
រូបភាពកម្មវិធីថែទាំផ្លូវ និងសកម្មភាពជួសជុលផ្លូវកន្លងមក។ រូបថត ក្រសួងសាធារណការ
ភ្នំពេញ: ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា កម្មវិធីថែទាំផ្លូវក្នុងទូរស័ព្ទដៃដែលក្រសួងដាក់ឱ្យដំណើរការ កាលពីចុងឆ្នាំ ២០១៨ ដើម្បីឱ្យពលរដ្ឋរាយការណ៍អំពីបញ្ហាផ្លូវសម្បុកមាន់នោះ រហូតមកទល់ពេលនេះមានអ្នកប្រើប្រាស់ ៣១ ៤៧០ នាក់ ហើយបានរាយការណ៍ ៦ ៦០០ ករណី ស្របពេលដែលក្រសួងបន្ដអភិវឌ្ឍខ្លួនឱ្យកាន់តែងាយស្រួលប្រើប្រាស់ថែមទៀត។
លោក ហ៊ាង សុទ្ធាយុតិ្ដ ប្រធាននាយកដ្ឋានព័ត៌មាននិងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា៖ «គិតបិទបញ្ចប់ត្រឹមខែធ្នូ ឆ្នាំ ២០២២ ក្នុងរយៈពេល ៤ ឆ្នាំនេះ យើងទទួលបានរបាយការណ៍ ៦ ៦០០ ករណី ដោយដោះស្រាយបាន ៤ ៥០០ ករណី»។
លោកបានឱ្យដឹងថា ការដោះស្រាយនេះចែកចេញជា ៣ ផ្នែក គឺទី១- ការទទួលស្គាល់របាយការណ៍យកដាក់ទៅក្នុងផែនការឆ្នាំជូនទៅជំនាញពាក់ព័ន្ធ ទី២- ការដោះស្រាយជាបែបផែនសម្របសម្រួលដោយបញ្ជូនទៅសមត្ថកិច្ចផ្សេងនិងទី៣- ជាការដោះស្រាយមួយដែលឃើញលទ្ធផលភ្លាមៗដែលមានប្រមាណ ១ ៥០០ ករណី ឬស្មើនឹង ៣៤ ភាគរយ នៃរបាយការណ៍ដែលបានដោះស្រាយរួច។
លោកថា ៣៤ ភាគរយនេះផ្ដោតលើរបាយការណ៍ដោះស្រាយរួច ៤ ៥០០ ករណី ដោយសាររបាយការណ៍ខ្លះមិនមានគុណភាពដែលអាចទទួលយកបាន ពីព្រោះពលរដ្ឋតែងតែបញ្ជូនបញ្ហាដែលប្រទះឃើញមកកាន់កម្មវិធីទូរស័ព្ទនេះ។
លោក ហ៊ាង សុទ្ធាយុតិ្ដ បានបញ្ជាក់ថា៖ «ការដោះស្រាយបានចំនួន ៣៤ ភាគរយនេះមិនមែនជាអត្រាមួយតិចទេ ពីព្រោះការជួសជុលផ្លូវត្រូវការទាំងកម្លាំងមនុស្ស ធនធានថវិកាផងដែរ»។
កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ នេះ គណនីឈ្មោះ Sophal បានរាយការណ៍ទៅក្រុមការងារនៃក្រសួងសាធារណការ និងដឹកជញ្ជូនតាមរយៈកម្មវិធីទូរស័ព្ទថែទាំផ្លូវដោយឱ្យក្រុមជំនាញមកជួយពិនិត្យនិងជួសជុលជង្ហុកត្រង់មាត់លូតាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីវិទ្យាល័យជាស៊ីម សាមគ្គី មកស្ពានអាកាសស្ទឹងមានជ័យ។
ម្ចាស់គណនី បានសរសេរដោយភ្ជាប់ជាមួយរូបថត ៣ សន្លឹកថា៖ «ដោយផ្លូវនេះទើបអ៊ុតថ្មីមិនទាន់បាន ១ ខែផង បន្ទាប់មកក្រុមការងារមកជីកដាក់លូហើយ»។
ជាការឆ្លើយតប នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ ក្រុមការងារក្រសួងបានសរសេរថា៖ «យើងខ្ញុំបានបញ្ជូនសំណើនេះទៅកាន់ MT12-មន្ទីរ.សកដ. រាជធានីភ្នំពេញដើម្បីពិនិត្យលទ្ធភាពដោះស្រាយ»។
យោងតាមលោកសុទ្ធាយុតិ្ដ ចំនួនអ្នកប្រើប្រាស់ ៣១ ៤៧០ នាក់នេះ គឺសំដៅលើអ្នកចុះឈ្មោះប្រើប្រាស់ដកស្រង់ពីអ្នកដោនឡូដក្នុងទូរស័ព្ទប្រតិបត្ដិការដោយ Android និង iOS។ ដើម្បីផ្ដល់ភាពងាយស្រួលទាំងការរាយការណ៍និងការបញ្ចូលរូបភាពផ្សេងៗក្រសួងបាននិងកំពុងអភិវឌ្ឍកម្មវិធីថែទាំផ្លូវនេះទៅជំនាន់ថ្មី ១ កម្រិតទៀត។
