ភ្នំពេញៈ ​ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក អ៊ូ​អ៊ិ​ណូ អា​តស៊ូ​ហ្ស៊ី ដែល​ទើប​ចូលកាន់​តំណែង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ដែល​សម្រេចបាន​នូវ​សន្តិភាព សុវត្ថិភាព និង​ក្លាយជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​អ្នកទេសចរ​ទូទាំង​ពិភពលោក​។​

ការវាយតម្លៃ​ខ្ពស់​នេះ​ស្របពេល​ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ បានទទួល​ជួប​លោក អ៊ូ​អ៊ិ​ណូ អា​តស៊ូ​ហ្ស៊ី ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា នៅ​ថ្ងៃទី​ ១ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

សេចក្តីប្រកាស​ព័ត៌មាន​ព្រឹទ្ធសភា​ស្តីពី​ជំនួប​ទ្វេភាគី បានឱ្យដឹងថា ក្នុងឱកាស​នោះ​លោក អ៊ូ​អ៊ិ​ណូ អា​តស៊ូ​ហ្ស៊ី បាន​សម្តែង​សេចក្តី​រីករាយ​ដែល​បានមក​បំពេញបេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ប្រ​ទស​មួយ​មាន​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​ណាស់​មកហើយ និង​មាន​វប្បធម៌​ដ៏​សម្បូរបែប មាន​ប្រាសាទអង្គរវត្ត ជា​បេតិកភណ្ឌ​ពិភពលោក ហើយ​លោក​នឹង​ខិតខំ​រួមចំណែក​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​រវាង​សភា រដ្ឋាភិបាល ប្រជាជន និង​ប្រទេស​ទាំង ​២ ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។

លោក​បាន​គូសបញ្ជាក់ថា ប្រទេស​ទាំង​ ២ ជប៉ុន​-​កម្ពុជា ​បាន​កសាង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដែល​មានការ​ជឿទុកចិត្ត​គ្នា តាមរយៈ​ដំណើរការ​ស្វែងរក​សន្តិ​ភាព និង​កសាង​ប្រទេស​ឡើងវិញ ហើយ​ឆ្នាំ​ ២០២៣ ​នេះ ប្រទេស​ទាំង ​២ ប្រារព្ធ​ខួប​អនុស្សាវរីយ​លើក​ទី​៧០​នៃ​ទំនាក់ទំនង​ការទូត ដោយបាន​ដំឡើង​ពី​កម្រិត​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​២ ពី​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​

ជាមួយគ្នានេះដែរ ឯកអគ្គរាជទូត​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ដែល​សម្រេចបាន​សន្តិភាព សុវត្ថិភាព និង​ក្លាយជា​គោលដៅ​ទេសចរណ៍ ទាក់ទាញ​អ្នកទេសចរ​ទូទាំង​ពិភពលោក​។ ប្រភព​ដដែល​បន្តថា​៖ «​ឯកឧត្តម​ឯកអគ្គរាជទូត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​សភា នៃ​ប្រទេស​ទាំង​ ២ ជា​កត្តា​ដ៏​សំខាន់​សម្រាប់​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង ​២ ឈានដល់​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ ទន្ទឹមគ្នានេះ ព្រឹទ្ធសភា​នៃ​ប្រទេស​ទាំង​២ ក៏មាន​ក្រុម​មិត្តភាព​ទ្វេភាគី​ជាមួយគ្នា​ផងដែរ​»​។

ជាការ​ឆ្លើយតប​ប្រធានព្រឹទ្ធសភា​លោក សាយ ឈុំ បាន​ថ្លែង​អរគុណ​ចំពោះ​ប្រសាសន៍​ដ៏​ល្អ​ប្រពៃ​របស់ ឯកអគ្គរដ្ឋទូត​ដែល​បានលើកឡើង​អំពី​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហ​ប្រតិ​ប​តិ​ប​ត្តិ​ការ​ដ៏​ល្អ​រវាង​ប្រទេស​កម្ពុជា​-​ជប៉ុន ព្រមទាំង​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​។

​ព្រម​ជាមួយគ្នានេះ លោក សាយ ឈុំ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​រវាង​អង្គការនីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ ២ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​អន្តរជាតិ​។ លោក មាន​ជំនឿ​ជឿជាក់ថា​ឯកអគ្គរាជទូត​នឹង​ធ្វើជា​ស្ពាន​ចម្លង​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​នៃ​ប្រទេស​ទាំង ​២​។​

លោក សាយ ឈុំ បានបង្ហាញ​ការគាំទ្រ​ចំពោះ​គោលបំណង​របស់​ឯក​អគ្គរាជទូត​ដែល​ចង់​អញ្ជើញ​ទៅ​ទស្សនកិច្ច និង​ជួប​ប្រាស្រ័យ​ជាមួយ​ប្រជាជន​កម្ពុជា​នៅតាម​បណ្តា​ខេត្ត​នានា ដើម្បី​ឈ្វេងយល់​បន្ថែម​អំពី​វប្បធម៌​របស់​ប្រទេស​កម្ពុជា​។

លោក​បាន​គូសបញ្ជាក់ថា​៖ «​កម្ពុជា​ត្រៀមខ្លួន​ជានិច្ច ក្នុង​ការធ្វើ​សហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​ជាមួយ​ឯកឧត្តម ឯកអគ្គរាជទូត ក៏ដូចជា​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រួមចំណែក​ដល់​ការពង្រឹង​ពង្រីក​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ប្រជាជន និង​ប្រទេស​ទាំង​ ២ នាំមក​នូវ​ផលប្រយោជន៍​ដ៏​ធំធេង​ទាំង​ពេលបច្ចុប្បន្ន និង​ពេលអនាគត​»​។​

ប្រធានព្រឹទ្ធសភា​កម្ពុជា ក៏បាន​ជម្រាបជូន​ឯកអគ្គរាជទូត​ជប៉ុន​ផងដែរ​ថា បចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ និង​កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​សុវត្ថិភាព​ជាទីបំផុត​។​ ​បន្ថែម​ពីនេះ​លោក សាយ ឈុំ បានកត់សម្គាល់​ដោយ​សេចក្តី​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ ២ ដែល​បាន​វិ​វ​ឌ្ឍ​ពី​កម្រិត “​ដៃគូ​យុទ្ធសាស្ត្រ​” នៅ​ឆ្នាំ​ ២០១៣​ ទៅជា​កម្រិត “​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​”​ក្នុង​ឆ្នាំ​ ២០២៣ ​នេះ ស្របពេល​នឹង​ការ​ប្រារព្វ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ជប៉ុន​។

លោក​បន្តថា​៖ «​រូបលោក​ផ្ទាល់ ក៏ដូចជា​ប្រជាជន​កម្ពុជា បាន​សម្តែង​នូវ​ការអបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​រវាង​កម្ពុជា​-​ជប៉ុន និង​ការដំឡើង​កម្រិត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ជប៉ុន​ទៅជា ”​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​។

ពាក់ព័ន្ធ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ជប៉ុន​នេះដែរ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា​លោក យង់ ពៅ មានប្រសាសន៍ថា កម្ពុជា​និង​ជប៉ុន​បាន​ដំឡើង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រហូតដល់​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​គឺជា​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។​

លោក​ថា​៖ «ឆ្នាំនេះ​កម្ពុជា​និង​ជប៉ុន បាន​ប្រារព្វ​ខួប ៧០ ​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត ស្របពេល​ភាគី​ទាំង ​២ ក៏​ដំឡើង​កិច្ចសហប្រតិបត្តិការ​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ទ្វេភាគី​ផងដែរ​»៕