ភ្នំពេញៈ នៅថ្ងៃបិទបញ្ចប់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលលិខិតប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់មន្ត្រីរាជការប្រមាណ ២ ម៉ឺន ២ ពាន់ច្បាប់ ពីគ្រប់ក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត ក្នុងយុទ្ធនាការទទួលឯកសារប្រកាសទ្រព្យសម្បត្តិមន្ត្រីកម្ពុជារយៈពេល ១ ខែ ពេញរបស់ខ្លួនតាមរបប ២ ឆ្នាំ នៃឆ្នាំ ២០២៣។
យោងតាមសេចក្តីជូនដំណឹងពីអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី ៣១ ខែមករា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃ ACU បានទទួលលិខិតប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់មន្ត្រីរាជការពីគ្រប់បណ្តាក្រសួង ស្ថាប័ន រាជធានី-ខេត្ត ចំនួន ២២ ៥៦៥ ច្បាប់ ដែលបានបិទបញ្ចប់ការប្រកាសជាស្ថាពរពីក្រសួងចំនួន ២៥ និងគ្រប់ ២៥ រាជធានី-ខេត្ត។
សេចក្តីជូនដំណឹងដដែលគូសបញ្ជាក់ថា៖ «ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ ឆ្នាំ ពីថ្ងៃទី ១-៣១ ខែមករា ឆ្នាំ ២០២៣ គឺអនុវត្តតាម សេចក្តីជូនដំណឹង ស្តីពីការបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល លេខ ០០៥/២២ ស.ជ.ណ ចុះថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២»។
ជុំវិញបញ្ហានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លើកឡើងថា យន្តការប្រកាសទ្រព្យសម្បត្តិជារឿងចាំបាច់ដើម្បីឃ្លាំមើលពីការប្រកបតួនាទីរបស់មន្ត្រីក្នុងជួររាជការដើម្បីតាមដាន និងវាស់ស្ទង់ពីកម្រិតជីវភាពមន្ត្រីនិងវិភាគរកមើលមន្ត្រីណាដែលមានទ្រព្យសម្បត្តិអប្រក្រតីភាព ឬគ្មានមូលហេតុ ជានីតិវិធីដំបូង មុនឈានទៅដល់បើកការស៊ើបអង្កេតលើមន្ត្រីណាដែលមានទ្រព្យសម្បត្តិគ្មានមូលហេតុ ឬលើសពីតួនាទី។
លោក យង់ គិមអេង គូសបញ្ជាក់ថា៖ «ការប្រកាសទ្រព្យសម្បត្តិជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយកាលណាមានករណីយកិច្ចប្រកាសទ្រព្យសម្បត្តិ ធ្វើឱ្យមន្ត្រីមិនអាចកិបកេងប្រវ័ញ្ច និងប្រព្រឹត្តអំពើពុករលួយសូកប៉ាន់តាមអំពើចិត្តបានឡើយ បើកាលណាទ្រព្យសម្បត្តិមន្ត្រីឡើងហួសខុសពីធម្មតា គេអាចនឹងបើកការស៊ើបអង្កេតហើយ»។
ទោះជាយ៉ាងណាក្តី លោក យង់ គិមអេង ជុំរុញឱ្យរដ្ឋាភិបាលបន្តកិច្ចការប្រឆាំងនឹងអំពើពុករលួយ បើទោះបីកិច្ចការនេះត្រូវចំណាយពេលវេលាច្រើនឆ្នាំដើម្បីដោះស្រាយក្តី ដែលកម្ពុជាត្រូវមានយន្តការជាច្រើនក្នុងការប្រឆាំងអំពើពុករលួយទាំងចក្ខុវិស័យរយៈពេលខ្លី និងវែង ដែលកម្ពុជាគួរលើកកម្ពស់ការរាយការណ៍ពីករណីអំពើពុករលួយ (Whistleblower) ដោយមានច្បាប់ការពារអ្នកទាំងនេះបូកផ្សំនឹងការលើកទឹកចិត្ត ហើយរដ្ឋាភិបាលត្រូវបានឆន្ទៈបោសសម្អាតអំពើពុករលួយយ៉ាងម៉ឺងម៉ាត់។
លោកចង់ឲ្យរដ្ឋាបាលបានតម្លាភាពលើការដេញថ្លៃគម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋ ព្រមទាំងបើកទូលាយនិងចំហលើចំណូលចំណាយរបស់ស្ថាប័នរដ្ឋនីមួយៗ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) យល់ថា ការប្រកាសទ្រព្យសម្បត្តិរបស់មន្ត្រីគ្រាន់តែជាផ្នែកមួយនៃនីតិវិធីរបស់អង្គភាពប្រឆាំងអំពើពុករលួយប៉ុណ្ណោះ ដែលលោកចង់ឲ្យរដ្ឋាភិបាលផ្តោតជាសំខាន់លើការតាមដានការអនុវត្តការងាររបស់មន្ត្រីទាំងឡាយក្នុងទិដ្ឋភាពជាក់ស្តែង ជាពិសេសក្នុងជួរមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ដែលលោកមើលឃើញពីកង្វះតម្លាភាពក្នុងការប្រកាសទ្រព្យសម្បត្តិ។
លោក ស៊ឹង សែនករុណា បន្ថែមថា រដ្ឋាភិបាលកម្ពុជាគួរពិនិត្យមើលរបាយការណ៍ ក៏ដូចជាអនុសាសន៍ពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិលើភាពខ្វះចន្លោះប្រហោងដែលនាំឱ្យកើតមានអំពើពុករលួយរ៉ាំរ៉ៃ ខណៈបើសិនជាកម្ពុជាអាចដោះស្រាយបញ្ហានេះបាន វានឹងនាំឱ្យកម្ពុជាអាចរក្សាធនធានធម្មជាតិប្រទេសគង់វង្ស ចំណូលជាតិគង់វង្ស ចៀសវាងខាតបង់ចូលហោប៉ៅមន្ត្រីខិលខូច។
បើតាមការបញ្ជាក់ឱ្យដឹងពីលោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងថា ថ្ងៃទី ៣១ ខែមករា នេះ ជាថ្ងៃចុងក្រោយនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ ឆ្នាំ ឆ្នាំ ២០២៣ ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលបើកទ្វារទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល រហូតដល់ម៉ោង ១២ យប់។
លោកក៏បានអំពាវនាវឲ្យបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រញាប់មកធ្វើការប្រកាសឱ្យបានទាន់ពេល។ ករណីមិនបានបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងត្រូវប្រឈមចំពោះមុខច្បាប់៕