ភ្នំពេញៈ ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ​បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រួមគ្នា ដើម្បី​បង្កើន​រយៈពេល​លំហែ​មាតុភាព​របស់​ម្តាយ​ធ្វើការ ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​ការបង្កើន​អត្រា​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ ​១​មុខ​គត់​ឱ្យបាន​ដល់ ​៨៥% ​នៅ​ឆ្នាំ​ ២០៣០ ក្រោយពី​រកឃើញថា ​អត្រា​បំបៅ​ដោះ​មានការ​ធ្លាក់ចុះ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ព្រោះ​ម្ដាយ​ត្រូវ​ត្រឡប់មក​បំពេញការងា​រវិ​ញ​។​

កិច្ចពិភាក្សា​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការលើកកម្ពស់​ការចិញ្ចឹម​ទារក​និង​កុមារ និង​ការ​លំហែ​មាតុភាព​សម្រាប់​ស្ត្រី​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​កាល​ថ្ងៃទី ​៣១ ខែមករា ឆ្នាំ​ ២០២៣​។

លោក ហ៊ូ ក្រើន នាយក​អង្គការ​ហេឡែន ខេ​ល័​រ​អន្តរជាតិ បានឱ្យដឹងថា ភាគី​ពាក់ព័ន្ធ​ប្រមាណ​ជាង​ ១៤ ស្ថាប័ន រួមមាន ក្រសួង​ពាក់ព័ន្ធ អង្គការ​ដៃគូ វិស័យ​ឯកជន អង្គការ​សហ​ប្រជា​តិ អង្គការ​សុខភាព​ពិភពលោក បណ្តាញ​អ្នកសារព័ត៌មាន សាកលវិទ្យាល័យ រួមទាំង​រដ្ឋសភាជាតិ​ផង​នោះ បាន​បើក​កិច្ចពិភាក្សា​រួមគ្នា ដើម្បី​បង្កើន​ការ​លំហែ​មាតុភាព​នៅ​កម្ពុជា ក្នុង​គោលបំណង​លើកកម្ពស់​ការ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ​១​មុខ​គត់​សម្រាប់​កុមារ​អាយុ​ពី ០​ដល់​ ៦ ​ខែ សម្រាប់​ស្ត្រី​ជា​ម្តាយ​ដែល​កំពុង​បម្រើ​ការងារ​គ្រប់​វិស័យ​ទាំងអស់​។​

លោក​បន្តថា​៖ «​ការបើក​ឱ្យមាន​កិច្ចពិភាក្សា​លទ្ធភាព​បង្កើន​រយៈពេល​លំហែ​មាតុភាព​នេះ នឹង​អាច​ពិភាក្សា​ពី​៣​ខែ​ទៅ ​៦ ​ខែ ឬ​ពី ​៣ ​ខែ​ទៅ ​៥ ​ខែ ឬ​ពី​ ៣ ​ខែ​ទៅ​ ៤ ​ខែ ខណៈ​ការពិភាក្សា​នេះ​គឺ​ក្រោយពេល​បាន​សាកសួរ​ម្តាយ​ដែល​បញ្ឈប់​បំបៅកូន​ដោយសារ​ពួកគាត់​ត្រូវ​ចូលធ្វើការ​វិញ​ ខណៈ​អត្រា​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ​ ១ ​មុខ​គត់​សម្រាប់​កុមារ​អាយុ​ពី ០​ ដល់​ ៦ ​ខែ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ដែលជា​អត្រា​គួរឱ្យ​បារម្ភ​ខ្លាំង​»​។​

ជាមួយគ្នានេះ លោក ហ៊ូ ក្រើន បាន​បញ្ជាក់ដែរថា តាម​ការសិក្សា​របស់​អ្នកជំនាញ​សេដ្ឋកិច្ច​បានបង្ហាញ​ថា បើសិនជា​កម្ពុជា អាច​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​តែ​១​មុខ​គត់​ឱ្យបាន​ពេញលេញ​ពី ០ ​ដល់​ ៦​ ខែ នឹង​ធ្វើឱ្យ​កម្ពុជា​ចំណេញ​ថវិកា​ប្រមាណ​ ៣៣០​លាន​ដុល្លារ​ ក្នុង​ ១​ ឆ្នាំៗ ចំពោះ​ការធានា​នៅក្នុង​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​ពី​សំណាក់​ទារក កុមារ និង​ទារក​ទើប​កើត​ថ្មីៗ​រហូតដល់​៣៧​ម៉ឺន​នាក់​នៅ​ប្រទេស​កម្ពុជា ដែល​ចំណុច​នេះ​គួរតែ​គិត​ឱ្យមាន​ការបង្កើន​រយៈពេល​លំហែ​មាតុភាព​របស់​ម្តាយ​ធ្វើការ​។

