ភ្នំពេញៈ ​ក្រសួង​អប់រំ ​យុវ​ជន និង​កីឡា​បាន​ណែនាំ​ឱ្យ​សិស្ស​ដែល​បាន​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ (​បាក់​ឌុប​) និង​សញ្ញា​បត្រ​បច្ចេក​ទេស​និង​វិ​ជ្ជាជីវៈ​កម្រិត​ ៣ ​ដែល​ទទួល​បាន​និទ្ទេស​Aត្រូវ​ធ្វើ​តេស្ត​រហ័ស​រក​មេរោគ​កូវីដ​ ១៩​ ដើម្បី​ចូលរួម​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​លោក​នាយ​ក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​ថ្ងៃទី​ ២ ខែកុម្ភៈ ឆ្នាំ​ ២០២៣​។​

​យោង​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​អប់រំ ​យុវជន​និង​កីឡាចុះ​ថ្ងៃទី​ ៣១ ខែ​មករា​ បាន​ឱ្យដឹង​ថា ក្រសួង​នឹង​រៀបចំ​ពិធី​សំណេះ​សំណាល​ជាមួយ​សិស្ស​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិសម័យ​ប្រឡង​​ថ្ងៃទី ​៥​ ខែធ្នូ ឆ្នាំ ​២០២២ ​និង​សិស្ស​ប្រឡង​ជាប់​សញ្ញា​បត្រ​បច្ចេក​ទេស​និង​វិជ្ជាជីវៈ​កម្រិត​៣សម័យ​ប្រឡង​ថ្ងៃទី​ ២០​ ខែ​តុលា ឆ្នាំ​ ២០២២​ ដែល​ទទួល​បាន​និទ្ទេស A​ នា​ថ្ងៃទី ​២​ ខែ​កុម្ភៈ ក្រោម​អធិបតី​ភាព​លោកហ៊ុន សែន​។

​ក្រសួង​បាន​បញ្ជាក់​ថា «​ដើម្បី​ឱ្យ​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​និង​ទទួល​បាន​ភាព​ជោគ​ជ័យ អ្នក​ចូល​រួម​ទាំង​អស់​ត្រូវ​ទទួល​បាន​ការធ្វើ​តេស្ត​រហ័ស​រក​ជំងឺ​កូ​វីដ​ ១៩ ដោយ​ក្រុម​គ្រូពេទ្យ​នៅថ្ងៃទី​ ១ ខែ​កុម្ភៈ​ ដោយ​បញ្ជាក់​លទ្ធផល​អវិជ្ជ​មាន​ ត្រូវ​បិទ Sticker ដែល​បញ្ជាក់​ថា ​អវិជ្ជ​មាន​ជំងឺ​កូ​វីដ​ ១៩»​។​

​សេចក្តី​ណែនាំ​នេះ​បាន​បន្ត​ថា ​អ្នក​ចូល​រួម​ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្ជួន​នូវ​វិធាន​សុវត្ថិ​ភាព​សុខ​ភាព​របស់​ក្រសួង​សុខា​ភិបាល ​ត្រូវ​ពាក់​បណ្ណ​សម្គាល់​ពេល​ចូល​រួម​ពិធី​ និង​អង្គុយ​តាម​ប្លង់​ដែល​បាន​រៀបចំ​ជូន ហើយ​អ្នក​ចូល​រួម​មិន​អនុញ្ញាត​ឱ្យ​យក​សាក់​កាដូ ឬ​កាបូប​ ដប​ទឹក និង​ភេសជ្ជៈ​ផ្សេងៗ​ចូល​ក្នុង​ពិធី​ ហាម​យក​វត្ថុ​មុត​ស្រួច​ និង​អាវុធ​ជាតិ​ផ្ទុះ​ដែល​អាច​បង្ក​ហានិ​ភ័យ​ក្នុង​ពិធី ​ហាម​ចូលរួម​ពិធី​ក្នុង​ករណី​ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ​ ១៩ ឬ​សង្ស័យថា​ មាន​អាកា​រ​ជំងឺ​កូ​វីដ​ ១៩​ ហាម​បង្ក​សំឡេង​រំខាន​ក្នុង​អំឡុ​ងពេល​ថ្នាក់​ដឹក​នាំ​កំពុង​ថ្លែង​សុន្ទ​រកថា​​។​

​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា លោក ​រស់ សុ​វាចា ធ្លាប់​បាន​លើកឡើ​ង​ថា លោកនា​យក​រដ្ឋមន្ត្រី​ហ៊ុន សែន សម្រេច​ជួប​សំណេះ​សំណាល​ជាមួយ​សិស្ស​ប្រឡង​ជាប់​សញ្ញាប​ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​ឬ​បាក់​ឌុប ​និង​សិស្ស​ប្រឡង​ជាប់​សញ្ញា​បត្រ​បច្ចេក​ទេស ​និង​វិជ្ជាជីវៈ​កម្រិត​៣ ដែល​ទទួល​បាន​និទ្ទេស​ A នៅ​ថ្ងៃទី ​២ ខែកុម្ភៈ ឆ្នាំ​ ២០២៣ នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយ​ចង្វារ​។​

​សូម​បញ្ជាក់​ផងដែរ​ថា លទ្ធ​ផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ (​បាក់​ឌុប​)​ ឆ្នាំ​ ២០២២ មាន​សិស្ស​ជាប់​ចំនួន​ ៩​០ ៩៥០​ នាក់​ ស្មើនឹង ​៧២,៣៣ ​ភាគ​រយ ​ក្នុងនោះ​សិស្ស​និទ្ទេស A ចំនួន​ ១ ០៤៩​ នាក់​,និទ្ទេស​B ចំនួន ​៧​ ២៣២​ នាក់​, និទ្ទេស C ចំនួន​១ ៩ ​០៥៣​ នាក់​, និទ្ទេស D ចំនួន ​៣១​ ១៦៦​ នាក់ និង​និទ្ទេស E ​ចំនួន​ ៣២​ ៤៥០ នាក់​។​

​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​កោត​សរសើ​រ​ចំពោះ​សិស្ស​ដែល​បាន​ប្រឡង​ជាប់​អស់​នេះ ជា​ពិសេស​អ្នក​ដែល​ជាប់​ចំណាត់​ថ្នាក់​និទ្ទេស​ A ទាំង​អស់​នៅ​ឆ្នាំ​ ២០២២ ដែល​លោក​នឹង​ជួប​នៅ​ថ្ងៃទី​ ២ ខែ​កុម្ភៈ​នេះ​ ផង​ដែរ​៕