ភ្នំពេញៈ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងពីសមិទ្ធផល នៃការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពានខ្វាត់ខ្វែងនៅក្នុងខេត្តនេះ ខណៈនៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ២០២៣ ខេត្តនឹងទទួលបានការបើកការដ្ឋានធ្វើផ្លូវថ្មី ៣ ខ្សែបន្ថែមទៀត ដែលជាគម្រោងកម្ចីពីធនាគារពិភពលោក (World Bank)។
លោក វ៉ា ថន បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពីភាពជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តក្រចេះដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី ៣១ ខែមករា។
លោកបញ្ជាក់ថា៖ «នេះជាគម្រោងកម្ចីទេ មិនមែនជាគម្រោងដែលគេធ្វើឱ្យទេ គឺជាកម្ចីរបស់យើងដែល World Bank បានគេចពីយើងប៉ុន្មានឆ្នាំហើយចូលមកវិញ គឺសុំឱ្យយើងខ្ចីក្នុងអត្រាការប្រាក់សម្បទាន មានការប្រាក់ទាបជាងខ្ចីធនាគារ»។
កំណាត់ផ្លូវទាំង៣ខ្សែនេះ មានទី ១ ផ្លូវជាតិលេខ ៧ ប្រវែង ៣១,២៥ គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះទីរួមខេត្តក្រចេះ ទៅឃុំស្វាយជ្រះ ស្រុកស្នួល ទី២ ផ្លូវខេត្តលេខ ៣៧៧ ពីរង្វង់មូលព្រាបស ទីរួមខេត្តទៅទីរួមស្រុកសំបូរ ប្រវែង ៣៥,៥ គីឡូម៉ែត្រ ដែលមានស្ពាន ៩ កន្លែងប្រវែង ៤១៣ ម៉ែត្រ។
ចំណែកទី ៣ គឺផ្លូវជាតិ ៣៧៧ អា ពីរង្វង់មូលសណ្តាន់ទៅផ្លូវជាតិលេខ ៧ ប្រវែង ១៣,៥ គីឡូម៉ែត្រ។ លោកបានបញ្ជាក់ថា កំណាត់ផ្លូវទាំង ៣ ខ្សែនេះ អាចនឹងបើកសម្ពោធការដ្ឋានសាងសង់នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយវត្តមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធនេះលោកអភិបាលខេត្តក្រចេះ បានលើកឡើងថា ដោយមានការវិនិយោគសាធារណៈពីរាជរដ្ឋាភិបាល ខេត្តបាននិងកំពុងសាងសង់ពង្រីកជួសជុលផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំជនបទ រួមទាំងស្ពានថ្មធំៗ ដែលបានធានាដល់ការធ្វើដំណើរកាន់តែមានភាពងាយស្រួល ទៅកាន់គ្រប់បណ្តាក្រុង ស្រុក ឃុំសង្កាត់និងភូមិ ដោយប្រទាក់ក្រឡាគ្នាដល់ជនបទដាច់ស្រយាលបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការទំនាក់ទំនង និងធ្វើដំណើរ និងការដឹកជញ្ជូន កសិផល និងផលិតផលមកកាន់ទីផ្សារ យ៉ាងឆាប់រហ័ស។
លោក វ៉ា ថន បន្តថា ខេត្តក្រចេះកំពុងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ប្រវែង ១ ៧៦១ ម៉ែត្រ និងផ្លូវតភ្ជាប់ក្នុងក្រុងប្រវែង ៣១,៦៩ គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣។
ដោយឡែកចំពោះការសាងសង់ផ្លូវលំ ដែលគ្រប់គ្រងដោយមន្ទីរអភិវឌ្ឍន៍ជនបទ គឺផ្លូវដែលសាងសង់ក្រៅពីខេត្ត និងក្រុមប្រឹក្សាឃុំ បានធ្វើ គឺបាន ១ ៩៩៩ គីឡូម៉ែត្រ ផ្លូវកៅស៊ូប្រវែង ៨៥គីឡូម៉ែត្រ។
លោកបញ្ជាក់ថា៖ «ក្រសួងអភិវឌ្ឍន៍ជនបទ ក៏មានធ្វើផ្លូវកៅស៊ូដែរ មានផ្លូវទទឹង ៥ ម៉ែត្រ និងផ្លូវទទឹង ៦ ម៉ែត្រ ហើយបងប្អូនជិះផ្លូវខ្លះជាផ្លូវរបស់គម្រោងដែលគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទទេ។ អ៊ីចឹងក្រៅពីផ្លូវលំ ក៏មានផ្លូវក្រាលកៅស៊ូដែរ»។
អភិបាលខេត្តក្រចេះបានឱ្យដឹងទៀតថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះក៏បានកសាងស្ពានដែកចំនួន ៣ កន្លែង គឺ ២២២ ម៉ែត្រ ស្ពានបេតុង ២៧ កន្លែង គឺ ៧៥១ ម៉ែត្រផងដែរ។
លោកបានបញ្ជាក់បន្ថែមថា៖ «ក្រសួងសាធារណការ និងក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើមិនជាន់គ្នាទេ សូមបញ្ជាក់ជូនថា ក្រសួងអភិវឌ្ឍន៍ជនបទ បំពេញបន្ថែមនូវគម្រោងខ្វះខាតនៅទីជនបទផ្ទាល់ ចំណែកសាធារណការយកផ្លូវធំៗ វែងខ្សែជាប់គ្នា ពីខេត្ត ១ ទៅខេត្ត ១ ស្រុក ១ ទៅស្រុក ១ ឃុំ ១ ទៅឃុំ ១ ប៉ុន្តែអភិវឌ្ឍន៍ជនបទ យកពីឃុំទៅភូមិ»។
លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានឱ្យដឹងថា ក្នុងខេត្តក្រចេះ មានផ្លូវជនបទទាំងអស់ចំនួន ២៥៨ ខ្សែ ប្រវែងសរុប ២ ៣០០ គីឡូម៉ែត្រ ក្នុងនោះផ្លូវដែលបានកែប្រែរួចរាល់ជាផ្លូវក្រាលក្រួសក្រហម និងផ្លូវកៅស៊ូ បានប្រមាណ ២ ១០០ គីឡូម៉ែត្រ នៅសល់តិចតួច ដែលជាផ្លូវដីនៅឡើយមានប្រមាណជិត ១០ ភាគរយហើយផ្លូវទាំងនោះ ជាផ្លូវដែលមិនអាចសាងសង់បានដោយសារឆ្លងកាត់តំបន់ការពារ។
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបញ្ជាក់ថា៖ «ក្រៅពីនេះនៅមានសមិទ្ធផលដទៃទៀត ដូចជាលូបេតុង យើងធ្វើបានសរុប៤៣០កន្លែងហើយកន្លងមកយើងបានធ្វើការថែទាំផ្លូវទាំងខួប និងប្រចាំដែលថែទាំប្រចាំ យើងថែទាំបាន ៧៨០ គីឡូម៉ែត្រ ថែទាំខួប បាន ២២០ គីឡូ នេះទាក់ទងហេដ្ឋារចនាសម្ព័ន្ធជនបទ»៕