ភ្នំពេញៈ ​លោក ​រ៉ុង ឈុន សកម្មជន​នយោបាយ​ម្នាក់​ដែល​ធ្លាប់​ជាប់ពន្ធនាគារ​បាន​ប្រកាស​ជំហរ​ចូលធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន ដើម្បី​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ខែកក្កដា ឆ្នាំ​ ២០២៣​។​

លោក ​រ៉ុង ឈុន ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ ​២០២៣ នៅ​ទីស្នាក់ការ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បានប្រកាស​បោះបង់ចោល​ការងារ​ក្នុង​វិស័យ​សង្គម​ស៊ីវិល ហើយ​ជ្រើស​រើសយក​ផ្លូវ​នយោបាយ ជាមួយ​គណបក្ស​ភ្លើងទៀន​ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ជា​គណបក្សប្រឆាំង​នៅ​កម្ពុជា​។ ជំហរ​នេះ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​សេចក្តីអំពាវនាវ​នៃ​ជួរ​ថ្នាក់ដឹកនាំ សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ភ្លើងទៀន​។​

លោក ​រ៉ុង ឈុន ថ្លែងថា​៖ «​ការសម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន យើង​រំពឹង​នៅ​ថ្ងៃ ២៣ កក្កដា ខាងមុខ​[​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧] នឹងមាន​ការប្រែប្រួល​ខ្លាំង ហើយនឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​នៅ​ជំហរ​កណ្តាល ឬ​អ្នក​កំពុង​រង់ចាំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រឡប់មកវិញ ដែល​ខ្ញុំ​គិតថា ​នៅពេល​មាន​វត្តមាន​ខ្ញុំ នឹងធ្វើ​ឲ្យ​បងប្អូន​ដែល​ទន្ទឹង​រង់ចាំ​នោះ អាច​ងាក​មក​គាំទ្រ​គណបក្ស​ភ្លើងទៀន ហើយ​បើសិន​ថ្ងៃ​ណា​មួយ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រឡប់មកវិញ ចាំ​យើង​គិត​ទៀត​»​។​

​លោក ​រ៉ុង ឈុន បាន​ថ្លែង​ដោយ​មិនមាន​ការសោកស្តាយ​ក្នុងការ​សម្រេចចិត្ត​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន​ទេ បើទោះបីស្ថានការណ៍​នយោបាយ​មួយរយៈ​ចុងក្រោយ​នេះ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​មួយចំនួន​ប្រឈម​នឹង​វិធានការ​តុលាការ​ក៏ដោយ។

លោក​ គីម​សួរ ភី​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀនថ្លែងថា ការទទួល​ស្វាគមន៍​វត្តមាន​របស់លោក​ រ៉ុង ឈុន មក​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន ព្រោះលោក​មាន​ឥទ្ធិពល​ក្នុងសង្គម ដោយហេតុ​លោក​ធ្លាប់ជា​សកម្មជន​ដ៏​លេចធ្លោ​ក្នុងការ​ទាមទារ​សិទ្ធិ និង​ប្រាក់ខែ​ជូន​គ្រូបង្រៀន និង​កម្មករនិយោជិត​កម្ពុជា និង​លទ្ធិប្រជាធិបតេយ្យ​។​

​លោក​ គីម​សួរ ភី​រិ​ទ្ធ ថ្លែងថា​៖ «​លោក ​រ៉ុង ឈុន លោក​មិនបាន​ទាមទារ​តំណែង ឬ​លក្ខខណ្ឌ​អ្វី​មួយ​ឡើយ ប៉ុន្តែ​ចំពោះ​បុគ្គល​ដែលមាន​កេរ្តិ៍ឈ្មោះ​បែបនេះ ហើយ​មាន​ឥទ្ធិពល​ក្នុងសង្គម មាន​គំរូ​វីរភាព​ដូច​លោក គណបក្ស​ភ្លើងទៀន​នឹង​ពិចារណា​ផ្តល់នូវ​តួនាទី​ណា​មួយដែល​សមស្រប សមរម្យ ជូន​ដល់​គាត់ នៅពេល​ខាងមុខ​»​។​

លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាថ្លែងថា ការសម្តែង​ជំហរ​នយោបាយ​របស់លោក ​រ៉ុង ឈុន មិនមែនជា​រឿង​ថ្មី​ឡើយ ព្រោះ​លោក​តែងមាន​និន្នាការ​ប្រឆាំងនឹង​រដ្ឋាភិបាល​ជានិច្ច ប៉ុន្តែ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ផ្តល់​សិទ្ធិសេរីភាព​គ្រប់គ្រាន់​ដល់​ពលរដ្ឋ​គ្រប់រូប​ក្នុងការ​ចូលរួម​ជីវភាព​នយោបាយ​នានា​ក្រៅពី​បក្ស​កាន់អំណាច​។​

