ក្រមសីលធម៌​បុគ្គល​ជា​ផលិតផល​នៃ​កត្តា​ធម្មជាតិ និង​កត្តា សង្គម​។ កត្តា​ធម្មជាតិ​សំដៅ​ដល់ កំណើតកើតជា​រប​ស់បុ​គ្គល​។ កត្តា​សង្គម​សំដៅ​ដល់​សង្គម​គ្រួសារ​សង្គម​មិត្តភក្តិ​សង្គម​សាលារៀន​ជាដើម​។ ដើម្បី​ពង្រឹង​ក្រមសីលធម៌​របស់​សិស្សានុសិស្ស ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បន្ដ​ចូលរួម​លើកកម្ពស់ ក្រមសីលធម៌​បុគ្គល​តាមរយៈ​កម្មវិធី សិក្សា​គ្រប់​កម្រិត​ថ្នាក់ និង​គ្រប់​រូបភាព​។ ខ្លឹមសារ​អត្ថបទ​នេះ​នឹង​ផ្តោត​សំខាន់​ទៅលើ​ការ លើកកម្ពស់​ក្រមសីលធម៌​របស់​សិស្សានុសិស្ស​ក្នុង​ក្របខ័ណ្ឌ កម្មវិធីសិក្សា​។​

​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បញ្ចូល​ខ្លឹមសារ​សីលធម៌​ពលរដ្ឋ​ចូលក្នុង​កម្មវិធីសិក្សា​គ្រប់​កម្រិត​ថ្នាក់​ពី​ម​ត្តេ​យ្យ​សិក្សា​ដល់​ថ្នាក់​ទី១២​។ សម្រាប់​ម​ត្តេ​យ្យ​សិក្សា និង​បឋមសិក្សា​យើង​បានដាក់​បញ្ចូល​ក្នុង​មុខវិជ្ជា​សិក្សា​សង្គម​ចាប់ពី​មធ្យមសិក្សា បឋមភូមិ​ថ្នាក់​ទី​៧ រហូតដល់​ថ្នាក់​ទី​១២ សីលធម៌​ពលរដ្ឋ វិជ្ជា​ជា​មុខវិជ្ជា​គោល​ដាច់​ដោយ ឡែក ហើយ​មុខវិជ្ជា​នេះ​បាន សិក្សា​យ៉ាង​ច្បាស់លាស់​និង​ស៊ីជម្រៅ​ដូចជា​៖ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សាសនា​សុជីវធម៌ សីលធម៌ បុគ្គល សង្គម និង​ពិភពលោក សិទ្ធិ មនុស្ស​គ្រប់​ប្រភេទ​សន្ធិសញ្ញា​ច្បាប់ និង​ពលរដ្ឋ​សកល​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ណែនាំ​គ្រឹះស្ថានសិក្សា​ទាំងអស់​ឱ្យ​អនុវត្ត​កម្មវិធីសិក្សា​រួមទាំង​សីលធម៌​ពលរដ្ឋ​ឱ្យបាន​ពេញលេញ​ដើម្បី​ចូលរួម​ពង្រឹង សមត្ថភាព​សិស្សានុសិស្ស​គ្រប់​កម្រិត​ថ្នាក់​ឱ្យ​ក្លាយជា​ពលរដ្ឋ​សកល​ដែលមាន​ចរិយា​សម្បទា​វិជ្ជា​សម្បទា បំ​ណិ​ន​សម្បទា និង​គុណ​តម្លៃ​ឆ្លើយតប​នឹង​បរិបទ​ជាតិ តំបន់ និង​ពិភពលោក​។​គុណភាព​នៃ​សីលធម៌​បុគ្គល​អាស្រ័យ​លើ​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សហការ​យ៉ាង​មោះមុត​ជាមួយ​គ្រប់​ក្រសួង​ស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍ និង​គ្រប់​តួអង្គ​ពាក់ព័ន្ធ​។​

​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានចាប់ផ្ដើម​កែទម្រង់​ប្រព័ន្ធ​អប់រំ​ពិសេស​ពិនិត្យ​និង​កែលម្អ​ឡើងវិញ​នូវ​កម្មវិធីសិក្សា​ការរៀន និង​បង្រៀន​រៀបចំ​ក្របខ័ណ្ឌ​កម្មវិធីសិក្សា​ចំណេះដឹង ទូទៅ​និង​អប់រំ​បច្ចេកទេស​ដើម្បី​រួមចំណែក​អភិវឌ្ឍ​ធនធាន មនុស្ស​ឱ្យទទួល​បាន​វិជ្ជា​សម្បទា បំ​ណិ​ន​សម្បទា ចរិយា​សម្បទា​បុគ្គលិកលក្ខណៈ​ពេញលេញ និង​មានលទ្ធភាព​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​ប្រកបដោយ​គុណភាព​។

