
សកម្មភាពបម្រើការនៅភោជនីយដ្ឋានដែលមានសេវាកម្សាន្ដនៅខេត្តព្រះសីហនុកាលពីឆ្នាំមុន ។ ហេង ជីវ័ន
ភ្នំពេញៈ មន្ត្រីសង្គមស៊ីវិលស្នើឱ្យរាជរដ្ឋាភិបាលបង្កើតគោលនយោបាយសម្រាប់អ្នកធ្វើការក្នុងវិស័យបម្រើសេវាកម្សាន្ត បន្ទាប់ពីទទួលដំណឹងថា គណបក្សកាន់អំណាចមានផែនការរៀបចំឱ្យមានមេធាវីសម្រាប់ការពារក្ដីស្ដ្រី និងអ្នកប្រកបរបរខាងសេវាកម្សាន្ត។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានសរសេរលើទំព័រហ្វេសប៊ុកថា ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី ២៩ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា នឹងផ្តល់មេធាវីដល់នារីបម្រើការផ្នែកសេវាកម្សាន្ត រួមមាន ខារ៉ាអូខេ បៀរហ្គាឌិន អ្នករត់តុ ជាដើម ដើម្បីការពារសិទ្ធិស្ត្រីទាំងនោះតាមផ្លូវច្បាប់ ក្នុងករណីមានការរំលោភសិទ្ធិណាមួយកើតឡើង។ លោកថា នារីបម្រើការងារផ្នែកសេវាកម្សាន្តក៏នឹងត្រូវជួយក្នុងការផ្តល់ឱ្យមានបណ្ណរបបសន្តិសុខសង្គមឬបណ្ណ ប.ស.ស. ដល់ពួកគេផងដែរ។
ជុំវិញរឿងនេះ លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានថ្លែងថា វាជារឿងប្រសើរ ដែលគណបក្សដឹកនាំរាជរដ្ឋាភិបាលគិតឃើញពីគម្រោងការរៀបចំមេធាវី ដើម្បីការពារនារីដែលបម្រើក្នុងសេវាកម្សាន្ត ប៉ុន្តែដើម្បីឱ្យប្រសើរជាងនេះ រាជរដ្ឋាភិបាលបច្ចុប្បន្នគួរតែរៀបចំគោលនយោបាយសមរម្យណាមួយច្បាស់លាស់ ដើម្បីធានាដល់សិទ្ធិរបស់ពួកគាត់ជាពិសេសលើការផ្ដល់ប្រាក់ឈ្នួលសមរម្យតែម្ដង។
លោក វន់ ពៅ បានបញ្ជាក់ថា៖ «ដូច្នេះដើម្បីឱ្យមានភាពប្រសើរជាងនេះ រដ្ឋត្រូវតែរៀបចំគោលនយោបាយមួយច្បាស់លាស់ ដើម្បីបញ្ឈប់នូវការបៀតបៀនទៅលើពួកគាត់ដែលធ្វើការលើសេវាកម្សាន្ត ហើយវាជាលក្ខណៈល្អ ប្រសិនជាយើងរៀបចំគោលនយោបាយ ដែលមានយន្តការឱ្យថៅកែទទួលខុសត្រូវចំពោះបុគ្គលិករបស់ខ្លួនដែលធ្វើការសេវាកម្សាន្តហ្នឹង កុំឱ្យភ្ញៀវមកបៀតបៀន ហើយនិងធានាទាំងសន្តិសុខ និងសុវត្ថិភាពរបស់គាត់»។
លោកបានបន្តថា ក្រៅពីនេះ រាជរដ្ឋាភិបាលគួរតែមានយន្តការប្រកាសជាទូទៅ ដោយសរសេរក្រមសីលធម៌ដាក់នៅតាមបណ្ដាមណ្ឌលសេវាកម្សាន្តផ្សេងៗ ដើម្បីឱ្យភ្ញៀវនានាអាចចូលរួមកាត់បន្ថយ។ រីឯចំណុចសំខាន់មួយទៀត គឺត្រូវរៀបចំគោលនយោបាយប្រាក់ឈ្នួលរបស់ពួកគាត់ឱ្យបានសមរម្យ ដើម្បីធានាកុំឱ្យពួកគាត់មានការប្រថុយប្រថាន រកប្រាក់ដោយការលក់ខ្លួនជាដើម។
អ្នកស្រី ម៉ៅ ម៉ាប់ ប្រធានផ្នែកសិទ្ធិស្ត្រី និងកុមារ នៃសមាគមអាដហុកបានថ្លែងថា ក្នុងនាមជាអង្គការសង្គមស៊ិវិលដែលធ្វើការលើការការពារសិទ្ធិស្ដ្រី បានថ្លែងថា វាជារឿងល្អ ហើយបានសាទរចំពោះបំណងរៀបចំមេធាវីការពារដល់ស្ដ្រីដែលបម្រើការលើសេវាកម្សាន្តនេះ។
អ្នកស្រីបន្ថែមថា ជាទូទៅស្ដ្រីដែលធ្វើការលើសេវាកម្សាន្ត តែងតែប្រឈមនូវការរំលោភបំពាន និងការបៀតបៀនពីភ្ញៀវ ជាពិសេសអ្នកមានលុយ អ្នកមានអំណាច ប៉ុន្តែអ្វីដែលសំខាន់ ក្នុងនាមជាអង្គការការពារសិទ្ធិស្ដ្រីគឺសុំឱ្យការរៀបចំមេធាវីជូនពួកគាត់នេះត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ក្នុងការការពារពួកគាត់ឱ្យមានប្រសិទ្ធភាព។
អ្នកស្រី ម៉ៅ ម៉ាប់ បានបញ្ជាក់ថា៖«យើងសាទរចំពោះការបង្កើតឱ្យមាន (មេធាវីការពារ) ហើយសុំឱ្យអនុវត្តក្នុងការការពារពួកគាត់ប្រកបដោយប្រសិទ្ធភាពផងដែរ។ ក្រៅពីតម្រូវការការពារពីមេធាវី ពួកគាត់ក៏ត្រូវមានការផ្ដល់ជាសេវាសង្គមអីផ្សេងៗទៀតជួយដល់ជីវភាព ជាពិសេសសេវាសុខភាព គួរតែមានការគាំទ្រលើផ្នែកហ្នឹងដែរ»។
លើសពីនេះទៀត អ្នកស្រីចង់ឱ្យការអនុវត្តមានតម្លាភាពនៅពេលធ្វើរឿងអ្វីមួយ ព្រោះកន្លងមកតែងតែឃើញថា ករណីការរំលោភបំពានភាគច្រើន កើតចេញពីអ្នកមានអំណាច អ្នកមានលុយ ដែលជាហេតុធ្វើឱ្យកើតភាពមិនស្មើគ្នា។ទន្ទឹមនឹងនេះអ្នកស្រីម៉ាប់ក៏ចង់សំណូមពរឱ្យរាជរដ្ឋាភិបាលឃ្លាំមើលការអនុវត្តឱ្យមានតម្លាភាពដើម្បីកុំឱ្យមានការអនុវត្តស្ដង់ដាច្រើន និងមិនស្មើភាពគ្នាជាដើម៕