សម្រេច​គោលដៅ​នៃ​ការបង្កើន​អត្រា​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ​ ១ ​មុខ​គត់​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​អាយុ​របស់​ទារក​និង​កុមារ ឱ្យបាន​»​។​

​នៅក្នុង​ប្រទេស​កម្ពុជា ជីវិត​របស់​កុមារ​ជិត​ ២ ០០០​ នាក់ អាច​ត្រូវបាន​សង្គ្រោះ​ជា​រៀងរាល់ឆ្នាំ​តាមរយៈ​ការបង្កើន​ការអនុវត្ត​ការចិញ្ចឹម​ទារក​និង​កុមារ​ឱ្យបាន​ល្អប្រសើរ​។ ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​មិនបាន​ពេញលេញ​បណ្តាលឱ្យ​កុមារ​ប្រមាណ​កន្លះ​លាន​នាក់​មាន​ជំងឺ​រាករូស និង​រលាក​សួត​។ លើសពីនេះ​ទៀត​កុមារ​ប្រមាណ​ ៥ ០០០​ នាក់ មាន​បញ្ហា​ធាត់​ជ្រុល​ជា​រៀងរាល់ឆ្នាំ​។

​សេចក្តីប្រកាស​ព័ត៌មាន​រួម​លើកឡើងថា​៖ «​ប្រទេស​កម្ពុជា មានការ​ខាតបង់​ទឹកប្រាក់​ប្រមាណ​ ១៣៧,៧​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ដោយសារតែ​ការមិន​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ពេញលេញ​ដែល​ការខាតបង់​នេះ​គឺ​រាប់បញ្ចូល​ទាំង​បន្ទុក​ចំណាយ​បន្ថែម​ទៅលើ​ប្រព័ន្ធ​សុខាភិបាល អាត្រា​មរណៈ និង​ការខាតបង់​ពី​ការខូចខាត​ផ្នែក​សតិបញ្ញា​របស់​កុមារ​ផងដែរ​»​។​

​ទាក់ទង​នឹង​ចំណុច​នេះដែរ រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់បាន​ប្តេជ្ញាចិត្ត​សម្រេច​ឱ្យបាន​ការបង្កើន​អត្រា​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ ​១ ​មុខ​គត់​ឱ្យបាន​ដល់​ ៨៥% ត្រឹម​ឆ្នាំ​ ២០៣០​។ ប្រទេស​កម្ពុជា​ធ្លាប់​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​ការបង្កើន​អត្រា​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​។

​ទោះបីយ៉ាងណា​ក៏ដោយ យោងតាម​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា (CDHS) អត្រា​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ​ ១ ​មុខ​គត់​សម្រាប់​កុមារ​អាយុ​ពី ០ ​ដល់ ​៥ ​ខែ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពី​អត្រា ៧៤% ក្នុង​ឆ្នាំ ២០១០ ដល់ ៦៥% ក្នុង​ឆ្នាំ ២០១៤ និង​មក ៥១% ក្នុង​ឆ្នាំ ២០២១-២០២២​។ ការធ្លាក់ចុះ​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ​១​មុខ​គត់​និង​ការបន្ត​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​គឺមាន​ការរួមចំណែក​មួ​យ​ផ្នែក​ពី​ការ​កើន​ទ្បើង​នៃ​ការប្រើប្រាស់​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ​និង​ការបោះ​បង់ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​នៅពេល​ស្ត្រី​ជា​ម្តាយ​បាន​ត្រឡប់​ចូលធ្វើការ​វិញ​បន្ទាប់ពី​ការ​លំហែ​មាតុភាព​។

​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី លោកស្រី អ៊ឹ​ង កន្ថាផាវី ធ្លាប់បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រួមទាំង​វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល គួរ​បង្កើត​បន្ទប់​មួយ​សម្រាប់​មន្ត្រី និង​បុគ្គលិក​អង្គុយ​បំបៅ​ទារក ខណៈ​ការបង្កើត​បន្ទប់​បំបៅ​ដោះ​កូន​នេះ បាននិងកំពុង​អនុវត្ត​នៅ ២៨ កន្លែង​។​

​លោកស្រី​លើកឡើង​ដូចនេះ កាលពី​ចុងឆ្នាំ​​ ២០២២ ក្នុងពេល​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ «​បន្ទប់​បំបៅ​ដោះ​កូន​» នៅ​ទីស្តីការក្រសួង​កិច្ចការនារី​។​

លោកស្រី​ថា៖ «​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​ពិតជា​បានរួម​ចំណែក​កាត់បន្ថយ​អត្រា​មរណភាព​របស់​មាតា ទារក និង​កុមារ និង​ជួយ​ឱ្យ​កុមារ​មាន​សុខ​ភាពល្អ មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ និង​ដើម្បី​ធ្វើឱ្យមាន​ភាពប្រសើរឡើង​នូវ​ស្ថានភាព​អាហារូបត្ថម្ភ​ស្ត្រី និង​កុមារ​ស្របតាម​ការប្តេជ្ញាចិត្ត របស់​កម្ពុជា​ក្នុងការ​បង្កើន​អត្រា​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់​សម្រាប់​ទារក​អាយុ​ពី​សូន្យ ដល់ ​៦ ​ខែ ឱ្យបាន​ដល់​៨៥% នៅ​ឆ្នាំ​ ២០៣០»​។

​សូមបញ្ជាក់​ផងដែរ​ថា សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការលើកកម្ពស់​ការចិញ្ចឹម​ទារក​និង​កុមារ និង​ការ​លំហែ​មាតុភាព​សម្រាប់​ស្ត្រី​ធ្វើការ​នៅ​កម្ពុជា នឹង​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​និង​ការ​លំហែ​មាតុភាព នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​ ៣១ ខែមករា​នេះ ដែលមាន​ការចូលរួម​ពី​ក្រសួងសុខាភិបាល និង​អង្គការ​ពាក់ព័ន្ធ​សំខាន់ៗ​មួយចំនួន​។​

​សិក្ខាសាលា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ចែករំលែក​លទ្ធផល​សំខាន់ៗ​ពី​ការសិក្សា​ស្រាវជ្រាវ​ការលើកកម្ពស់​មាតុភាព​និង​ការស្រាវជ្រាវ​ផ្សេងៗ​ទៀត​ពិភាក្សា​អំពី​ឧបសគ្គ​របស់​ម្តាយ​ធ្វើការ​ក្នុងការ​អនុវត្ត​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​បានល្អ​ប្រសើរ​រួម​នឹង​ពិភាក្សា​លើ​ជំហាន​បន្ទាប់​និង​ដំណោះស្រាយ​ផ្សេងៗ​ដើម្បី​គាំទ្រ​ម្តាយ​ដែល​ធ្វើការ​អាច​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​បាន​៕​