លោកស្រី ប្រាក់ សោ​ភ័​ណ្ឌ​នារី រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ក៏បាន​បង្ហាញ​ការគាំទ្រ​ទាំងស្រុង​ចំពោះ​ការជំរុញឱ្យ​មានការ​បង្កើន​រយៈពេល​លំហែ​មាតុភាព​ម្តាយ​ធ្វើការ ព្រោះ​ការឈប់​សម្រាកលំហែ​មាតុភាព​កន្លងមក បានធ្វើឱ្យ​ស្ត្រី​ដែល​កំពុង​បម្រើ​ការងារ​ជួប​បញ្ហា​ប្រឈម​ក្នុងការ​អនុវត្ត​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ​ ១ ​មុខ​គត់​ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង​នៃ​ជីវិត​របស់​ទារក​ស្របតាម​គោលនយោបាយ​របស់​កម្ពុ​ជា និង​អង្គការ​សុខភាព​ពិភពលោក​។

លោកស្រី​បន្តថា ការមិន​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​ខួរក្បាល និង​សតិបញ្ញា​ស្មារតី​របស់​កុមារ​។ ម្យ៉ាងវិញទៀត កុមារ​ដែល​មិនបាន​ទឹកដោះ​ម្ដាយ​ពេញលេញ​មាន​ទំហំ​ខួរក្បាល​តូច​ជាង​ក្មេង​ដែល​បាន​បៅដោះ​ម្ដាយ​ពេញលេញ ហើយ​ភាព​ឆ្លាត​វៃ ឬ IQ របស់​ក្មេង​មិនបាន​បៅដោះ​ម្ដាយ​បាន​ពេញលេញ​បាត់បង់​ចំនួន​ ២.៦ ​នៃ ​IQ បើ​ធៀប​នឹង​ក្មេង​ដែល​បាន​បៅ​ទឹកដោះ​ម្ដាយ​។

លោកស្រី ថ្លែងថា​៖ «​ការ​បំបៅកូន​ដោយ​ផលិតផល​ជំនួស​ទឹកដោះ​ម្ដាយ​រួមទាំង​ទឹកដោះគោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​អាច​បង្ក​ហានិភ័យ​ជាច្រើន​ដល់​ក្មេង​ដូចជា ជំងឺរាក ជំងឺ​សួត ជំងឺហឺត ពិន្ទុ​ភាព​ឆ្លាត​វៃ​ចុះខ្សោយ ជំងឺ​ទឹកនោមផ្អែម ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង ធាត់​ជ្រុល​ជាដើម​។ ហេតុនេះ ការសិក្សា​ពី​លទ្ធភាព​បង្កើន​រយៈពេល​លំហែ​មាតុភាព​ម្តាយ​ធ្វើការ​គឺជា​រឿង​សំខាន់​»​។​

​គួរ​បញ្ជាក់ដែរថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញាចិត្ត​សម្រេច​ឱ្យបាន​ការបង្កើន​អត្រា​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ​ ១ ​មុខ​គត់​ឱ្យបាន​ដល់​ ៨៥%​ត្រឹម​ឆ្នាំ ​២០៣០​។ ​ប្រទេស​កម្ពុជា​ ធ្លាប់​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​ការបង្កើន​អត្រា​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​។

ទោះបីយ៉ាងណា​ក៏ដោយ អត្រា​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ​១​មុខ​គត់​សម្រាប់​កុមារ​អាយុ​ពី ០ ​ដល់​ ៥​ ខែ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពី​អត្រា ៧៤% ក្នុង​ឆ្នាំ ២០១០ ដល់ ៦៥% ក្នុង​ឆ្នាំ ២០១៤ និង​មក ៥១% ក្នុង​ឆ្នាំ ២០២១-២០២២​។ ការធ្លាក់ចុះ​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ ​១ ​មុខ​គត់ និង​ការបន្ត​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ គឺមាន​ការរួមចំណែក​មួយផ្នែក​ពី​ការ​កើន​ទ្បើង​នៃ​ការប្រើប្រាស់​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ ​និង​ការបោះ​បង់ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​នៅពេល​ស្ត្រី​ជា​ម្តាយ​បាន​ត្រឡប់​ចូលធ្វើការ​វិញ​បន្ទាប់ពី​ការ​លំហែ​មាតុភាព​។

លើសពីនេះ​ទៀត លទ្ធផល​ពី​ការអង្កេត​នៃ​ទិន្នន័យ​ដើម​គ្រា ដែល​ធ្វើឡើង​នៅ​ចន្លោះ​ខែកុម្ភៈ និង​ខែមីនា ឆ្នាំ ២០២២ ​ក្នុងចំណោម​និយោជិត​ស្ត្រី​ចំនួន ​៣០៨​ នាក់ ​ដែល​មានកូន​អាយុ​ក្រោម​ ១២​ ខែ នៃ​គម្រោង​លើកកម្ពស់​អាហារូបត្ថម្ភ​និង​ការចិញ្ចឹម​ទារក ​និង​កុមារ​ដែល​អនុវត្ត​ដោយ​អង្គការ​ហេ​ទ្បែ​ន​ខេ​ល​ល័​រ ក្រោម​ការគាំទ្រ​ផ្នែក​ថវិកា​ដោយ​គម្រោង​ MUSEFO នៃ​អង្គការ​ GIZ បាន​រកឃើញថា​ការ​លំហែ​មាតុភាព​រយៈពេល​ខ្លី​អាចជា​កត្តា​សំខាន់​ ១ ​ក្នុងចំណោម​កត្តា​ផ្សេងៗ​ទៀត​ ដែល​រួមចំណែក​ដល់​ការជំរុញ​ម្តាយ​ដែល​កំពុងធ្វើការ​ឱ្យ​បោះបង់​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​។​

