​សៀមរាបៈ ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា និង​ក្រសួងបរិស្ថាន​និង​ការបរទេស​ព្រមទាំង​ផ្នែក​ពាក់ព័ន្ធ បាន​ដាំ​ដើមឈើ​ចំនួន​​ ៧០​ ​ដើម នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន​ខេត្តសៀមរាប ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧០ ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​និង​ឥណ្ឌា​ក៏ដូចជា​បំផុសស្មារតី​ពលរដ្ឋ​ឱ្យ​ចូលរួម​ថែរក្សា​ព្រៃឈើ​ផងដែរ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​បញ្ជា​ក់នៅ​ថ្ងៃទី ​៣០ ខែមករា ថា​៖ «​ក្រោយ​បញ្ចប់​ពិធី​[​ដាំ​ដើមឈើ​]​ដើមឈើ​ចំនួន​ ៧០ ​ដើម ​ត្រូវបាន​ដាំ​ក្នុង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​។​ដើមឈើ​ទាំងនោះ​គឺជា​ដើមឈើ​រំដួល ដែលជា​ដើមឈើ​តំណាង​ប្រទេស​កម្ពុជា​។ ប្រតិភូ និង​អ្នកចូលរួម​ជាង​ ២០០ ​នាក់ មកពី​ក្រសួងបរិស្ថាន ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ អាជ្ញាធរ​ជាតិ​អប្សរា​ជាដើម​»​។​

​លោកស្រី Devayani Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ថ្លែង​ក្នុង​ពិធី​ដាំ​ដើមឈើ​នេះ​នា​ថ្ងៃទី​ ៣០ ខែមករា ថា ទំនាក់​ទំនងជា​ផ្លូវការ​កម្ពុជា-​ឥណ្ឌា ប្រហែលជា​មិន​ត្រឹម​តែមាន​អាយុ​ ៧០ ​ឆ្នាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បើ​ត្រឡប់​ទៅ​អតីតកាល ប្រទេស​ទាំង ​២​បាន​ភ្ជាប់​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​ជាមួយគ្នា​រាប់ពាន់​ឆ្នាំ​ដែល​ផ្តល់​មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំង ​២​។​

លោកស្រី​ថ្លែងថា​៖ «​ប្រទេស​ឥណ្ឌា ​និង​កម្ពុជា​ កំពុងធ្វើការ​ទៅលើ​ចំណុច​ចាប់ផ្តើម​ជា​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​វិស័យ​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ ដូចដែល​យើង​បានដឹងហើយថា ប្រទេស​ឥណ្ឌា​បាន​លេចចេញ​ជា​រស្មី​នៃ​ក្តីសង្ឃឹម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជាស​កល ដើម្បី​ដោះស្រាយ​ការគំរាមកំហែង​នៃ​ការប្រែប្រួល​អាកាសធាតុ​»​។​

​ឯកអគ្គរដ្ឋទូត​រូបនេះ​រំឭកថា រដ្ឋាភិបាល​ឥណ្ឌា​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MoU)​ ដ៏​សំខាន់​ស្តីពី​ការអភិរក្ស​ជីវចម្រុះ និង​ការគ្រប់គ្រង និង​ការអភិរក្ស​សត្វព្រៃ​ប្រកបដោយ​និរន្តរភាព​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ភាគី​ទាំង​ ២​ បាន​ឯកភាពគ្នា​ក្នុង​កិច្ចសហការ​ខាង​ផ្នែក​ប្រែប្រួល​អាកាសធាតុ អភិបាលកិច្ច និង​ការបំពុល​បរិស្ថាន និង​ការគ្រប់គ្រង​កាកសំណល់​។​

​លោកស្រី Devayani បាន​ថ្លែងថា​៖ «​ប្រទេស​ទាំង ​២ ​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា​ក្នុងការ​ជួយសង្គ្រោះ និង​អភិរក្ស​បរិស្ថាន និង​សត្វព្រៃ​។ ឥណ្ឌា និង​កម្ពុជា​ជឿជាក់​លើ​ការធ្វើឱ្យមាន​តុល្យភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធ្វើឱ្យមាន​តុល្យភាព​បរិស្ថាន និង​ការអភិវឌ្ឍ​»​។​