​ក្របខ័ណ្ឌ​កម្មវិធីសិក្សា​ចំណេះដឹង​ទូទៅ និង​អប់រំ​បច្ចេក ទេស​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​អប់រំ និង​បណ្ដុះបណ្ដាល​ពលរដ្ឋ​កម្ពុជា​ឱ្យទៅជា​ពលរដ្ឋ​ពេញលេញ​តាមរយៈ​ការធ្វើឱ្យ​កម្មវិធីសិក្សា​មាន​លក្ខណៈ​ស្ដង់ដា​អន្ដរជាតិ​ទាំង​ខ្លឹមសារ​វិធីសាស្ដ្រ​រៀន និង​បង្រៀន​ព្រមទាំង វិធី​វាយតម្លៃ​លទ្ធផល សិក្សា​របស់​សិស្ស​ក្នុង​គោល បំណង​ធ្វើឱ្យ​សមត្ថភាព​សិស្ស​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​នៅ​កម្រិត​ជាតិ​តំបន់ និង​ពិភពលោក​។

​ក្នុង​ក្របខ័ណ្ឌ​កម្មវិធីសិក្សា​ចំណេះ ដឹង​ទូទៅ និង​អប់រំ​បច្ចេកទេស​នេះ​បាន​រំលេច​នូវ​បំ​ណិ​ន​មួយ ចំនួន​ដែល​ចូលរួម​ក្នុង​ការលើក កម្ពស់​ក្រមសីលធម៌​របស់​សិស្សានុសិស្ស​ដូចជា​បំ​ណិ​ន​ប្រាស្រ័យ​ទាក់ទង និង​ធ្វើ​ការងារ​ជា​ក្រុម បំ​ណិ​ន​ពិចារណា​និង​ការបង្កើត​ថ្មី​បំ​ណិ​ន​អនុវត្ត​ចំណេះដឹង​និង​ជំនាញ និង​បំ​ណិ​ន​អភិវឌ្ឍ​បុគ្គល​គ្រួសារ និង​សង្គម​ជាដើម​។​

ក្រសួងអប់រំលើកកម្ពស់​ក្រមសីលធម៌​សិស្ស​ដើម្បី​ឱ្យពួកគេ​ក្លាយជា​ពលរដ្ឋល្អ​ទាំងក្នុ​ងបរិបទជាតិ និង​សកលលោក។

​បំ​ណិ​ន​ទាំងអស់នេះ​បាន​អប់រំ​សិស្សានុសិស្ស​ឱ្យ​៖ (១) ណែនាំ​សិស្សានុសិស្ស​ឱ្យ​ចេះ​ប្រាស្រ័យ​ទាក់ទង​និង​ធ្វើ​ការងារ​ជា​ក្រុម (២) ផ្សព្វផ្សាយ​គំនិត​ចំណេះដឹង​បំ​ណិ​ន​ជំនាញ អារម្មណ៍ និង​ទស្សនៈ (៣) ធ្វើ​សុភ​វិនិច្ឆ័យ​ចំពោះ​ព័ត៌មាន​ដែល​ត្រូវ​ទទួល​ឬ​មិនត្រូវ​ទទួល​ដោយ​ឈរលើ​គោលការណ៍​វិភាគ​ហេតុផល (៤) ចរចា​និង​ស្វែងរក​យន្តការ​និង​វិធីសាស្ដ្រ​ដោះស្រាយ​បញ្ហា​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​ទៅតាម​កាលៈទេសៈ ដើម្បី​បានជា​ប្រយោជន៍​វិជ្ជមាន​ទាំងអស់គ្នា (៥) ជំរុញ​ចំណង់​សិក្សា​ដោយ​ឯករាជ្យ និង​ឱ្យ​តម្លៃ​ការសិក្សា​ពេញ​មួយជីវិត (៦) ធ្វើ​នវានុវត្តន៍​បង្កើត​លទ្ធ​ភាព​ថ្មី​គំនិត​ថ្មី និង​ពិចារណា​លើ​បញ្ហា​ប្រកប ដោយ​ការវិភាគ​សម​ហេតុផល និង​គ្រប់​ជ្រុងជ្រោយ (៧) ទទួលខុសត្រូវ ក្នុងការ​បំពេញភារកិច្ច​ចំពោះ​ខ្លួនឯង​គ្រួសារ និង​សង្គម​ដោយ​ការយល់ដឹង​ការ ស្រឡាញ់​ការដឹងគុណ និង​ការ​បេ្ដ​ជ្ញា​ចិត្ត (៨) សីលធម៌​រស់នៅ​ការ​ស្គាល់​ខុស ស្គាល់​ត្រូវ ការការពារ និង​ការពង្រីក​សុចរិតធម៌​ជាប្រចាំ និង (៩) ភាតរភាព​ក្នុងការ​បំពេញ​សកម្មភាព​នានា​ឬ​មាន​ទំនាក់ទំនង​ជាមួយគ្នា​ប្រកបដោយ​ចិត្តមេត្តា និង​ករុណា​ចំពោះ​គ្នា​ទៅវិញ​ទៅ មក​ដើម្បី​លើកកម្ពស់​សេចក្តីសុខ និង​សុភមង្គល​ផ្ទាល់ខ្លួន​គ្រួសារ និង​សង្គម​។​ជាមួយគ្នានេះដែរ នៅតាម​គ្រឹះស្ថាន សិក្សា​ចំណេះដឹង​ទូទៅ​ទាំង​សាធារណៈ និង​ទាំង​ឯកជន​ក្រមសីលធម៌​សិក្សា​ត្រូវបាន​បញ្ជ្រាប និង​បង្រៀន​នៅក្នុង​មុខវិជ្ជា​សិក្សា​សង្គម​គ្រប់​កម្រិត​ថ្នាក់​សិក្សា​។

