ភ្នំពេញៈ ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ដឹកនាំ​ដោយ​សមាគម​គ្រូបង្រៀន​ផ្ដើម​ធម្ម​យាត្រា​ដោយមានអ្នកចូលរួម​ប្រមាណ ​៥០​ នាក់​ ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី ​១​ កុម្ភៈ​ ឆ្ពោះទៅ​ខេត្តពោធិ៍សាត់​ ដើម្បី​ទាមទារ​ឱ្យរដ្ឋាភិបាល ធ្វើការ​កែលម្អ​សីលធម៌​សង្គម​។​ យោងតាម​សេចក្ដីថ្លែងការណ៍​រួម​របស់​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចេញផ្សាយនៅថ្ងៃទី​ ១ ខែកុម្ភៈ ឆ្នាំ​ ២០២៣​។​

​អ្នកចូលរួមដង្ហែ​ធម្ម​យាត្រា​ ទាមទារឱ្យ​អ្នកនយោបាយ​ខ្មែរ គ្រប់ភាគី​ងាក​មករក​ការផ្សះផ្សា​ជាតិ និង​ការ​ប្រ​កួត​ប្រជែង​គ្នា​ប្រកបដោយ​សីលធម៌ ក្នុងនាម​ជា​មនុស្សជាតិ​ ​អ្នកមានអំណាច​ត្រូវ​បញ្ឈប់​ការរំលោភបំពាន​មកលើ​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់ ដោះលែង​អ្នក​ជាប់ឃុំ​មនសិការ​ទាំងអស់​ដើម្បី​បង្ហាញ​អំពី​ភាតរភាព និង​សាមគ្គី​ជាតិខ្មែរ​និង​ខ្មែរ​ ឱ្យប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​បញ្ឈប់​ការប្រកាន់​បក្សពួកនិយម ហើយ​ងាក​មក​សាមគ្គី និង​មាន​មេត្តាចិត្ត ក្នុងនាម​ខ្មែរ​មហានគរ។​

ទីប្រឹក្សា​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​គឺ​លោក រ៉ុង ឈុន បាន​ថ្លែងថា ការធ្វើ​ធម្ម​យាត្រា​នេះ ចង់ឱ្យ​រាជរដ្ឋាភិបាល ធ្វើការ​កែលម្អដោយត្រូវ​បញ្ឈប់​សកម្មភាព​ការរំលោភបំពាន​ទៅលើ​អ្នក​ដែល​ទន់ខ្សោយ​នៅក្នុង​សង្គម​ខ្មែរ​តទៅទៀត​អ្នកនយោបាយត្រូវឈប់​ប្រើប្រាស់​តុលាការ ដើម្បី​រំលោភបំពាន​ទៅលើ​អ្នកទោសនយោបាយ និង​ទាមទារ​ឱ្យ​ដោះលែង​ពួកគេ។

លោក រ៉ុង ឈុន ថ្លែងថា៖ «​សូម​ឱ្យ​បារមី​លោកយាយ​ពេញ ចូល​សណ្ឋិត ក៏ដូចជា​ថែរក្សា​ដល់​អ្នកនយោបាយ​ខ្មែរ​ហ្នឹង ឱ្យ​បន្ទន់ចិត្ត ឱ្យ​ចេះ​ជជែក​គ្នា ចៀសវាង​យក​អំពើហិង្សា ធ្វើការ​ទៅតាម​អារម្មណ៍ ត្រូវតែ​ងាក​មក​មើល​ច្បាប់ ហើយ​បើក​លម្ហ​សេរីភាព ហើយ​អ្នកនយោបាយ​ប្រកួតប្រជែង​ឱ្យស្មើៗ​គ្នា ក៏ដូចជា​សហជីព សមាគម ឱ្យមាន​សិទ្ធិសេរីភាព ក៏ដូចជា​ពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិសេរីភាព​ទាំងអស់គ្នា ហើយ​ងាក​មក​គិត​ទាំងអស់គ្នា មុន​និយាយស្តី ឱ្យ​គិតពី​សីលធម៌ ចៀសវាង​ប្រើពាក្យ​អសុរោះ​»​។​