​លោកស្រី​បាន​បន្ដថា ស្ថានទូត​ឥណ្ឌា និង​ក្រសួងបរិស្ថាន​បានធ្វើការ​រួមគ្នា​សម្រាប់​គម្រោង​ផលប៉ះពាល់​រហ័ស​សម្រាប់​ការលើកកម្ពស់​ជីវភាព​សហគមន៍​តាមរយៈ​ការផ្គត់ផ្គង់​ទឹក​ខ្នាតតូច និង​សមាហរណកម្ម​សន្តិសុខ​ស្បៀង ហើយ​លោកស្រី​សង្ឃឹមថា ឆ្នាំ​ថ្មី​នេះ​នឹង​ក្លាយជា​ឆ្នាំ​នៃ​ការចងចាំ​សម្រាប់​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំង ២​។​

​លោក សៅ សុខភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ថ្លែង​ក្នុង​ពិធី​ដាំ​ដើម​កូនឈើ​នេះ​ថា ការដាំ​កូនឈើ​នៅពេលនេះ​ គឺមាន​អត្ថន័យ និង​សារៈសំខាន់​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​ប្រារព្ធ​ទិវា​ខួប​អនុស្សាវរីយ៍​ទំនាក់ទំនង​ការទូត​រយៈពេល​ ៧០ ​ឆ្នាំ រវាង​កម្ពុជា​ឥណ្ឌា​។​ការដាំ​កូនឈើ​នេះ​បញ្ជាក់​ឱ្យឃើញ​ពី​ការស្រឡាញ់ និង​ជា​អនុស្សាវរីយ៍​ដ៏​ល្អ និង​ជា​ប្រ​វ​តិ្ត​សាស្ត្រ​សម្រាប់​ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ ២​។​

​លោក​បន្តថា ការដាំ​កូនឈើ​នេះ​ក៏​ជាការ​បំផុសស្មារតី​ប្រជាពលរដ្ឋ មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ និង​វិស័យ​ឯកជន​ឱ្យ​ចូលរួម​ថែរក្សា​ការពារ​ព្រៃឈើ​ដើម្បី​ប្រែក្លាយ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​ឱ្យ​រឹតតែ​មាន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​និង​ជួយ​បង្កើន​សោភណភាព​នៅតាម​ដងផ្លូវ​ឱ្យ​កាន់​តែមាន​ភាពស្រស់ស្អាត​។​

​រដ្ឋលេខាធិការ​រូបនេះ​លើកឡើងថា ការដាំ​កូនឈើ​នេះ​ក៏​ជាការ​ជំរុញ​ការ អប់រំ​ផ្សព្វផ្សាយ និង​បង្កើន​ចំណេះដឹង​ជា​សាធារណៈ​អំពី​ប្រភេទ​រុក្ខជាតិ​ក្នុងស្រុក ភាពសម្បូរ​បែប និង​តម្លៃធនធាន​ជីវចម្រុះ ដើម្បី​ជំរុញ​ដល់​ការលើកកម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន និង​ជំរុញឱ្យមាន​ការចូលរួម​ពី​សាធារណជន​ក្នុងការ​ការពារ អភិរក្ស និង​ដាំ​ដើមឈើ​ឡើងវិញ​។​

​គួររំឭកថា កម្ពុជា​ឥណ្ឌា បាន​ចុះ​ MoU ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិរក្ស​ជីវចម្រុះ ការគ្រប់គ្រង​សត្វព្រៃ​ឈើ​ដោយ​និរន្តរភាព និង​យុទ្ធសាស្ត្រ​ស្តារ​សត្វ​ខ្លាធំ និង​ទីជម្រក​នៅ​កម្ពុជា​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២២ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ទាំង​ ២ លើ​កិច្ច​ការជំរុញ​ការអភិរក្ស​ជីវចម្រុះ​ដោយ​ផ្តោតលើ​ការអភិរក្ស និង​ស្តារ​សត្វ​ខ្លាធំ​នៅក្នុង​ប្រទេស​កម្ពុជា​៕​