ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា (CPP)​​ បានកំណត់​គោលនយោបាយ​សម្រាប់​ដឹកនាំ​រាជរដ្ឋាភិបាល​ក្រោយ​ឆ្នាំ​ ២០២៣ នឹង​ផ្តោតលើ​ផលប្រយោជន៍​ប្រជាជន​ជាសំខាន់ ជាពិសេស​ប្រជាជន​វ័យក្មេង ដែល​ត្រូវ​ប្រើ​ថវិកាជាតិ បើសិនជា​បន្ត​ឈ្នះឆ្នោត​។ យោងតាម​លោក​សួស យ៉ា​រ៉ា អ្នកនាំពាក្យ​គណបក្ស ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​មហាសន្និបាត​វិសាមញ្ញ​នាពេល​ថ្មីៗ​កន្លងមកនេះ​។​

​លោក​ យ៉ា​រ៉ា ថ្លែងថា​៖ «​អាណត្តិ ទី​៧ របស់​យើង នៅខាងមុខ​នេះ​គឺ​គណ បក្ស​ប្រជាជន​កម្ពុជា នឹង​ប្រើប្រាស់​ថវិកាជាតិ​ផ្តោតលើ​ប្រជាជន​ជា​អាទិភាព អ៊ីចឹង​ចំណុច​នេះ​ជា​ចំណុច​ខ្លាំងណាស់ ដែល​ពីមុនមក យើង​យក​ថវិកា​តិចតួច​រប​ស់​យើង​ចែក​ទៅលើ​នេះ (​ទៅលើ​)​ នោះ​ច្រើន ប៉ុន្តែ​លើក​នេះ​អាណត្តិ​ទី​ ៧ គឺ​រាជរដ្ឋាភិបាល​នឹង​ប្រើប្រាស់​ថវិកា​ទៅលើ​ផលប្រយោជន៍​ប្រជាជន គឺ​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ ហើយ​ប្រជាជន​ដែល​នឹង​បាន​ផលប្រយោជន៍​ច្រើនជាងគេ​គឺ ប្រជាជន​វ័យក្មេង​»​។​

​លោក​ សួស យ៉ា​រ៉ា បញ្ជាក់ថា រាជរដ្ឋាភិបាល​ដែល​នឹង​បន្ត​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​សាងសង់​សាលារៀន​ឱ្យទៅ​កៀក​ក្បែរ​ប្រជាពលរដ្ឋ​បំផុត ដែល​គ្រប់​ភូមិ ត្រូវមាន​បឋមសិក្សា គ្រប់​ឃុំ​ត្រូវមាន​អនុវិទ្យាល័យ និង​កិច្ចការ​បណ្តុះបណ្តាល​ចំណេះវិជ្ជា​ជីវៈ​ផង សម្រាប់​បម្រើ​ដល់​មូលដ្ឋាន ហើយ​ក្នុង​កាលៈទេសៈ​ខ្វះខាត រដ្ឋាភិបាល​នឹង​ទំនុកបម្រុង​ផ្ទាល់​។​

​លោក​ សួស យ៉ា​រ៉ា ថ្លែងថា ថវិកាជាតិ​នៃ​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ធានា​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស ការដំឡើងប្រាក់បៀវត្សរ៍ ចំណេះ​ជំនាញ​វិជ្ជាជីវៈ​ប្រជាពលរដ្ឋ ធានា​តម្លៃ​ទំនិញ ការ​គាំពារ​សង្គម ធានា​ថ្លៃ​កសិផល ហើយ​គ្រោង​នឹងសិក្សា​ពី​ការបញ្ចុះ​ថ្លៃ​ថាមពល​អគ្គិសនី ថ្លៃ​ម្ហូបអាហារ និង​ទឹក ដែល​កន្លងមក​រដ្ឋាភិបាល​ធ្លាប់មាន​សរសេរ​ជា​គោលនយោបាយ​រួចទៅហើយ ប៉ុន្តែ​អាណត្តិ​ក្រោយ​នឹង​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​។​

​លោក ​យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការកំណត់​គោលនយោបាយ​មនុស្ស​ជា​អាទិភាព​សម្រាប់​អាណត្តិ​ក្រោយ​របស់​គណបក្សកាន់អំណាច ស្រប​នឹង​កាលៈទេសៈ​សកល​ដែល​ទាមទារ​ជា​ចាំបាច់​នូវ​ការកសាង​ធនធានមនុស្ស ជា​គោល​ដើម្បី​អភិវឌ្ឍ​ប្រទេស​ដែលជា​គោលនយោបាយ​ចំ​គោលដៅ​។​

