
គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ ៦០ ម៉ែត្រក្នុងខណ្ឌមានជ័យកាលពីចុងឆ្នាំមុន។ ហេង ជីវ័ន
ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករំពឹងថា នៅពេលសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដែលអាចនឹងចប់សព្វគ្រប់នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ ហើយនៅពេលដែលច្បាប់នេះ ចូលជាធរមាន នឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានច្រើន ខណៈក្នុងឆ្នាំ ២០២២ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យមនុស្សស្លាប់រហូតដល់ ១ ៧០៩ នាក់។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងបែបនេះក្នុងពេលផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្រោយពីបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ នាព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ ដែលធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកថ្លែងថា៖ «ច្បាប់ចាស់ហ្នឹងវាមានចំណុចមួយចំនួនដែលវាអត់ស្រប ហើយបញ្ហាខ្លះវាមិនទាន់លេចឡើងគឺអត់មានចែងក្នុងច្បាប់ទេ។ ឧទាហរណ៍ថា ទាក់ទងនឹងការប្រើប្រាស់ផ្លូវល្បឿនលឿន ផ្លូវហាយវ៉េអីជាដើមដែលពេលមុនវាមិនទាន់មាន អ៊ីចឹងខ្ញុំគិតថា អាចជួយ[កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក] ជួយបានច្រើន»។
លោក ស ខេង បានឱ្យដឹងថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះបានឆ្លងគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករួចរាល់អស់ហើយ និងកំពុងបញ្ជូនទៅក្រុមអក្សរ សាស្ត្រធ្វើការត្រួតពិនិត្យអក្ខរាវិរុទ្ធឱ្យបានច្បាស់លាស់ ក្រោយពីនោះទើប លោកធ្វើសំបុត្រ ១ ស្នើសុំទៅប្រមុខរាជ រដ្ឋាភិបាលដើម្បីដាក់ឆ្លងច្បាប់នេះ។ ច្បាប់នេះនឹងឆ្លងរួចរាល់ចប់សព្វគ្រប់ក្នុងត្រីមាសទី១ ឆ្នាំ ២០២៣។ បើតាមលោក ស ខេង ដើមឡើយគ.ស.ច.គ បានធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចាស់ ប៉ុន្តែពេលធ្វើវិសោធនកម្មឃើញថា មានជាង៥០% នៃមាត្រាច្បាប់នេះត្រូវកែ។ ឃើញដូចនេះទើប គ.ស.ច.គ ឯកភាពគ្នាធ្វើច្បាប់ថ្មីវិញ។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ ២០២២ កើតឡើងចំនួន ២ ៩៧៦ លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ១ ៧០៩ នាក់។ បន្ថែមពីនេះមានអ្នករងរបួសចំនួន ៤ ០២៦ នាក់ ក្នុងនោះ មានអ្នករបួសធ្ងន់ចំនួន ២ ៥៧៩ នាក់។
លោកស្រីបន្ថែមថា៖ «ប៉ូលិសបានបញ្ជូនករណីគ្រោះថ្នាក់ចរាចរណ៍ទៅតុលាការចំនួន ១ ០២៧ ករណី បានដោះស្រាយចំនួន ១២១ ករណី កំពុងអង្កេតចំនួន ៦៦៤ ករណី ខណៈសមត្ថកិច្ចបានបញ្ជូនជនល្មើសទៅតុលាការចំនួន ៣១៦ នាក់»។
