​ភ្នំពេញៈ កិច្ចព្រមព្រៀង​ ​“​កម្មវិធី​លើកកម្ពស់​សកម្មភាព​ម​នុស្ស​ធម៌ និង​សុខភាព​សហគមន៍​” ត្រូវបាន​កាកបាទក្រហម​កម្ពុជា ចុះហត្ថលេខា​ជាមួយ​កាកបាទក្រហម​ហ្វាំ​ង​ឡង់ ប្រចាំ​តំបន់​អាស៊ី ស្តីពី​កម្មវិធី​លើកកម្ពស់​សកម្មភាព​ម​នុស្ស​ធម៌ និង​សុខភាព​សហគមន៍​ក្នុង​ខេត្ត​ចំនួន ៤​។​

​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា ដោយ​លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា និង​លោកស្រី Sari Autio មន្ត្រី​កាកបាទក្រហម​ហ្វាំ​ង​ឡង់​ប្រចាំ​តំបន់​អាស៊ី ស្តីពី​កម្មវិធី​លើកកម្ពស់​សកម្មភាព​ម​នុស្ស​ធម៌ និង​សុខភាព​ក្នុង​សហគមន៍ កាលពី​ថ្ងៃទី​ ៣០ ខែមករា ឆ្នាំ ២០២៣ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​។​

​នាឱកាស​នោះ​លោកស្រី ពុំ ចន្ទី​នី និង​ថ្នាក់ដឹកនាំ​សាខា​ចំនួន ៤ ​ខេត្ត គឺ​ខេត្តបន្ទាយមានជ័យ ប៉ៃលិន ត្បូងឃ្មុំ និង​ខេត្តកណ្តាល​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ប្រគល់​ទទួល​ម៉ូតូ និង​សម្ភារ​ឧបករណ៍ ការិយាល័យ សម្រាប់​កម្មវិធី​លើកកម្ពស់​សកម្មភាព​ម​នុស្ស​ធម៌ និង​សុខភាព​សហគមន៍​ផងដែរ​។​

​លោកស្រីថ្លែង​ឱ្យដឹង​ផងដែរ​ថា កាកបាទក្រហម​ហ្វាំ​ង​ឡង់​តែងតែ​ឧបត្ថម្ភ គាំទ្រ​ដល់​កាកបាទក្រហមកម្ពុជា តាំងពី​ឆ្នាំ ​១៩៩០ ​មក​។ តាម​ការសម្រេច​របស់​លោ​ស្រី ប៊ុន រ៉ានី ប្រធាន​កាក​ក្រហម​កម្ពុជា កាលពី​ថ្ងៃទី​ ៧ ខែមេសា ឆ្នាំ​ ២០២២ ​កម្មវិធី​លើកកម្ពស់​សកម្មភាព​ម​នុស្ស​ធម៌ និង​សុខភាព​ក្នុង​មូលដ្ឋាន​ដែល​ឧបត្ថម្ភ​ដោយ DGECHO តាមរយៈ​សហព័ន្ធ​អន្តរជាតិ (IFRC)​ និង​កាកបាទក្រហម​ហ្វាំ​ង​ឡង់ ជួយ​ដល់​កាកបាទក្រហមកម្ពុជា រយៈពេល ៣ ​ឆ្នាំ ចាប់ពី (​ខែឧសភា ឆ្នាំ​ ២០២២ ដល់​ខែមេសា ឆ្នាំ ​២០២៥)​។

​បើតាម​លោកស្រី ពុំ ចន្ទី​នី កម្មវិធី​នេះ​ផ្តោត​ជារួម​លើ​៣​ផ្នែក ក្នុងនោះ​រួមមាន​៖ ការត្រៀម​បង្ការ​/​ឆ្លើយតប​ជំងឺ​រាតត្បាត ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ការលើកកម្ពស់​ការចូល​រួម​របស់​សហគមន៍ ដោយ​សមាហរណកម្ម​ជាមួយ​ការងារ​អភិវឌ្ឍន៍​សាខា​/​អនុសាខា​ក្នុង​ខេត្ត​គោលដៅ ដើម្បី​កសាង​សមត្ថភាព បច្ចេកវិទ្យា​ឌីជីថល បរិស្ថាន ការប្រែប្រួល​អាកាសធាតុ និង​យេនឌ័រ​ជាដើម​។

​លោកស្រី​បន្តថា៖ «​នេះ​គឺជា​ឱកាស​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ក្នុងការ​សម្រេចបាន​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ឆ្នាំ ​២០៣០ របស់​កាកបាទក្រហម​កម្ពុជា​ផងដែរ​»​។​