លោកបានឱ្យដឹងថា៖ «យើងកំពុងតែធ្វើ App នេះមួយចំនួនទៀត ដែលបន្ថែមពីលើមុខងាររាយការណ៍ផ្លូវសម្បុកមាន់ គឺការបញ្ចូលមុខងារត្រួតពិនិត្យគុណភាពផ្លូវដែលមន្ដ្រីសមត្ថកិច្ចជំនាញចាត់ចែង។ អ៊ីចឹង យើងធ្វើការរៀបចំ App នេះកាន់តែប្រសើរ ដែលហាក់បីដូចជាការស្ថាបនាពង្រីកគន្លងថ្មី។
មុខងារត្រួតពិនិត្យគុណភាពផ្លូវជាតួនាទីរបស់មន្ដ្រីបច្ចេកទេសជំនាញចុះទៅត្រួតពិនិត្យ កត់ត្រា និងវាយតម្លៃសម្រាប់ក្រុមហ៊ុនអនុវត្ដគម្រោងបើកថវិកាយកទៅជួសជុល។
លោកបានថ្លែងថា៖ «បច្ចេកវិទ្យា Mobile App ដែលខ្ញុំមិនទាន់បញ្ចេញឈ្មោះនេះគឺជាបច្ចេកវិទ្យាមួយថ្មីនិងមានសក្ដានុពលណាស់។យើងគ្រោងដាក់ដំណើរការសាកល្បងសម្រាប់មន្ដ្រីរបស់យើងប្រើប្រាស់បណ្ដោះអាសន្នអំឡុងចុងខែមីនាខាងមុខ»។
ការរាយការណ៍ និងការបញ្ចូលរូបភាពនឹងក្លាយជាបញ្ហាទៀតហើយ នៅពេលកម្មវិធីទូរស័ព្ទជំនាន់ថ្មី ដែលគ្រោងដាក់ឱ្យដំណើរការនៅចុងឆមាសទី១នេះ។ តែក្រុមការងាររង់ចាំមើលការធ្វើតេស្ដសាកល្បងនេះសិនថា តើវាមានលទ្ធផលយ៉ាងដូចម្ដេច។
យ៉ាងណាក្ដី លោកទទួលស្គាល់ថា ផ្លូវខ្លះមានការខូចខាតខ្លាំងដែលទាមទារពេលវេលាទៅតាមគម្រោងផែនការកសាង តែអ្វីដែលក្រុមការងារអាចធ្វើបានភ្លាមៗគឺការចុះទៅឈូសឆាយសម្រួលដើម្បីផ្ដល់ភាពងាយស្រួលបណ្ដោះអាសន្នសិន។ ជាក់ស្ដែងផ្លូវជាតិលេខ ៤ ដែលបណ្ដាញសង្គមបានរាយការណ៍អំពីស្ថានភាពចោតខ្លាំងកន្លែងគែមនៃផ្លូវកៅស៊ូ ក្រុមការងារបានចុះទៅកៀរសម្រួលបណ្ដោះអាសន្ន។
អ្នកប្រើប្រាស់ឈ្មោះ Samborn បានសរសេរក្នុងកម្មវិធីទូរស័ព្ទដោយភ្ជាប់រូបថត២សន្លឹកថា បង្គោលថ្មដាក់គម្លាតតូចណាស់។ ជាការឆ្លើយតបភ្លាមៗក្រុមការងារថាជូនសំណើនេះទៅកាន់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដកំពង់ឆ្នាំង ខណៈមានគណនីឈ្មោះ KhutKhemraឆ្លើយតបថា ផ្លូវនេះមិនស្ថិតក្រោមសមត្ថកិច្ចរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដកំពង់ឆ្នាំងទេ។
លោក សុទ្ធាយុតិ្ដ បានពន្យល់ថា ការជួសជុលផ្លូវទាក់ទងនឹងផ្នែកជំនាញនៃស្ថាប័នខុសៗគ្នាហើយមន្ដ្រីក្រសួងសាធារណការតែងតែជូនដំណឹងបន្ដទៅក្រសួងពាក់ព័ន្ធ និងអាជ្ញាធរដែនដីដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ។
លោក សុទ្ធាយុតិ្ដ បានបន្ថែមថា៖ «អ្នកដំណើរក៏បានរាយការណ៍អំពីបញ្ហាផ្លូវ និងរំពឹងថា ក្រុមការងារទៅជួសជុលផ្លូវនោះបានភ្លាមៗ។ តាមពិត វាជាដែនសមត្ថកិច្ចរបស់ស្ថាប័នផ្សេងៗ តែយើងជូនដំណឹងបន្ដទៅសមត្ថកិច្ចពាក់ព័ន្ធ។ ដូច្នេះ ស្របពេលគ្នានេះ យើងដោះស្រាយផង និងបញ្ជ្រាបការយល់ដឹងផង។
កម្មវិធីទូរស័ព្ទជំនាន់ថ្មីនេះមានការធ្វើបច្ចុប្បន្នភាពជាច្រើនដែលអាចទាមទារឱ្យអ្នកប្រើប្រាស់ដោនឡូដថ្មីឬការដោនឡូដដោយស្វ័យប្រវត្ដិតាមប្រតិបត្ដិការទូរស័ព្ទនីមួយៗ។
គួរបញ្ជាក់ថា របាយការណ៍គ្រោះថ្នាក់ចរាចរណ៍សរុបទូទាំងប្រទេសឆ្នាំ ២០២២ កន្លងទៅ មិនមានករណីពាក់ព័ន្ធនឹងបញ្ហាផ្លូវនោះទេដោយប្រមាណ ២ ៩៧៦ លើក មានការបើកបរលើសល្បឿនកំណត់ ៣៩ ភាគរយ ការមិនគោរពសិទ្ធិ ២៤ ភាគរយ មិនប្រកាន់ស្ដាំ ១១ ភាគរយ ការវ៉ាជែង ១០ ភាគរយ ការបត់ ៩ ភាគរយ កត្តាយានយន្ត ៣ ភាគរយ និងកត្តាងងុយ ១ ភាគរយ៕