ការសិក្សា​រកឃើញថា ម្តាយ​ស្ទើរតែ​ពាក់កណ្តាល ឬ​ ៤៩%​ បាន​បញ្ជាក់ថា​ ពួកគាត់​បាន​បោះ​បង់ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ គឺ​ដោយសារ​ពួកគាត់​ត្រូវ​ត្រឡប់​ធ្វើការ​វិញ​ក្រោយ​លំហែ​មាតុភាព​។

ជាងនេះទៀត អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ប៉ាន់ប្រមាណ​ថា កម្មករនិយោជិត​ប្រមាណ ​៩៣% នៅ​កម្ពុជា ជា​កម្មករ​បម្រើ​ការងា​រ​នៅក្នុង​ប្រព័ន្ធ​មិន​ផ្លូវការ​។ យោងតាម​ច្បាប់​ស្តីពី​ការងារ​កម្ពុជា នៅ​មាត្រា ១៨២-១៨៣ បាន​ចែងថា ស្ត្រី​មាន​សិទ្ធិ​ទទួលបាន​ការឈប់​សម្រាក​លំហែ​មាតុភាព​រយៈពេល ​៩០​ ថ្ងៃ (១២.៩ សប្តាហ៍​) ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​ពាក់កណ្តាល​និង​ប្រាក់​បន្ថែម​មួយចំនួនទៀត​ពី​និយោជក​។ ក៏ប៉ុន្តែ ការទទួលប្រាក់​ឈ្នួល​ដូច​មានចែង​ក្នុង​មាត្រា​នេះ​នឹង​ឱ្យ​បានតែ​ចំពោះ​ស្ត្រី​ណា​ដែល​ធ្វើការ​ក្នុង​សហគ្រាស​បាន​យ៉ាងតិច​ ១ ​ឆ្នាំ​ទេ​។

ការឈប់​សម្រាកលំហែ​មាតុភាព​រយៈពេល ​១២.៩​ សប្តាហ៍​នេះ​ គឺ​នៅ​មិនទាន់​ឆ្លើយតប​ពេញលេញ​ទៅនឹង​ស្តង់ដា​អប្បបរមា​នៃ​អនុសញ្ញា​លេខ ​១៨៣​ ស្តីពី​ការការពារ​មាតុភាព​ដែលជា​អនុសាសន៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ពាក់ព័ន្ធ​ទៅនឹង​ការឈប់​លំហែ​មាតុភាព​អប្បបរមា​ឱ្យបាន​ ១៤ ​សប្តាហ៍ ឬ​ការបង់ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ​២ ​ភាគ ​៣ ​នៃ​ប្រាក់​ឈ្នួល​របស់​ស្ត្រី​មុនពេល​ឈប់​លំហែ​មាតុភាព​នោះទេ​។

ហេតុនេះ ស្ថាប័ន​ពាក់ព័ន្ធ បាន​អះអាង​ទៀតថា ការជំរុញឱ្យ​មានការ​បង្កើន​រយៈពេល​លំហែ​មាតុភាព​ម្តាយ​ធ្វើការ​នាពេលនេះ គឺ​ក្រោយពេល​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​បានធ្វើ​ការបង្កើន ឬ​ធ្វើ​វិសោធនកម្ម​ទៅលើ​ច្បាប់​ស្តីពី​សិទ្ធិ​ឈប់​លំហែ​មាតុភាព​នេះ​។ ជាក់ស្តែង​មាន​ប្រទេស​វៀតណាម​បាន​បង្កើន​រយៈពេល​លំហែ​មាតុភាព​ពី​ ១៦​ សប្តាហ៍​ទៅ ​២៦​ សប្តាហ៍ ពោល​គឺមាន​រយៈពេល​ដ​ល់​ទៅ ​៦ ​ខែ បានធ្វើឱ្យ​អត្រា​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ ​១ ​មុខ​គត់​នៅក្នុង​ប្រទេស​នេះ ​បាន​កើនឡើង​ពី ២២% រហូតដល់​ទៅ ៤៥.៤%​ផងដែរ​។​

យ៉ាងណាមិញ ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​នេះ ភាគី​ពាក់ព័ន្ធ​នឹង​រៀបចំ​ឯកសារ និង​ប្រមូល​ភ័ស្តុតាង​បន្ថែម ដើម្បី​ចងក្រង​ជា​គោលនយោបាយ​ ១ ​រួមគ្នា ដាក់ជូន​ទៅកាន់​ថ្នាក់​នាំ​រដ្ឋាភិបាល ដើម្បី​ពិនិត្យមើល​លើ​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​ការបង្កើន​រយៈពេល​លំហែ​មាតុភាព​ម្តាយ​ធ្វើការ​នេះ​៕