លោក​ សុខ ឥសាន ថ្លែងថា​៖ «​គណបក្ស​ប្រជាជន​កម្ពុជា​មិនមាន​ការភ័យព្រួយ​អ្វី​ទេ លទ្ធផល​ជាក់ស្តែង​ពួកគាត់​[​គណបក្ស​ភ្លើងទៀន​] មិន​លើសពី ២០% នោះទេ​សម្រាប់​ការបោះឆ្នោតជាតិ​ខាងមុខ​។ ក្នុងការ​បោះឆ្នោត​ឆ្នាំ​ ២០២២ យើង​ឃើញ​ហើយ គណបក្ស​ប្រជាជន​ទទួលបាន ៧៤% ចំណែក​គណបក្សប្រឆាំង​មានតែ​សំឡេង ១៨% អ៊ីចឹង សួរថា​នរណា​ដឹកនាំ​នរណា​?»​។​

លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC)​ បាន​ប្រាប់ថា លោក​គោរព​ការសម្រេចចិត្ត​របស់លោក​ រ៉ុង ឈុន ដែល​ចាក​ចេញពី​វិស័យ​សហជីព​ការពារ​សិទ្ធិសេរីភាព​ជូន​កម្មករ និង​ការងារ ហើយ​ផ្លាស់​ជា​អ្នកនយោបាយ​ម្នាក់​វិញ ដែល​លោក​ថា វា​ជា​សិទ្ធិសេរីភាព​បុគ្គល​និង​ការពិចារណា​ល្អិតល្អន់​របស់លោក​រ៉ុង ឈុន ក្នុង​ការធ្វើសកម្មភាព​បម្រើ​ផលប្រយោជន៍​មហាជន​ទូទៅ​។​

​លោក​ អាត់ ធន់ ថ្លែងថា​៖ «​លោក​រ៉ុង ឈុន មាន​សក្តានុពល​ច្រើន​ពី​កម្មករ និង​ប្រជាពលរដ្ឋ​ទូទៅ ដោយសារ​កន្លងមក គាត់​បាន​ចូលរួមចំណែក​ការពារ​សិទ្ធិ​កម្មករ ប្រជាជន អ៊ីចឹង​គាត់​អាចមាន​ការគាំទ្រ​គួរសម​ដែរ ហើយ​ខ្ញុំ​យល់ថា​ វា​ចំណុច​ល្អ​ដែល​គាត់​សម្រេចចិត្ត​ច្បាស់ ដោយ​ធ្វើលិខិត​លា​ចេញពី​ការងារ ដើម្បី​ចូលរួម​នយោបាយ​»​។​

លោក​ ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នកតាមដាន​នយោបាយ​ក​ម្ពុ​ជាថ្លែងថា ការចូលរួម​ជីវភាព​នយោបាយ​របស់​លោក ​រ៉ុង ឈុន ជាមួយ​គណបក្ស​ភ្លើងទៀន នឹង​ជំរុញ​ឲ្យ​គណបក្ស​នេះ​មាន​អានុភាព​កាន់តែខ្លាំង ដែល​អាចមាន​សំឡេង និង​កម្លាំង​ជាង​មុន​ពី​សំណាក់​អ្នកនយោបាយ​ក្រៅ​រដ្ឋាភិបាល​ក្នុងការ​តតាំង​ជាមួយ​រដ្ឋាភិបាល​បក្ស​កាន់អំណាច​។​

លោក ​ឯម សុវណ្ណារ៉ា ថ្លែងថា​៖ «​នេះ​គឺជា​ចរន្ត​ ១ ​ដែល​យើង​អាច​ឃើញថា ចរន្ត​អ្នកនយោបាយ​ក្រៅ​រដ្ឋាភិបាល​មាន​កម្លាំង​រួបរួម ឬ​កំពុងតែ​កៀរគរ​កម្លាំង​ឲ្យ​កាន់តែច្រើន ធ្វើឱ្យ​កម្លាំង​ចូលរួម​ក្នុង​ទីលាន​នយោបាយ ចូលរួម​ការបោះឆ្នោត​ថ្នាក់ជាតិ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខ អាចមាន​ការប្រកួតប្រជែង​គ្នា​ក្នុង​លក្ខណៈ​សមគួរ​ដែរ​»៕