ភ្នំពេញៈ មនុស្ស​ ៤​ នាក់​ស្លាប់ និង​ម្នាក់​របួសធ្ងន់​ក្រោយពី​ភ្លើង​ឆេះ​ក្លិប​កម្សាន្ត​នៅក្នុង​ក្រុងព្រះសីហនុ និង​ឆេះ​ផ្ទះ​នៅ​សង្កាត់​ផ្សារ​ដេប៉ូ ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​ដាច់ដោយឡែក​ពីគ្នា​។​

​លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ថ្លែង​នៅ​ថ្ងៃទី​ ៣១ ខែមករា បញ្ជាក់ថា អ្នកស្លាប់ ឈ្មោះ ភន មករា ភេទ​ប្រុស ជា​ជាងផ្សារដែក​ដាក់រ​នូ​ត​វាំងនន ស្នាក់នៅ​ភូមិ​ ៥ សង្កាត់​ ៤ ក្រុងព្រះសីហនុ និង​ម្នាក់ទៀត​ឈ្មោះ ហន ស្រី​វ​វ៉​ត អាយុ ​១៨ ​ឆ្នាំ ភេទ​ស្រី ជា​បុគ្គលិក​បម្រើការ​នៅក្នុង​ក្លិប និង​ស្នាក់នៅ​ក្នុងភូមិ ​៣ សង្កាត់​លេខ​ ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ ហេតុការណ៍​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោងជាង​ ៨​ យប់ ថ្ងៃទី​ ៣០ ​មករា ឆ្នាំ​ ២០២៣​ ស្ថិត​ក្នុងភូមិ​ ៣ សង្កាត់ ​៣ ក្រុង​ខេត្ត ព្រះសីហនុ តែ​នៅពេលនោះ​មនុស្ស​ក៏​មិនទាន់​មក​ច្រើន​ដែរ​។

​លោក​ថ្លែងថា​៖ «​ភ្លាមៗ​នោះ​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ​ខេត្ត​ព្រះសីហនុ​បានចេញ​ប្រតិបត្តិ​ការសង្គ្រោះ​ពន្លត់ភ្លើង​ហើយ​បាន​ដឹក​ជនរងគ្រោះ​ទាំង​ ២​ នាក់​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត តែ​ដោយ​ពួកគេ​ត្រូវ​ភ្លើង​ឆាបឆេះ​រលាក​ខ្លាំងពេក ក៏​ដាច់​ខ្ស​ល់​ស្លាប់​បន្ទាប់ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​»​។​

​លោក ណា​រិន្ទ បញ្ជាក់ថា មុន​យប់កើតហេតុ ខាង​ទីតាំង​កើតហេតុ​បាន​ហៅ​ជាង​ទៅ​ផ្សារ​ជើង​ដែក​ដើម្បី​ចាប់​រី​ហ្សូ​បំពាក់​វាំងនន​ហើយ​នៅពេលនោះ​ស្ត្រី​រងគ្រោះ​ឈ្មោះ​ហន ស្រី​វ​វ៉​ត បាន​ឈរ​មើល​ជាង​ផ្សារ ប៉ុន្តែ​នៅពេលដែល​ជាង​កំពុង​ផ្សារ ស្រាប់តែ​បែក​ផ្កាភ្លើង​ជ្រុះ​មកលើ​របស់​នៅ​ខាងក្រោម​ដែល​អាចជា​ពូក​ឬ​ឆេះ​កម្ទេច​វាំងនន​នៅ​ខាងក្រោម​ហើយ​បង្ក​ទៅជា​អណ្តាតភ្លើង​ឆាបឆេះ​តែម្តងទៅ​។ ករណី​គ្រោះ​អគ្គិភ័យ​នេះ​បណ្តាលឱ្យ​ផ្នែក​ខាងក្នុង​ក្លិប​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង ប៉ុន្តែ​ការ​ពន្លត់​អគ្គិភ័យ​ទាន់ពេលវេលា មិន​បណ្ដាលឱ្យ​ភ្លើង​ឆេះ​រាលដាល​ទៅ​កន្លែង​ដទៃទៀត​បាន​ទាន់​ឡើយ​។ ករណី​ដោយឡែក ​១ ​ទៀត​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី ​២ ក្នុង​ខណ្ឌទួលគោក​រាជ​ធានី​ភ្នំពេញ​។​

​លោក គង់ ថូ ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ថ្លែងថា យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ​ថា ករណី​អគ្គិភ័យ​ឆេះ​នៅ​សង្កាត់​ផ្សារ​ដេរ​ប៉ូ​ ២ ក្នុង​ខណ្ឌទួលគោក​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជា ​១០ ​ព្រឹក ដែលជា​ផ្ទះ​ជួសជុល​ហើយក៏​មានការ​ផ្សារ​ដែក​នៅក្នុង​ផ្ទះ​នោះដែរ​។ ពេល​ជាង​កំពុង​ផ្សារ​ដែក​ក៏​បែក​ជា​ផ្កាភ្លើង​ប៉ះ​ទៅលើ​វត្ថុ​ដែល​ងាយ​ឆាបឆេះ​ហើយក៏​ឆេះ​ជា​អណ្តាតភ្លើង​ឡើង​តែម្តង​។​

​លោក​បន្តថា ក្នុង​ហេតុការណ៍​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ១៤​ គ្រឿង​ហើយ​ក្នុង​ ១៤​ គ្រឿង​នោះ​កម្លាំង​ពន្លត់​អគ្គិភ័យ​បាន​ប្រើប្រាស់​រថយន្ត​អស់​ ១០​ គ្រឿង​ដើម្បី​បាញ់​ទឹក​ពន្លត់​។ ក្រោយ​ភ្លើង​រលត់​អស់ហើយ​សមត្ថកិច្ច​បាន​រកឃើញ​សាកសព​បុរស​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​ដេកស្លាប់​នៅក្នុង​បន្ទប់​និង​មាន​មនុស្ស​ប្រុស​ស្រី​ ២ នាក់​ទៀត​រងរបួស​ធ្ងន់់​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តែដោយសារ​ស្ត្រី​ម្នាក់​នោះ​របួសធ្ងន់​ពេក​ក៏​ដាច់ខ្យល់​ស្លាប់​ក្រោយពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​លោក​ប្រាប់ថា​៖ «​ករណីនេះ​យើង​សន្និដ្ឋាន​បឋម​ថា អាច​បណ្តាលមកពី​ការ​ផ្សារ​ដែក​»​។​

​ជុំវិញ​ហេតុការណ៍​នេះដែរ​មន្ត្រីនគរបាល​ប៉ុស្តិ៍​ផ្សារ​ដេរ​ប៉ូ ទី​២ ​មួយរូប​សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​ប្រាប់ថា អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​ចេញពីផ្ទះ​ ១ ​ដែល​ផ្ទះ​នោះគេ​ជួសជុល​សម្រាប់​បើកហាង​អ្វីមួយ​។ ពេលនោះ​បាន​ឆេះ​រាលដាល​ដល់​ហាង​លក់​អាហារ​ពេលយប់​ ១​ កន្លែង​ទៀតហើយ​នៅក្នុង​ហាង​លក់​អាហារ​នោះ​ក៏មាន​បុគ្គលិក​ដេក​នៅក្នុង​បន្ទប់​នៃ​ហាង​នោះដែរ​។ ប៉ុន្តែ​ប្រហែលជា​ជនរងគ្រោះ​ដេកលក់​មិនដឹងថា​ភ្លើង​ឆេះ​ក៏ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នៅក្នុង​បន្ទប់​ទៅ​៕