លោកស្រី អ៊ុក ឆា​យ៉ា​វី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ថ្លែងថា អ្នកចូលរួម​ដង្ហែ​ធម្ម​យាត្រា​តម្រូវឱ្យ​ប្រើប្រាស់​ភាសា​សមរម្យ នៅពេល​មានការ​ស្រែក​តាម​​ផ្លូវ​ធ្វើ​ធម្ម​យាត្រា​។

លោកស្រីថ្លែងថា ការ​ធ្វើ​ធម្ម​យាត្រា​ទាំងនេះ​ព្រោះមើលឃើញថា មនុស្សមួយចំនួនក្នុងសង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ កំពុង​ជួបប្រទះ​នឹង​ស្ថានភាព​អសីលធម៌​ខ្លាំង សូម្បីតែ​ថ្នាក់ដឹកនាំ​កំពូល ក៏​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ​ដែរ​។​

អ្នកស្រី ​អ៊ុក ឆា​យ៉ា​វី​ថា​៖ «​អ៊ីចឹង​ក្នុងនាម​យើង​ជា​សមាគម​គ្រូបង្រៀន​ឯករាជ្យ យើង​ចង់ឃើញ​ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់​ចេះ​រួម​សាមគ្គី ហើយ​ប្រើ​ភាសា​ពិ​រោះ​ពិសា​ជាមួយគ្នា ដើម្បី​ជា​កាល​មួយ​ឱ្យ​យុវជន​បន្តវេន​គាត់​ធ្វើតាម​យើង​»​។​

លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែងថា ការជួបជុំ​សម្ដែង​មតិ​នេះ វា​គឺជា​សិទ្ធិ​របស់​ពួកគេ ប៉ុន្តែ​ក្រុម​ពួកគេនោះ អ្នកណា​ក៏​ដឹង​ដែរ ថា​ជាក្រុម​ធ្វើ​សកម្មភាព​បម្រើ​ឱ្យ​គណបក្សនយោបាយ ដែល​កន្លងមក​សកម្ម​ភាព​របស់​ពួកគេមាន​ច​រិ​ត​បែប​ញុះ​ញ​ង់ ហើយក៏​មិនសូវ​គោរព​តាម​ការណែនាំ​របស់​សម​ត្ថ​កិច្ច និង​មិនគោរព​តាម​គោលការណ៍​នីតិវិធី​ច្បាប់​ដែរ​។​

លោក ជិន ម៉ា​លីន ថ្លែងថា​៖ «​ដូច្នេះ​ការ​ដង្ហែ​នេះ ពួកគាត់​មាន​សិទ្ធិ​ធ្វើ ប៉ុន្តែ​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច អ៊ីចឹង​បើសិន​ធ្វើ​សកម្មភាព​ទាំងឡាយណា​ដែល​បំពាន​ទៅលើ​គោលការណ៍​ច្បាប់ ទៅលើ​នី​តី​ច្បាប់ និង​ការណែនាំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​ឈានទៅដល់​ការប្រកប​ភាពចលាចល បង្ក​បាតុភាព​នៃ​ការ​ញុះ​ញ​ង់​ផ្សេងៗ អាហ្នឹង អាច​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ ជាយថាហេតុ​ណាមួយ​»​។​

​ធម្ម​យាត្រា​របស់​ក្រុម​សង្គម​ស៊ីវិល​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ដោយ​គ្រោង​បញ្ចប់​នៅត្រឹម​ខេត្តពោធិ៍សាត់​។ ​ធម្ម​យាត្រា​នេះ​ក៏បាន​ទទួល​ការអនុញ្ញាត​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រួចហើយ​ដែរ​៕