លោកស្រីបានសង្កត់ធ្ងន់ថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ខាងលើ អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ចំនួន ២៧២ នាក់ ខេត្តកណ្តាលចំនួន ១៥៧ នាក់ និងខេត្តកំពង់ចាមចំនួន ១៣១ នាក់។ ចំពោះមូលហេតុចម្បង ដែលបានបណ្ដាលឱ្យមាន គ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរដោយលើសល្បឿនកំណត់ ៣៩% មិនគោរពសិទ្ធិ ២៤% មិនប្រកាន់ស្ដាំ ១១% វ៉ាជែង១០% បត់៩% ស្រវឹង ៤% កត្តាយានយន្ត ៣% និងងងុយដេក ១%។ ជាងនេះទៀត ក្នុងចំណោមជនរងគ្រោះជិះម៉ូតូសរុបជាង ៤ ពាន់នាក់ មានជនរងគ្រោះមិនពាក់មួកសុវត្ថិភាពជាង ៣ ពាន់នាក់ ដែលភាគច្រើនមិន ពាក់មួកសុវត្ថិភាព នៅពេលយប់។
ពាក់ព័ន្ធបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនេះដែរ លោក គង់ សុវណ្ណ អ្នកជំនាញទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ បានលើកឡើងថា បញ្ហាកត្តាហានិភ័យនៃគ្រោះថ្នាក់ចរា ចរណ៍ ភាគច្រើនកើតឡើងដោយសារមនុស្ស មានការធ្វេសប្រហែស បើកបរ ប្រញាប់ប្រញល់ មិនអធ្យាស្រ័យនៅក្នុង ការបើកបរ។ ហេតុនេះដើម្បីកាត់បន្ថយបញ្ហានេះ រាល់អ្នកបើកបរទាំងអស់ត្រូវតែប្រកាន់គោលជំហរដោយគិតពីសុវត្ថិភាពរបស់ខ្លួន និងអ្នកដទៃជាចម្បង។
លោកបញ្ជាក់ថា៖ «សូមកុំឱ្យអ្នកបើកបរទាំងអស់បើកបរក្នុងឥទ្ធិពលគ្រឿងស្រវឹង ព្រោះកាលណា បើកបរក្នុងពេលរងឥទ្ធិពលគ្រឿងស្រវឹងនេះនឹងធ្វើឱ្យញាណទាំង ៥ របស់គាត់លែងគ្រប់គ្រងបានទៀតហើយ ព្រោះជាទូទៅបើកបរក្នុងល្បឿនលឿន បាត់បង់ម្ចាស់ការ លែងដឹងខុសត្រូវ ដែលជាហានិភ័យខ្ពស់ ធ្វើឱ្យទំហំនៃគ្រោះថ្នាក់ចរាចរណ៍កាន់តែមានសភាពធ្ងន់ធ្ងរទៅៗ»។
លោក សុវណ្ណ ចង់ឱ្យគ្រប់គ្នាត្រូវរួមគ្នាបន្តទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដោយមិនបន្ធូរដៃ ពិសេសស្នើសុំឱ្យមន្ត្រីសមត្ថកិច្ចដែលអនុវត្តច្បាប់ទាំងអស់ បើមិនពិន័យ ក៏គួរតែដាក់គោលដៅរឹតបន្តឹងច្បាប់ឱ្យបានច្រើនកន្លែងនៅតំបន់ទីប្រជុំជនដើម្បីអប់រំ និងឱ្យអ្នកដែលតែងបើកបរល្មើសច្បាប់ខ្លាចរអារ ហើយងាកមកចូលរួមអនុវត្តច្បាប់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព។
នៅក្នុងពិធីបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្រី មឹន មាណវី ក៏បានឱ្យដឹងដែរថា ប្រតិបត្តិការត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២២ បានត្រួតពិនិត្យយានយន្ត សរុបចំនួនជាង ១ លានគ្រឿងរកឃើញយានយន្តល្មើស និងពិន័យជាង ១៤ ម៉ឺនគ្រឿងពិន័យបានថវិកា ១២ ៤៥៤ លានរៀល។
ដោយឡែកនៅក្នុងដំណើរការសាកល្បងធ្វើការពិន័យ និងដកពិន្ទុបណ្ណបើកបរ ដោយឧបករណ៍បច្ចេកទេស គិតចាប់ពីថ្ងៃទី ១ ខែកញ្ញា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ពិន័យបានសរុបចំនួនជាង ៨ ៥០០ នាក់ (ស្រី ៤៨៩ នាក់)៕