​លោក​ យង់ ពៅ ថ្លែងថា​៖ «​គោលនយោបាយ​ទាំងនេះ ជាការ​ល្អ ដែល​ខ្ញុំ​យល់ថា អាចអនុវត្ត​ទៅបាន ព្រោះ​គណបក្ស​ប្រជាជនមាន​ការសិក្សា​ស្រាវជ្រាវ​លម្អិត ដោយសារ​មាន​ខួរក្បាល​បញ្ញវន្ត​ជាច្រើន ហើយ​គណបក្ស​នេះ​ជា​បក្ស​កាន់អំណាច​យូរហើយ អ៊ីចឹង​អាច​ដឹង​លទ្ធភាព​ពី​កញ្ចប់​ថវិកា ហើយ​ដឹង​ពី​ស្ថិរភាព​នៃ​ម៉ាក្រូសេដ្ឋកិច្ច ដែល​ដាក់ចេញ​គោលនយោបាយ​ផ្អែកលើ​ការសិក្សា​ច្បាស់លាស់​»​។​

​លោក ​យង់ ពៅ ថ្លែងថា ដើម្បីឱ្យ​ផែនការ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ប្រព្រឹត្តទៅបាន​ដោយ​ប្រសិទ្ធភាព លុះត្រា​ណា​មន្ត្រី​របស់​គណបក្ស​នេះ​ខិតខំ​ព្យាយាម​បញ្ចេញ​សកម្មភាព​ការងារ​ជាក់ស្តែង ជាជាង​ការ​គ្រាន់តែ​រូបភាព​ថត​ឃោសនា ហើយ​ទាមទារ​ឱ្យមាន​នូវ​កំណែទម្រង់​ស៊ីជម្រៅ​ជា​បន្ត​លើ​គោលនយោបាយ​ធំៗ ៥​ ចំណុច ​ដែល​ដាក់​ចេញពី​អង្គ​មហាសន្និបាត​វិសាមញ្ញ​របស់​បក្ស​នោះ បើ​ទោះ​មាន​គោលនយោបាយ​ល្អ​ក្តី តែ​ការអនុវត្ត​ប្រាសចាក​គោលដៅ ក៏​នាំឱ្យ​ខូច​គោលនយោបាយ​ទាំងនោះ​ទៅវិញ​ដែរ​។​

​លោក ប៉ា ច័ន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថ្លែងថា ការបណ្តុះបណ្តាល និង​កសាង​កម្រិត​ធនធានមនុស្ស ព្រមទាំង​អភិវឌ្ឍ​កម្រិតជីវភាព​ប្រជាជន ជា​រឿង​ល្អ ប៉ុន្តែ​វា​នៅ​មិនទាន់​គ្រប់គ្រាន់​ឡើយ ដែល​គេ​ត្រូវ​ផ្តល់​សិទ្ធិសេរីភាព និង​ការពារ​សិទ្ធិសេរីភាព​បន្ថែម​ដល់​ប្រជាពលរដ្ឋនៅក្នុង​ផ្នែក​សង្គម សេដ្ឋកិច្ច នយោបាយ វប្បធម៌ ទើប​នាំឱ្យ​ដំណើរ​អភិវឌ្ឍន៍​ប្រទេស​ប្រព្រឹត្ត​ទៅដោយ​បរិ​យា​ប័ន្ន​បាន​។

​លោក ប៉ា ច័ន្ទ​រឿន ថ្លែងថា​៖ «​ខ្ញុំ​គិតថា គោលនយោបាយ ៥​ចំណុច ដែល​គណបក្សកាន់អំណាច​ដាក់ចេញ​ហ្នឹង វា​អាច​សម​ស្របតាម​កាលៈទេសៈ​ប្រទេស​ក្នុងពេល​បច្ចុប្បន្ន និង​សម្រាប់​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ប៉ុន្តែ​សម្រាប់​ខ្ញុំ គណបក្ស​ប្រជាជន ក៏ដូចជា​រដ្ឋាភិបាល​គួរតែ​ផ្តោតលើ​ការដោះស្រាយ​បញ្ហា​ចម្បងៗ​នាពេល​បច្ចុប្បន្ន​ឱ្យបាន​ល្អ ដើម្បី​ជា​គ្រឹះ​ក្នុងការ​អនុវត្ត​គោលនយោបាយ​សំខាន់ៗ​ដែល​បាន​ដាក់ចេញ ជាពិសេស​បញ្ហា​អយុត្តិធម៌​សង្គម ដែល​គំរាមកំហែង​ដំណើរ​សន្តិសុខ​សង្គម និង​ការអភិវឌ្ឍ​ប្រទេស​»​។​

​លោក ​អ៊ូ ច័ន្ទ​រ័ត្ន សហ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា ថ្លែងថា គណបក្សកាន់អំណាច​គួរ​គិតគូរ​តាំងពី​អាណត្តិ​មុនៗ​ម្ល៉េះ តែ​ទោះជា​យ៉ាងណា​ក៏​ជា​ចំណុច​ចាប់ផ្តើម​ផងដែរ​សម្រាប់​គណបក្ស​កែទម្រង់​កម្ពុជា​។​