​សិក្សា​សង្គម​គឺជា​បណ្ដុំ​មុខវិជ្ជា​សង្គមសាស្ត្រ និង​មនុស្ស សាស្ត្រ​។ មុខវិជ្ជា​សិក្សា​សង្គម​មាន​គោលបំណង​ពង្រឹង និង​ពង្រីក​សមត្ថភាព​របស់​សិស្ស​ជា​ពលរដ្ឋ ដោយ​ការសិក្សា​អំពី​ទ្រឹស្តី និង​ការអនុវត្ត​ពាក់ព័ន្ធ​នឹង​អត្តសញ្ញាណ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​បរិស្ថាន ប្រវត្តិសាស្ត្រ ភូមិ​ស្រា​ស្ត ច្បាប់ និង​នយោបាយ​។ មុខវិជ្ជា​សិក្សា​សង្គម​មាន​សមាសភាគ​ដូចជា ប្រវត្តិវិទ្យា ភូមិវិទ្យា គេហ​វិជ្ជា សេដ្ឋកិច្ច​វិទ្យា សីលធម៌ ពលរដ្ឋ​វិជ្ជា និង​ទស្សនវិជ្ជា​។​

​គោលបំណង​នៃ​ការសិក្សា​មុខវិជ្ជា​សិក្សា​សង្គម​គឺ​ធានា​ឱ្យ​សិស្ស​៖ (១) ទទួលបាន​ចំណេះ ដឹង និង​បំ​ណិ​ន​ទាក់ទង​ទៅនឹង​អត្តសញ្ញាណ​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់ បរិស្ថាន ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ច្បាប់ និង​នយោបាយ​របស់​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់ (២) អភិវឌ្ឍ​បំ​ណិ​ន​ពលរដ្ឋ​ពាក់ព័ន្ធ​ទៅនឹង​តួនាទី និង​ការទទួលខុសត្រូវ​ក្នុងនាម​ជា​សិស្ស និង​ជា​ពលរដ្ឋ​ទាំង​នៅក្នុង​សាលារៀន​គ្រួសារ សហគមន៍ សង្គមជាតិ និង​អន្តរជាតិ (៣) ប្រើប្រាស់​ចំណេះដឹង និង​បំ​ណិ​ន​ដែល​បានមកពី​ការសិក្សា​មុខវិជ្ជា​នានា​នៅក្នុង​មុខវិជ្ជា​សិក្សា​សង្គម​សម្រាប់​ការរៀនសូត្រ​និង​ការរស់នៅ​ប្រចាំថ្ងៃ និង (៤) ស្រឡាញ់​ជាតិ​ធម្មជាតិ​សាសនា និង​ព្រះមហាក្សត្រ​ក្នុងនាម​ជា​ពលរដ្ឋ​ដែលមាន​ការចេះដឹង និង​ការ​ទទួលខុស ត្រូវ មាន​មោទនភាព​ចំពោះ​ជាតិ​របស់ខ្លួន និង​គោរព​ជាតិ​សាសន៍​ដទៃ​។​

​ជារួម​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​និង​បន្ដ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍​និង​ដៃគូ​ពាក់ព័ន្ធ​នានា​ក្នុងការ​ផ្សព្វផ្សាយ និង​អប់រំ​ក្រមសីលធម៌​ដល់​សិស្សានុសិស្ស​គ្រប់​កម្រិត​ថ្នាក់​តាមរយៈ​ការបង្រៀន​ការបោះពុម្ពផ្សាយ​នូវ​អត្ថបទ​ឃ្លី​ប​វីដេអូ​ខ្លីៗ និង​គ្រប់​រូបភាព នានា ដើម្បី​ធានាបាន​ថា​គ្រប់​សិស្សានុសិស្ស​គ្រប់​កម្រិត​ថ្នាក់​ទទួលបាន​នូវ​វិជ្ជា​សម្បទា​បំ​ណិ​ន​សម្បទា ចរិយា​សម្បទា​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការប្រកប​របរ​រស់នៅ​ក្នុងសង្គម និង​ក្លាយជា​ពលរដ្ឋ​ល្អ​ក្នុង​បរិបទ​ជាតិ តំបន់ និង​សកលលោក​៕