ភ្នំពេញៈ មន្ត្រី​ជំនាញ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​ស៊ីម៉ាក់ ចំនួន ៦០០​ នាក់ រួម​ នឹង​សុនខ​ហិត​មីន​ចំនួន​ ១៣ ក្រុម ចាប់ផ្តើម​បើក​ប្រតិបត្តិការ​បោសសម្អាត​មីន​ក្នុង​ខេត្ត​ចំនួន ៥ ដើម្បី​ឈានដល់​គោលដៅ​សម្រេច​ឱ្យបាន​នូវ​ផ្ទៃដី​កម្ពុជា​គ្មាន​មីន​ត្រឹម​ឆ្នាំ ២០២៥​។​

អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (CMAC)​ លោក ហេង រតនា នៅ​ព្រឹក​ថ្ងៃទី ​១ ខែកុម្ភៈ​នេះ បាន​ចូលរួម​ធ្វើជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី និង​កម្លាំង​ប្រតិបត្តិការ​ក្នុង​គម្រោង​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥ និង​ប្រកាស​បើក​ប្រតិបត្តិការ​បោ​សម្អាត​មីន​ក្នុង​គម្រោង “​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥”​។ ពិធី​សំណេះសំណាល​នេះ​រៀបចំឡើង នៅ​សារមន្ទីរ​សន្តិភាព​សក​ម្ម​ភាព​មីន ខេត្តសៀមរាប​។​

​លោក ហេង រតនា ឱ្យដឹងថា​៖«​ប្រតិបត្តិការ​នេះ​នឹង​អនុវត្ត​ក្នុង​ខេត្តកំពង់ធំ ប៉ៃលិន ព្រះវិហារ ពោធិ៍សាត់ និង​ខេត្តសៀមរាប ជាមួយនឹង​ផែនការ​រំដោះ​ផ្ទៃដី​ចំនួន​ ១០ ៦០០​ ហិកតា​ហើយ​ និង​មាន​កម្លាំងជំនាញ​នានា​របស់​អង្គភាព​ស៊ីម៉ាក់​ចំនួន​ជិត​ ៦០០​ នាក់ ក្នុងនោះ​មាន​សុនខ​ហិត​មីន​ចំនួន​១៣​ក្រុម កងអនុសេនាតូច​គ្រឿងចក្រ​ចំនួន​២១​កង និង​ក្រុម​ស្រាវជ្រាវ​ និង​បោសសម្អាត​មីន​ចំនួន​៣៦​ក្រុម​»​។​

​លោក​ឱ្យដឹងថា បច្ចុប្បន្ន​ស៊ីម៉ាក់​ទទួល​បាន​ថែមទៀត​នូវ​គម្រោង​មូលនិធិ​កម្ពុជា​គ្មាន​មីន​សម្រាប់​បោសសម្អាត​មីន​ក្នុង​ខេត្ត​ចំនួន ៥​ក្នុងនោះ​ការ​បោសសម្អាត​នៅ​ខេត្តសៀមរាប មាននៅ​ស្រុក​អង្គរជុំ ស្រុក​ស្វាយ​លើ និង​ស្រុក​វ៉ារិន ដែលមាន​ផ្ទៃដី​សុ​រប ២ ៥១៨ ហិកតា ខេត្តកំពង់ធំ មាននៅ​ស្រុក​ស្វាយ ស្រុក​ប្រាសាទ​បា​ល័​ង្ក ស្រុក​សន្ទុក និង​ស្រុក​ស្ទោង​មាន​ផ្ទៃដី​សរុប ៣៨៦០ ហិកតា​ខេត្តព្រះវិហារ មាននៅ​ស្រុក​ជ័យ​សែន ស្រុក​គូ​លេន ព្រះវិហារ ស្រុក​រវៀង ស្រុក​សង្គម​ថ្មី និង​ស្រុក​ត្បែងមានជ័យ មាន​ផ្ទៃដី​សរុប ១ ១៣៧ ហិកតា។ ខេត្ត​ប៉ៃលិន មាននៅ​ស្រុក​សាលា​ក្រៅ និង​ស្រុក​ប៉ៃលិន ផ្ទៃដី ១ ៧៦០ ហិកតា និង​ខេត្តពោធិ៍សាត់ មាននៅ​ស្រុក​កណ្តៀង ស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង ដែលមាន​ផ្ទៃដី​សរុប ១ ៤៥៥ ហិកតា​។​

​ លោក ហេង រតនា បានឱ្យដឹង​ទៀតថា​ដោយឡែក​ចម្ការមីន​ក្នុង​ខេត្តកំពង់ស្ពឺ​នៅសល់​ចំនួន ៨​កន្លែង​ទៀត ស្មើនឹង ៥០​ហិកតា កំពុង​បន្ត​បោសសម្អាត បើតាម​ផែនការ​គ្រោងទុក​នឹង​បញ្ចប់​ចម្ការមីន​ក្នុង​ខេត្ត​នេះ​ត្រឹម​ថ្ងៃទី​១០ ​ខែកុម្ភៈ ឆ្នាំ២០២៣​។​

កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ ២០២៣ អាជ្ញាធរ​មីន បាន​ចុះហត្ថលេខា​ជាមួយនឹង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) និង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​បោសសម្អាត​មីន​ក្នុង​ទំហំ​ផ្ទៃដី​សរុប​ប្រមាណ ១៨០ ២៧៨ ៨១៧ ម៉ែត្រក្រឡា ដោយ​ប្រើប្រាស់​ថវិកា​សរុប​ចំនួន ៣០លាន​ដុល្លារ​សហ​អាមេរិក តាមរយៈ “​មូលនិធិ​កម្ពុជា​គ្មាន​មីន ឆ្នាំ​២០២៥” និង​គ្រប់គ្រង​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។​

ថវិកា​នេះ នឹង​ត្រូវបាន​បែងចែក​ទៅដល់ កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ធ្វើការ​បោសសម្អាត​លើ​ផ្ទៃដី​ប្រមាណ ៤៦ ៨៤៣ ៧៤០ ម៉ែត្រក្រឡា នៅក្នុង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ និង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម ដើម្បី​ធ្វើការ​បោសសម្អាត​មីន​លើ​ផ្ទៃដី​ប្រមាណ ២៧ ១១០ ៦៩៧ ម៉ែត្រក្រឡា នៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ​ ស្រុក​គិរីសាគរ និង​ស្រុក​កោះកុង ខេត្តកោះកុង​ និង​ខេត្តមណ្ឌលគិរី​។ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ដើម្បី​ធ្វើការ​បោសសម្អាត​លើ​ផ្ទៃដី​ប្រមាណ ១០៦ ៣២៤ ៣៨០ ម៉ែត្រក្រឡា នៅក្នុង​ខេត្តកំពង់ធំ​ ខេត្ត​ប៉ៃលិន​ ខេត្តព្រះវិហារ​ ខេត្តពោធិ៍សាត់ ​និង​ខេត្តសៀមរាប៕