​លោក​ អ៊ូ ច័ន្ទ​រ័ត្ន ថ្លែងថា​៖ «​ទោះបី​មាន​គោលនយោបាយ​ល្អ​ក្តី ប៉ុន្តែ​ខ្ញុំ​យល់ថា វា​មិនមែនជា​ចំណុច​ទាក់ទាញ​ប្រជាប្រិយភាព និង​ទាក់ទាញ​ជំនឿ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​នោះទេ ដែល​ផ្ទុយទៅវិញ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិនសូវ​ចាប់អារម្មណ៍​លើ​គោលនយោបាយ​របស់​គណ​បក្ស​នីមួយៗ​ឡើយ ច្រើនតែ​ផ្តោតលើ​ការប្រកួតប្រជែង​ផ្ចាញ់ផ្ចាល​គ្នា​ទៅវិញ​»​។​

​លោក ​អ៊ូ ច័ន្ទ​រ័ត្ន បញ្ជាក់ថា ការអភិវឌ្ឍ​សង្គម​កម្ពុជា​នៅមាន​ចំណុច​ចន្លោះប្រហោង​ត្រង់​ការបែងចែក​ធនធាន​មិន​ស្មើភាព​គ្នា ដែលនាំឱ្យ​កើតមាន​វិសមភាព​សង្គម និង​គម្លាត​វណ្ណៈ​រវាង​អ្នកមាន និង​អ្នកក្រ​កាន់តែ​ធំ​ឡើង ដែល​លោក​ស្នើឱ្យ​គណបក្សកាន់អំណាច​ប្តេជ្ញា​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាជន​ដែលមាន​ជីវភាព​ទន់ខ្សោយ​ឱ្យដល់​កម្រិត​វណ្ណៈ​កណ្តាល ដើម្បី​ស្ថិរភាព​ប្រទេស​។​រដ្ឋាភិបាល​ដែល​ឈ្នះឆ្នោត​ត្រូវ​បន្ត​វិនិយោគ​ថវិកាជាតិ​ឱ្យ​ច្រើន​ទៅលើ​ប្រព័ន្ធ​អប់រំ​ស្នូល ប្រកបដោយ​តម្លាភាព ដែលជា​រឿង​មិនអាច​ខ្វះ​បាន​សម្រាប់​ការលូតលាស់​នៃ​សង្គមជាតិ​។

​គណបក្ស​ប្រជាជន​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​អាទិភាព ៥ ​ចំណុច រួមមាន​ទី​១ ការពារ​សន្តិភាព ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​ការពារ​រាល់​សមិទ្ធផល​នៃ​សង្គមជាតិ​ឱ្យបាន​គង់វង្ស​ស្ថិតស្ថេរ​។ ទី​២ កសាង​កម្ពុជា​ជា​រដ្ឋ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដ៏​ជឿនលឿន និង​រឹងមាំ ដែល​ផ្អែកលើ​ច្បាប់​មាន​សេដ្ឋកិច្ច​រីកចម្រើន​ប្រកបដោយ​ចីរភាព និង​សមធម៌ ប្រជាជនមាន​ជីវភាព​សម្បូរ​សប្បាយ​បានរស់នៅ​យ៉ាង​សុខដុមរមនា​ប្រកបដោយ​កិត្តិយស សេចក្ដីថ្លៃថ្នូរ និង​មាន​ការគោរព​សិទ្ធិមនុស្ស​។​

​ទី​៣ គឺ​កសាង​ប្រព័ន្ធ​គាំពារ​សង្គម​ប្រកបដោយ​បរិ​យា​ប័ន្ន ប្រសិទ្ធភាព និង​ចីរភាព​ហិរញ្ញវត្ថុ ដែល​ធានា​ការផ្ដល់​ការ​គាំពារ​ដល់​ប្រជាជន ក្នុងការ​ឆ្លើយតប​ចំពោះ​ហានិភ័យ​សេដ្ឋកិច្ច ហានិភ័យ​សុខភាព​សាធារណៈ និង​ភាព​ងាយ​រងគ្រោះ​ផ្សេងៗ​ដែល​កើតឡើង​ពី​ការប្រែប្រួល​លក្ខខណ្ឌ​នៃ​ការងារ និង​ការរស់នៅ​។​ ទី​៤ គឺ​ជំរុញ​ការអនុវត្ត​ «​កម្ពុជា​គ្មាន​មីន​ត្រឹម​ឆ្នាំ ​២០២៥ និង​កាត់បន្ថយ​គ្រាប់​មិនទាន់​ផ្ទុះ​ឱ្យ​បានជា​អតិបរមា​។ ទី​៥ គឺ​បន្ត​អនុវត្ត​នយោបាយ​ការបរទេស​ឯករាជ្យ​ដោយ​ផ្អែកលើ​ច្បាប់​កសាង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ រវាង​កម្ពុជា​ជាមួយ​ប្រទេស​ទាំងអស់​នៅលើ​សកលលោក និង​អង្គការ​អន្តរជាតិ​នានា ហើយ​ចូលរួម​យ៉ាងសកម្ម​ចំពោះ​បុព្វហេតុ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក​៕