​លោកស្រី Sari Autio មន្ត្រី​កាកបាទក្រហម​ហ្វាំ​ង​ឡង់ ប្រចាំ​តំបន់​អាស៊ី បាន​ថ្លែងអំណរគុណ ដល់​កាកបាទក្រហមកម្ពុជា ដែល​បានឱ្យ​ក្រុមការងារ​កាកបាទក្រហម​ហ្វាំ​ង​ឡង់ បន្តការងារ និង​សហការ​ជាមួយ​កាកបាទក្រហមកម្ពុជា ក្នុង​កម្មវិធី​លើកកម្ពស់​សកម្មភាព​ម​នុស្ស​ធម៌ និង​សុខភាព​សហគមន៍ និង​ចែករំលែក​បទពិសោធន៍​ការងារ និង​ផែនការ​យុទ្ធសាស្ត្រ​ល្អៗ​ជាមួយគ្នា ដោយ​ប្រព្រឹត្ត​ទៅដោយ​រលូន ជូន​ប្រជាពលរដ្ឋ​តាម​សហគមន៍​គោលដៅ​។

​បើតាម​កាកបាទក្រហម​កម្ពុជា ដើម្បី​ចូលរួម​លើកកម្ពស់​នូវ​សកម្មភាព​ខាងលើនេះ​ប្រកបដោយ​ភាពរលូន ដែលមាន​ការឧបត្ថម្ភ​ពី DGECHO តាមរយៈ សហព័ន្ធ​អន្តរជាតិ (IFRC) និង​កាកបាទក្រហម​ហ្វាំ​ង​ឡង់​ជួយ​ដល់​កាកបាទក្រហមកម្ពុជា​រួម​មាន ទីស្នាក់ការ​កណ្តាល (​នាយកដ្ឋាន​សុខភាព​/​ការិយាល័យ​សុខភាព​គ្រា​មាន​អាសន្ន ទទួលបាន​កុំព្យូទ័រ​យួរដៃ​៤​គ្រឿង ម៉ាស៊ីន​ព្រី​ន​ធើ ស្គែ​ន​កូ​ពី ​១ ​គ្រឿង ម៉ាស៊ីន​បញ្ចាំង​ស្លាយ​ ១​ គ្រឿង កៅអី​ការិយាល័យ​៤​គ្រឿង ទូ​ឯកសារ​៣​ជាន់ ៣ ​គ្រឿង​។​

​ដោយឡែក​ ៤ ​សាខា ដែលជា​សាខា​គោលដៅ គឺ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល ទទួលបាន​ម៉ូតូ​ ៥​ គ្រឿង កុំព្យូទ័រ​យួរដៃ​៥​គ្រឿង ម៉ាស៊ីន​ព្រី​ន ស្គែ​ន កូ​ពី​ ១ ​គ្រឿង ម៉ាស៊ីន​ព្រី​ន​ធើ ៣​ គ្រឿង និង​ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត​។

​សាខា​ខេត្តបន្ទាយមានជ័យ​ម៉ូតូ ​៥ ​គ្រឿង កុំព្យូទ័រ​យួរដៃ​៥​គ្រឿង ម៉ាស៊ីន​ព្រី​ន ស្គែ​ន កូ​ពី​ ១ ​គ្រឿង ម៉ាស៊ីន​ព្រី​ន​ធើ​ ៣​ គ្រឿង ម៉ាស៊ីន​ប​ញ្ចំ​ង​ស្លាយ​ ១​គ្រឿង និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន​។ ចំណែក​សាខា​ខេត្ត​ប៉ៃលិន និង​សាខា​ខេត្ត​ត្បូងឃ្មុំ ទទួលបាន​ម៉ូតូ​ក្នុង ១​ ខេត្ត​ ៤​ គ្រឿង កុំព្យូទ័រ​យួរដៃ​ ៤​គ្រឿង ម៉ាស៊ីន​ព្រី​ន ស្គែ​ន កូ​ពី​ ១ ​គ្រឿង និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន​ដូចគ្នា​ផងដែរ​។​

​តំណាង​សាខា​កាកបាទក្រហមកម្ពុជា ទាំង​ ៤​ សាខា​នេះ បាន​ថ្លែងអំណរគុណ ចំពោះ​កាកបាទក្រហម​ហ្វាំ​ង​ឡង់ ដែល​បាន​ផ្តល់ជំនួយ​ជា​សម្ភារ​សម្រាប់​ប្រើប្រាស់​ក្នុង​ការិយាល័យ​ទាំងនេះ សម្រាប់​ប្រតិបត្តិការ​ការងារ​មនុ​ស្ស​ធម៌​ក្នុង​សហគមន៍​របស់ខ្លួន ក្នុង​យុគសម័យ​ឌីជីថល​នេះ និង​បាន​ប្តេជ្ញា​បន្ត​ខិតខំ​ពង្រឹង​ការងារ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរឡើង តប​តាម​ការចង់បាន របស់​កាកបាទក្រហម​ហ្វាំ​ង​ឡង់​៕